ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្ត​អ្នក​អាន៖​ ទណ្ឌិត​រត់​ចោល​ស្រុក​ បន្ត​​បោក​​ប្រាស់​​ឱ្យ​ប្រជា​ពល​រដ្ឋ​​​ប្រឈម​​​មុខ​​នឹង​​ច្បាប់​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 58
ទស្សនៈ​មិត្ត​អ្នក​អាន៖​ ទណ្ឌិត​រត់​ចោល​ស្រុក​ បន្ត​​បោក​​ប្រាស់​​ឱ្យ​ប្រជា​ពល​រដ្ឋ​​​ប្រឈម​​​មុខ​​នឹង​​ច្បាប់​ ទស្សនៈ​មិត្ត​អ្នក​អាន៖​ ទណ្ឌិត​រត់​ចោល​ស្រុក​ បន្ត​​បោក​​ប្រាស់​​ឱ្យ​ប្រជា​ពល​រដ្ឋ​​​ប្រឈម​​​មុខ​​នឹង​​ច្បាប់​

បន្ទាប់​​​ពី​​​ការ​​​ប្រើ​​​សារ​​​ន​យោ​​បាយ​​​ភូត​​​កុហក​​​ប្រ​​ជា​​ពល​រដ្ឋ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​ អំពី​​គម្រោង​​ការ​​វិល​​ចូល​​​ស្រុ​ក​​របស់​​ខ្លួន​​​​​​មិន​​​ទទួល​​បាន​​ជោគ​​ជ័​យ​​មក​​ ទណ្ឌិត​​រត់​​ចោល​​ស្រុក​​ សម រង្ស៊ី​ មិន​អៀន​ខ្មាស់​ក្នុង​ការ​បន្ត​​ក្បួន​​ភូត​កុហក​បោក​ប្រាស់​​របស់​ខ្លួន​តទៅ​ទៀត​ឡើយ​​ហើយ​បាន​ប្រកាស​បោក​ប្រាស់​ប្រជាពលរដ្ឋ​​ថា​​ខ្លួន​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ​សារ​ជាថ្មី​ទៀត​។

តាម​ការ​ពិត​ ផ្អែក​តាម​លក្ខណៈ​វិនិច្ឆ័យ​ជា​ច្រើន​ដែល​ក្រុម​អ្នក​វិភាគ​នៅកម្ពុជាធ្លាប់​​បាន​វាយ​តម្លៃ​កន្លង​​មក​​ដូច​ជា​ ការ​​គាំ​​ទ្រ​នៅ​ក្នុង​ប្រទេស​​​​​នៅមាន​​សេស​សល់​តែ​បន្តិច​បន្តួច​ រួម​ផ្សំ​ជាមួយ​នឹង​ការ​គាំ​ទ្រ​របស់​បរទេស​នៅ​ខាង​ក្រៅ​ក៏​មាន​តិច​តួច​ ប្រភព​ថវិកា​ដែល​ប្រមូល​បាន​ពី​ការ​បោក​ប្រាស់​ក៏​ស្តួចស្តើង​ បញ្ហា​សុខភាព​ព្រម​ទាំង​វ័យ​​កាន់​​តែ​​ចាស់​​នៅ​​ក្នុង​​ជី​វិត​នយោបាយ​ ដែល​ទទួល​តែ​ការ​បរា​ជ័យ​​​ស្ទើរ​ពេញ​មួយជីវិត​​​ រួម​​នឹង​​ចំណង​​បញ្ហា​​​​គ្រួ​សារ​ ​និង​​ជាពិសេស​លក្ខ​ខណ្ឌ​អំណោយ​ផល​ក្នុង​ការ​ត្រឡប់​មក​វិញ​ប្រកប​ដោយ​សុវត្ថិភាពមិន​មាន​​ដូច​កាលត្រឡប់​មក​​លើក​​មុនៗ​នោះ​​ (ការ​លើក​​លែង​​ទោស​​ពី​ព្រះ​​មហាក្សត្រ​)​​​​​ គេអាចដឹងមុនយ៉ាង​ច្បាស់​ថា សម រង្ស៉ី នឹង​មិន​វិល​ត្រឡប់​មក​កម្ពុជា​តាម​ការ​សន្យា​នោះ​ឡើយ​ ព្រោះគាត់ជាមនុស្សកំសាក និង​ខ្លាច​ជាប់​គុក​ជា​ទី​បំផុត​។

