ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលត្រូវការថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីបង្កើនការអភិវឌ្ឍតំបន់ដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 60
រាជរដ្ឋាភិបាលត្រូវការថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីបង្កើនការអភិវឌ្ឍតំបន់ដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច រាជរដ្ឋាភិបាលត្រូវការថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីបង្កើនការអភិវឌ្ឍតំបន់ដែលកំពុងមានសក្តានុពលសេដ្ឋកិច្ច

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានមានប្រសាសន៍ថារាជរដ្ឋាភិបាលត្រូវការថវិកាប្រមាណ ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូនៅក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ។ លោកនាយករដ្ឋមន្រ្ដី បានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុពីព្រោះរាជរដ្ឋាភិបាលចង់ប្រែក្លាយខេត្តព្រះសីហនុឲ្យទៅជាខេត្តមួយដ៏សំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។ នេះបើយោងតាមការបង្ហាញប្រាប់ពីលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី។

សូមបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី បានអនុញ្ញាតឲ្យលោក Li Yong (លី យ៉ុង) អគ្គនាយកអង្គការអភិវឌ្ឍឧស្សាហកម្មនៃអង្គការសហប្រជាជាតិ(UNIDO)ចូលជួបពិភាក្សាការងារនៅទីក្រុងប៊ុយដាប៉េសប្រទេសហុងគ្រី។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ឲ្យដឹងបន្ថែមក្រោយចប់ជំនួបនោះលោក លី យ៉ុង បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា​ លោកពិតជាមានកិត្តិយសដែលបានជួបជាមួយលោកនាយករដ្ឋមន្រ្ដី​ នៅពេលនេះជាឱកាសដែលលោកអាចសម្តែងការគោរពនិងសម្តែងការគួរសមជូនលោកនាយករដ្ឋមន្ត្រី។

លោក​ ក៏បានគូសបញ្ជាក់ផងដែរថា លោកចង់រាយការណ៍ជូន លោកនាយករដ្ឋមន្រ្ដី ថាលោកបានជួបជាមួយអភិបាលនៃទីក្រុងសិនជិនប្រទេសចិនហើយទីក្រុង សិនជិនចង់សហការជាពិសេសជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតគម្រោងថ្មីនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ នៅក្នុងជំនួបនោះលោក ក៏បានកោតសរសើរចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងគាំទ្រដល់ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជាលើគម្រោងផ្សេងៗដែលបានសហការជាមួយគ្នា។

នៅក្នុងជំនួបនោះ​ លោក ក៏បានសុំការណែនាំពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ត្រីថា​ តើអង្គការ UNIDO អាចបន្តជួយអ្វីខ្លះទៀតដល់ប្រទេសកម្ពុជា។​ លោកនាយករដ្ឋមន្រ្ដី ក៏បានអរគុណដល់អគ្គនាយកអង្គការ UNIDO ដែលបច្ចុប្បន្នអង្គការនេះមានដៃគូជាច្រើនរួមទាំងដៃគូនៅប្រទេសកម្ពុជាផងដែរ ។ ថ្វីត្បិត អង្គការនេះមានដៃគូច្រើនតែអ្វីដែលសំខាន់លោកនាយករដ្ឋមន្ត្រី​ ស្នើឲ្យអង្គការនេះជួយទៅលើគោលនយោបាយពីរដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្ត ទុកដាក់ដែលទី១៖ ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍គោលនយោបាយផលិតកម្មអង្ករដើម្បីនាំចេញ និងទី២៖ អនុវត្តន៍គោលនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ហើយអង្គការ UNIDO ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយនេះ។

