តំណាងអយ្យការខេត្តក្រចេះ សម្រេចចោទប្រកាន់ស្ត្រីម្នាក់ពីបទរួមគំនិតក្បត់ជាមួយក្រុមឧទ្ទាម សម រង្ស៊ី
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការសម្រេចចោទប្រកាន់លើឈ្មោះ ទ្រី ស៊ាងអ៊ី ភេទស្រីអាយុ ៣៨ឆ្នាំ ពីបទ រួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់លើឈ្មោះ ទ្រី ស៊ាងអ៊ី បានធ្វើឡើងបន្ទាប់ពីជនត្រូវចោទរូបនេះ បានបង្ហោះសារលើគណនីបណ្តាញសង្គម Facebook ឈ្មោះ «ស៊ាងអ៊ី ត្បូងឃ្មុំ ស្រលាញ់» បង្ហាញពីគម្រោងចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល នៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមឧទ្ទាម សម រង្ស៊ី និងបក្ខពួក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការរបស់ក្រុមឧទ្ទាម សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវប្រឈមការចោទប្រកាន់ និងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទរួមគំនិតក្បត់ ដែលអាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