​ជា​ការ​គិត​លេង​ៗ​​របស់​ខ្ញុំ​ ខ្ញុំ​យល់​​ថា ការ​កំណត់​យក​ថ្ងៃ​ទី​៩​ វិច្ឆិកា​​ គឺ​គ្រាន់​តែ​ជាសារ​នយោ​បាយ​ញុះ​ញង់​​ ដើ​ម្បី​​​វាស់​​ស្ទង់​​កម្លាំង​គាំ​ទ្រ​នៅក្នុង​ស្រុក​ដែល​នៅ​សេសសល់​ ក្នុង​គោល​បំណង​ក្រែង​អាច​ប្រមូល​​ផ្តុំ​​កម្លាំង​ធ្វើ​បាតុ​កម្ម​ កុប្បកម្ម​ និង​​អាច​បញ្ឆេះ​កំហឹង​​ទៅ​ជាចលនា​បដិវត្ត​ពណ៌​មហា​ជន​ថ្មី​មួយ​ទៀត​​​​​នៅក្នុង​ឱកាស​​បុណ្យ​ឯករាជ្យ​ជាតិ​​ដែល​នៅក្នុង​ឆ្នាំ​នេះ​ ជន​ទុច្ច​រិត សម រង្ស៊ី និង​បក្ខ​ពួក​ដែល​រត់​ចោល​ស្រុក​​ ​​ប្រ​មើល​មើល​​ឃើញ​​ថាបាន​ប្រារព្ធ​ភ្ជាប់​​គ្នា​​ជាមួយ​​​​ថ្ងៃ​​ប្រារព្ធ​​ពិធី​បុណ្យអ៊ុំ​ទូក​ បណ្តែត​ប្រទីប​ សំពះ​ព្រះ​ខែ​ និង​អក​អំបុក​​​ ដែល​នៅក្នុង​រយៈពេល​នេះ​ ប្រជា​ពល​រដ្ឋ​​នៅ​​ទូ​ទាំង​​ប្រទេស​នឹង​មក​ចូល​រួម​លេង​កំសាន្តនៅ​រាជ​ធានី​ភ្នំ​ពេញ​ និង​ទី​ប្រជុំ​ជន​ខេត្ត​នា​នា​យ៉ាង​ច្រើន​កុះ​ករ​ ​ក្នុង​ការ​ទស្សនា​ការ​ប្រណាំង​ទូក​ ង​ និង​ការ​តាំង​ពិពណ៌​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ ហើយ​​​ក៏​​ជា​​​​ឱកាស​​ល្អ​​របស់​​​ពួក​​ជន​ទុច្ច​រិត​ទាំង​នោះ​ប្រើ​ឧបាយកល​ទុច្ច​រិត​ដើម្បី​​​​បង្កើត​​ព្រឹត្តិការណ៍​​ឱ្យ​​មាន​​អំពើ​​ហិង្សា​​​​និង​ការ​​ដុត​​បញ្ឆេះ​​កំហឹង​ប្រជា​ពលរដ្ឋ​​ ជាពិសេស​យុវជន​ដែល​មក​ចូល​រួម​កំសាន្ត​ក្នុង​ពិធី​នោះឱ្យ​មាន​សកម្មភាព​ចលា​ចល​​​តែ​ប៉ុណ្ណោះ​​​​។​​​