លោកនាយករដ្ឋមន្រ្ដី ក៏បានគូសបញ្ជាក់ផងដែរថា​ ខេត្តព្រះសីហនុដែលជាខេត្តសំខាន់និងជាខេត្តដែលកំពុងតែត្រូវការការគាំទ្រដោយសារតែខេត្តនេះកំពុងឆ្លងកាត់ការអភិវឌ្ឍជាពិសេសទៅលើវិស័យសេវាផ្សេងៗទៀតដោយសារកន្លងមកនេះខេត្តព្រះសីហនុបានរងគ្រោះដោយសារគ្រោះទឹកជំនន់ និងមានការ អភិវឌ្ឍដ៏ឆាប់រហ័សផងធ្វើឲ្យតម្រូវការចាំបាច់គឺការគ្រប់គ្រងនៃទឹកកខ្វក់និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុនេះ។

លោកនាយករដ្ឋមន្រ្ដី ក៏បានស្នើឲ្យអង្គការ UNIDO បន្តជួយដល់គម្រោងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោក​ ក៏បានបញ្ជាក់ថានៅពេលនេះចំនួននៃការសាងសង់នៅខេត្តព្រះសីហនុមានច្រើនឡើងៗ​ ដូច្នេះតម្រូវការរបស់កម្ពុជាត្រូវតែផ្តល់អាទិភាពជាពិសេសមិនត្រឹមតែការគ្រប់គ្រងទឹកកខ្វក់ទេគឺវិស័យអគ្គិសនីផងដែរដែលកំពុងមានតម្រូវការកាន់តែច្រើនឡើង។

លោកអគ្គនាយកនៃអង្គការ UNIDO បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី​ ផងដែរថាលោកពិតជារីករាយណាស់ដែលកម្ពុជាកំពុងមានការអភិវឌ្ឍនិងមានផែនការនៃគម្រោងទាំងឡាយដែលនេះជាស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែមានកំណើនជាច្រើនហើយតម្រូវការក៏កើនឡើងលើវិស័យអគ្គិសនីការគ្រប់គ្រងទឹកកខ្វក់ជាពិសេសការជំរុញនយោបាយឧស្សាហកម្មក៏ដូចជាការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច។

លោក ក៏បានបញ្ជាក់ថាលោកគ្រោងធ្វើទស្សកិច្ចនៅកម្ពុជានៅឆ្នាំក្រោយនិងចង់ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុហើយលោកសន្យានឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិនជាពិសេសពីខេត្តសិនជិនតែម្តងដើម្បីផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍកម្ពុជា។ លោកបានសន្យានឹងជួយជំរុញឲ្យធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ីដើម្បីគាំទ្រគម្រោងនៅប្រទេសកម្ពុជា ។ លោកបានបញ្ជាក់ថាអង្គការ UNIDO អាចដើរតួនាទីក្នុងការសម្រប សម្រួលជួយដល់កម្ពុជាព្រោះតែកម្ពុជាត្រូវការកសាងនូវព្រលានយន្តហោះផ្លូវល្បឿនលឿន ផ្លូវដែក ដែលទាំងនេះមានសារះសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ។ លោកពិតជារីករាយចំពោះការអភិវឌ្ឍថ្មីរបស់កម្ពុជាដែលទាមទារឲ្យមានយុទ្ធសាស្ត្រពេញលេញនេះ។ លោកបានបញ្ជាក់ថាអង្គការ UNIDO មានថាមពល ក្នុងការបន្តជួយដល់លោកនាយករដ្ឋមន្ត្រីនិងប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានប្រៀបធៀបថាខេត្តព្រះសីហនុជាខេត្តមួយសំខាន់ប្រៀបដូចជាបុប្ផាលាក់ខ្លួនដែលជាខេត្តកំពុងមានសក្តានុពលខ្លាំង និងកំពុងតែជំរុញការអភិវឌ្ឍហើយអ្វីដែលខេត្តសិនជិនគ្មានគឺខេត្តព្រះសីហនុមានជាពិសេសបណ្តាកោះនិងបណ្តារីស៊តថ្មីៗដែលអាចទាក់ទាញនូវទេសចរណ៍សំខាន់ៗ ៕

អត្ថបទទាក់ទង