ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមព្រឹត្តិការណ៍សំខាន់ ២ នៅប្រទេសចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 179
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមព្រឹត្តិការណ៍សំខាន់ ២ នៅប្រទេសចិន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមព្រឹត្តិការណ៍សំខាន់ ២ នៅប្រទេសចិន

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមព្រឹត្តិការណ៍សំខាន់ ២ នៅសាធាណរដ្ឋប្រជាមានិតចិន រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។

តបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ Wei Fenghe ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងចូលរួម​ព្រឹត្តិការណ៍សំខាន់២ រួមមាន៖

១) ចូលរួមពិធីបើកការប្រកួតកីឡាយោធាពិភពលោក លើកទី៧ ដែលនឹងប្រារព្ធនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង អ៊ូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ហើយព្រឹត្តិការណ៍ប្រកួតកីឡាយោធាពិភពលោក លើកទី៧នេះ រៀបចំឡើងក្រោមប្រធានបទ «ការចែករំលែកមិត្តភាព និងលើកកម្ពស់សន្តិភាព»។

២) បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងចូលរួមវេទិកា «សៀងសាន ប៉េកាំង លើកទី៩» (9th Beijing Xiangshan Forum) ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងវេទិកា សៀងសាន លើកទី៩នេះ ​លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ត្រូវបានអញ្ជើញឡើងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពេញអង្គទី៣ ក្រោមប្រធានបទ «ផលប្រយោជន៍ នៃប្រទេសតូច និងមធ្យម និងសន្តិសុខរួមគ្នា»។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការជួបពិភាក្សាទ្វេភាគី ជាផ្លូវការជាមួយសមភាគីនាយឧត្តមសេនីយ៍ Wei Fenghe ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ផងដែរ៕

អត្ថបទទាក់ទង