ទោះ​បី​ជា​បែប​នេះ​ក្តី​ ប្រជាពលរដ្ឋ​កម្ពុជា​​ដែល​កំពុង​រស់​នៅ​ក្នុង​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ដូច​​ពេលបច្ចុប្បន្ន​នឹង​មិន​ចាញ់​ឧបាយកល​​បោក​ប្រាស់​ ញុះញង់​របស់​ទណ្ឌិត​រត់​ចោល​ស្រុក​ និង​បក្ខ​ពួក​នោះ​​ទេ​ ព្រោះ​ថា​ តាម​រយៈ​បទ​ពិ​សោ​ធ​ន៍​​ដែល​​ធ្លាប់​កើត​មាន​កន្លង​មក​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​យល់​ដឹង​ច្រើន​​ពី​ផល​វិបាក​នៃ​អំពើ​ញុះ​ញង់​​ឱ្យ​​មាន​​អំពើ​ហិង្សា​ដោយ​​ក្រុម​ប្រឆាំង​ ​ដែល​ពួក​គេ​ធ្លាប់​បាន​ដឹក​នាំ​ធ្វើ​បាតុកម្ម​​នៅ​ផ្លូវ​​វេង​​ស្រេង​ ស្ទឹង​មាន​ជ័យ​ ស្ពាន​ក្បាលថ្នល់ និង​ទី​លាន​ប្រជាធិបតេយ្យ​។ល។​ កាលពី​ឆ្នាំ២០១៣​ នាពេល​កន្លង​មក​ សុទ្ធ​តែបាន​​បន្សល់​ទុក​នូវ​ការ​បំផ្លិច​បំផ្លាញ​ និង​សោកនាដ​កម្ម​ ដោយ​មាន​ការ​បាត់​បង​នូវ​​ទ្រព្យ​សម្បត្តិ​ ឯកជន សាធារណៈ​ និង​បាន​បន្សល់​ទុកនូវ​អ្នក​រង​របួស​ និង​ស្លាប់​​​ ហើយ សម រង្ស៊ី​ និង​បក្ខ​ពួក​ដែល​ជា​​មេ​ក្លោង​ដឹក​​នាំ​​ញុះ​ញង់​​អំពើ​​ហិង្សា​​ទាំង​​នោះ​​​​​តែង​តែ​គេច​វេស​មិន​​ទទួល​ខុស​ត្រូវ​ម្តង​ណាឡើយ​​។​

ចេតនា​នៃ​ការ​ប្រកាស​យក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ថា​ជា​ថ្ងៃ​វិល​ចូល​ស្រុក​វិញ​ជាថ្មី​ទៀត​នៅ​ពេល​នេះ​គឺ​ គ្រាន់​​តែ​ជា​ផែន​ការ​ខ្យល់​ដដែលៗ​ និង​ជា​សម្តី​អ្នក​នយោបាយ​ពូកែ​បោក​​តែប៉ុណ្ណោះ​។ ម្យ៉ាង​ទៀត​ ​សារ​របស់​​​អ្នក​នយោបាយមាន់​សម្លរ​រូប​នេះ​ គឺ​គ្រាន់​តែ​ជាសង្គ្រាម​ចិត្ត​សាស្ត្រ​ក្នុង​ការ​ញុះញង់​ឱ្យ​សកម្មជន​អ្នក​គាំ​ទ្រ​​​ដ៏តិចតួច​របស់​ខ្លួន​នៅ​មាន​សង្ឃឹម​ ប៉ុន្តែ​ជាក់​ស្តែង​​​កម្លាំង​​ទាំង​នោះ​គឺ​ពុំ​មាន​ឥទ្ធិពល​អ្វី​សូម្បី​តែ​បន្តិច​​​ចំពោះ​ស្ថិរភាព​ ​សន្តិសុខ​សង្គម​​ និង​ដំណើរ​ការ​​កសាង​សេដ្ឋ​កិច្ចជាតិ​របស់​រដ្ឋា​ភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នោះ​ឡើយ​។​​

