ខ្មែរប៉ុស្ដិ៍ Close

ក្រុមតាំងខ្លួនសេរីនិយម ក្បត់មនសិការនយោបាយប្រជាធិបតេយ្យខ្លួនឯង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 20
ក្រុមតាំងខ្លួនសេរីនិយម ក្បត់មនសិការនយោបាយប្រជាធិបតេយ្យខ្លួនឯង ក្រុមតាំងខ្លួនសេរីនិយម ក្បត់មនសិការនយោបាយប្រជាធិបតេយ្យខ្លួនឯង

ថ្មីៗនេះក្រុមអ្នកនយោបាយសេរីនិយមមួយក្រុម ភាគច្រើនមកពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យលោកខាងលិច បានចេញលិខិតចំហមួយ មានចរិកលក្ខណៈវាយប្រហារយ៉ាងក្រអឺតក្រទមមកលើរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយធ្វើការអំពាវនាវឱ្យចុះចេញពីអំណាច ស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងគោរពឆន្ទៈរបស់ក្រុមភាគតិច ដែលពួកគេហៅថា ក្រុមប្រឆាំងក្រៅសភាទៅវិញ។

ឆ្លើយតបទៅនឹងពួកអ្នកនយោបាយសេរីនិយម ដែលបានលើកឡើងអំពីការស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដែលប្រាសចាកពីតថភាពជាក់ស្តែង និងការពិត អំពីការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ផ្ទុយទៅវិញ សម្រាប់បរិបទកម្ពុជាបច្ចុប្បន្ននេះ តម្រូវឱ្យមានការពង្រឹងការអនុវត្តច្បាប់ឲ្យបានហ្មត់ចត់ និងមឺងម៉ាត់បំផុត ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់សង្គម ដូច្នេះហើយ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យត្រូវឈរលើនីតិរដ្ឋយ៉ាងរឹងមាំ។

ការពិតមួយតាមគោលការណ៍ប្រជាធិបតេយ្យដែលពួកអ្នកនយោបាយសេរីនិយមទាំងនោះ គួរទទួលស្គាល់តថភាពមួយ ដែលបង្ហាញថា លោក ហ៊ុន សែន គឺ ជានាយករដ្ឋមន្ត្រីស្របច្បាប់ កើតចេញពីការបោះឆ្នោត និងទទួលបានការផ្តល់ការទុកចិត្តពីអ្នកបោះឆ្នោតកម្ពុជាជាង83% ដែលបានបន្តគាំទ្រលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំប្រទេស។ ដូច្នេះ ពួកអ្នកនយោបាយសេរីនិយមទាំងនោះ ត្រូវគោរពតាមឆន្ទៈរបស់អ្នកបោះឆ្នោតកម្ពុជាជាង83% ដែលបានបោះឆ្នោតគាំទ្រលោកនាយករដ្ឋមន្រ្តីបន្តដឹកនាំប្រទេស មិនមែនសុខៗទាមទារឲ្យនាយករដ្ឋមន្រ្តីជាប់ឆ្នោយចុះចេញពីតំណែងស្រួលៗនោះទេ ហើយច្បាប់កម្ពុជា គឺ រដ្ឋសភាកម្ពុជាអ្នកបោះឆ្នោតដកសេចក្តីទុកចិត្ត ដើម្បីគណៈរដ្ឋមន្ត្រីមួយត្រូវរំលាយ ឬ ចុះចេញតាមនីតិវិធីច្បាប់ត្រឹមត្រូវ។

តើពួកអ្នកនយោបាយសេរីនិយមទាំងនោះ ក្នុងមនសិកាប្រជាធិបតេយ្យពិតប្រាកដរបស់ពួកគេ គួរគោរពតាមឆន្ទៈ និងសិទ្ធិស្វ័យសម្រចរបស់ប្រជាជនក្នុងរដ្ឋអធិបតេយ្យមួយឬទេ ខណៈដែលពួកគេសុទ្ធសឹងជាអ្នកនយោបាយមកពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ យកប្រជាជនជាធំ ហើយសម្លេងភាគតិចត្រូវគោរពសម្លេងភាគច្រើនក្នុងការដឹកនាំតាមបែបប្រជាធិបតេយ្យ។

វាជាការគួរឱ្យអៀនខ្មាស់បំផុត ដែលពួកអ្នកនយោបាយសេរីនិយមទាំងនោះ តាំងខ្លួនជាអ្នកសេរីនិយមសូត្រទ្រឹស្តីអំពីមនុស្ស និងលទ្ធិប្រជាធិបតេយ្យពេញៗមាត់ ក៏ប៉ុន្តែ ពួកគេបែរជាមិនបានទទួលស្គាល់ការពិតជាក់ស្តែង អំពីវប្បធម៌ និងបរិបទសង្គមនយោបាយនៅកម្ពុជាបច្ចុប្បន្ននោះទេ។ ពួកគេនិយាយតែពីឆន្ទ:របស់សម្លេងក្រុមភាគតិចឋិតនៅក្រៅសភា ហើយមិនដែលបាននិយាយអំពីសម្លេងភាគច្រើនក្នុងសភាកំពុងដឹកនាំ ដែលជាលទ្ធផលកើតចេញពីការបោះឆ្នោតប្រជាធិបតេយ្យកន្លងមក ក្នុងនោះ អ្នកបោះឆ្នោតជាង៨៣% បានសម្រេចបោះឆ្នោតគាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដឹកនាំរដ្ឋាភិបាល។

ដូច្នេះ តើពួកអ្នកនយោបាយសេរីនិយមទាំងនោះ ពិតបានព្រមទទួលយកតាមគោលការណ៍ប្រជាធិបតេយ្យមួយដែលកំណត់ថា សម្លេងភាគច្រើនត្រូវដឹកនាំ ហើយសម្លេងភាគតិច ត្រូវគោរពតាមសម្លេងភាគច្រើនឬទេ? នេះជារឿងដ៏គួរអស់សំណើច ក្នុងការពិតមួយដែលពួកគេកំពុងក្បត់មនសិកានយោបាយប្រជាធិបតេយ្យដោយខ្លួនឯងយ៉ាងប្រាកដ៕
ដោយ ឡុង បូរិតា

អត្ថបទទាក់ទង