ទោះ​ជាយ៉ាង​ណា​ ប្រជាពលរដ្ឋ​ត្រូវ​យល់​ថា​ អំពើ​ ឬសកម្មភាព​ចូល​រួមការ​បះ​បោរ​ប្រឆាំង​និង​រដ្ឋ​អំណាច​​ស្រប​ច្បាប់​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ ​​តាម​ការ​ញុះញង់​របស់​ទណ្ឌិតរត់​ចោល​ស្រុក​​ និង​បក្ខ​ពួក​គឺ​​ជា​​អំពើ​ខុស​ច្បាប់​ដែល​ត្រូវ​មាន​ទោស​ ហើយ​ប្រការ​ដែល​ទណ្ឌិត​រត់​ចោល​ស្រុករូប​នេះ​​បន្ត​ចេញ​សារ​អំពាវ​នាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អា​វុធ​បែរ​ចុង​កាណុង​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​​ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និង​ប្រកប​ដោយ​លទ្ធិ​ប្រជា​ធិ​ប​តេយ្យ​​នោះ​ គឺ​ពិត​ណាស់​វា​ជា​ទម្រង់​​​នៃ​ការ​អនុវត្ត​ផែន​ការ​បដិវត្ត​ពណ៌ថ្មីមួយទៀត​​យ៉ាង​ពិត​ប្រាកដ​ ព្រោះ​ទណ្ឌិត​ក្បត់​ជាតិ​ម្នាក់​នេះ​បាន​​​សារភាព​ជា​សាធារណៈ​ថា​ខ្លួន​វិល​ចូល​មក​ក្នុង​ប្រទេស​វិញ​នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ គឺ​​ដើម្បី​ដឹក​នាំ​កម្លាំង​ប្រជា​ពលរដ្ឋ​ផ្តួល​រំលំរាជ​​រដ្ឋា​ភិបា​ល​បច្ចុ​ប្បន្ន។​

ក្នុង​នាម​ជាពលរដ្ឋ​ល្អ​គឺ​ត្រូវ​​​ជៀស​​ឱ្យ​​ឆ្ងាយ​​ពី​សកម្មភាព​ញុះញង់​របស់​ក្រុម ​ដែល​កំពុង​មាន​ពិរុទ្ធ​ភាព​​​ដើ​ម្បី​​កុំ​​ឱ្យ​​មាន​​ការ​​ពាក់​​ព័ន្ធ​​ ព្រោះ​ថា​ ​​​អ្វីដែលទណ្ឌិត សម រង្ស៉ី និង​បក្ខ​ពួក​ បាន​និង​កំពុង​និយាយ កំពុង​​​ធ្វើនៅពេល​នេះ​វា​​មិន​​មែន​​ជា​​សេរីភាព​​នៅ​​ក្នុង​សិទ្ធិ​ជា​ពលរដ្ឋ និងសិទ្ធិនយោបាយនោះ​ទេ ហើយ​ក៏​មិន​មែន​ជា​សេ​រី​ភាព​នៃ​ការ​បញ្ចេញ​មតិនោះ​​ឡើយ​ ប៉ុន្តែ​ វាគឺ​ជា​បទ​ញុះញង់​បង្ក​ឱ្យមាន​បទឧក្រិដ្ឋ​ជា​អាទិ៍​ដែល​​បណ្តាល​​ឱ្យ​​មា​ន​​ចលា​ចល​​ ​អស្ថិរភាព​ និង​​អសន្តិ​សុខ​​សង្គម​​ ដែល​បាន​ដើរ​ហួស​បន្ទាត់​ក្រហម​នៃ​ច្បាប់​ និង​​ជា​​ការ​​អនុវត្ត​​នូវ​ផែនការ​បដិវត្ត​ពណ៌​ថ្មី​មួយទៀត ក្នុង​គោលដៅ​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិ​បាល​​ស្រប​ច្បាប់​​ ​ដូច​​ផែន​ការ​ដែល​​ពួក​​​គេ​​​ធ្លាប់​​​បាន​​ធ្វើ​​កាល​​ពី​​ឆ្នាំ​​២០១៣​ ​​ហើយ​ត្រូវ​ទទួល​បរាជ័យ​យ៉ាង​អាម៉ាស់​ម្តង​រួច​មក​ហើយ​។​ ក្រុម​​ឧទ្ទាម​​ក្រៅ​ច្បាប់​នេះ​គ្មាន​វិធី​អ្វី​ផ្សេង​ដើម្បី​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល​ក្រៅ​ពី​ការ​​ប្រើ​​ប្រាស់​​​កម្លាំង​ប្រជាពលរដ្ឋ​​ក្នុង​ការញុះញង់ មួលបង្កាច់ លាបពណ៌មក​លើ​រាជ​រដ្ឋាភិបាល​ ដើម្បី​បង្ក​ចលា​ចល​ បំផ្លាញ​ជាតិ​ បំផ្លាញ​ផល​ប្រយោជន៍​ប្រ​ជា​ជន​ ប្រឆាំងនឹងសន្តិភាព ការ​អភិវឌ្ឍ​របស់​ជាតិ​ខ្មែរ​ឡើយ​។​

ដូច្នេះ​ ប្រជាពលរដ្ឋ​គ្រប់​រូប​គប្បី​រួមគ្នា​ជា​មួយ​​​​រាជរដ្ឋាភិបាល​​​ថែ​​រក្សា​សុខ​សន្តិភាព​ដែល​កំពុង​មាន​​នាពេល​បច្ចុប្បន្ន​​ដើ​ម្បីការ​ពារ​សមិទ្ធផលជាច្រើន​ដែល​កំ​ពុងមាន​​​ ​​​និង​​បន្ត​ការ​អភិវឌ្ឍ​​​​​ជាតិ​​កម្ពុជា​ ដោយ​​​មិន​ត្រូវ​ជឿលើ​ការ​អូស​ទាញរបស់​ទណ្ឌិត​រត់​ចោល​ស្រុក​ និង​បក្ខ​ពួក​​​ឱ្យ​ប្រព្រឹត្ត​អំពើ​ប្រឆាំង​​​និង​រដ្ឋ​អំណាច​​នោះ​ឡើយ​​។

ជាការសន្និដ្ឋាន​ ទណ្ឌិត​រត់​ចោល​ស្រុក​ និង​បក្ខពួក​ប្រាកដ​ជា​មិន​ហ៊ាន​វិល​ត្រឡប់​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ដូច​ពេល​មុនៗ​ដូច្នោះ​ដែរ​ ពួក​គេ​បាន​ត្រឹម​តែ​ញុះញង់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចាញ់​ការ​បោក​ប្រាស់​ឱ្យ​ប្រឈម​​មុខ​​នឹង​ច្បាប់​ ហើយ​ទី​បំផុត​គឺ​ប្រជាពលរដ្ឋ​ទេ​ដែល​ត្រូវ​ជាប់​គុគ​ច្រវ៉ាក់​ បាត់​បង់​ការងារ​និង​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​​គ្រួសារ​ ចំណែក​ឯទណ្ឌិត​ សម រង្ស៊ី​ ដែល​ជា​មេក្លោង និង​បក្ខ​ពួក​គឺ​តែង​តែ​រត់​គេច​ខ្លួន​ទៅ​សម្ងំ​សុខ​ឯបរទេស​រហូត​។ ម្យ៉ាង​ទៀត​ សារ​របស់ទណ្ឌិត​កំសាក​ និង​បក្ខ​ពួក​នេះ​គឺ​គ្រាន់​តែ​ជាសង្គ្រាម​ចិត្ត​សាស្ត្រ​ផ្តល់​ក្តី​សង្ឃឹម​ដ៏តិច​បំផុត​ សម្រាប់​​ក្រុម​ប្រឆាំង​​ដែល​ជឿ​ងប់ងុល​ប៉ុណ្ណោះ​​ ប៉ុន្តែ​​កម្លាំង​​ទាំង​នោះ​គឺ​ពុំ​មាន​ឥទ្ធិពល​អ្វី​សូម្បី​តែ​បន្តិច​​​ចំពោះ​ភាព​​សុខសាន្ត​របស់​ប្រ​ជាពលរដ្ឋ​កម្ពុជា ព្រម​ទាំង​​ស្ថិរភាព​ ​សន្តិសុខ​សង្គម​​ និង​ដំណើរ​ការ​កសាង​សេដ្ឋ​កិច្ចជាតិ​របស់​រាជ​​រដ្ឋា​ភិបាល​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នោះ​ឡើយ​៕​

ដោយ​៖ សួន ចំរើន​

អត្ថបទទាក់ទង