ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ៤០ឆ្នាំ មកនេះ កំណើនវិស័យធនាគារកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ៤០ឆ្នាំ មកនេះ កំណើនវិស័យធនាគារកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ៤០ឆ្នាំ មកនេះ កំណើនវិស័យធនាគារកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវមោទនភាពចំពោះវិស័យធនាគារនៅកម្ពុជា ដែលមានការរីកម្រើនយ៉ាងខ្លាំង នៅរយៈពេល៤០ឆ្នាំចុងក្រោយនេះ និងបានលើកឡើងនូវតួនាទីយ៉ាងសំខាន់ របស់ធនាគារជាតិនៃកម្ពុជា ដោយបានរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ១% ប៉ុណ្ណោះ។

ជាមួយនឹងការបង្កើនទុនបម្រុងអន្តរជាតិ ឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណផ្គត់ផ្គង់ប្រាក់រៀល និង ការគរពូនទ្រព្យសម្បត្តិជាតិ ឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណា មានកម្រិតទាបប្រមាណ៣%។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជា (១០ តុលា ១៩៧៩-១០ តុលា ២០១៩) ដែលពិធីនេះ ធ្វើឡើងនៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ វិស័យធនាគារកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ។ កម្ពុជាមានប្រព័ន្ធធនាគារ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមាហរណកម្មខ្ពស់ទៅ ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបំពេញ បាននូវសេចក្តីត្រូវការ ផ្នែកសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយ នៅទូទាំងប្រទេស។ វិស័យធនាគារ បានក្លាយជាសសរស្តម្ភមួយ ក្នុងការគាំទ្រ កំណើនសេដ្ឋកិច្ចជាតិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា វិស័យធនាគារបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុ ទៅដល់ប្រជាជនទូទាំងប្រទេស ជាពិសេសប្រជាជនក្រីក្រ សម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យ កាន់តែប្រសើរឡើង ដែលក្នុងនោះប្រជាជនពេញវ័យប្រមាណ៧១% កំពុងទទួលបានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទាន តាមរយៈប្រព័ន្ធធនាគារ បានកើនឡើងដល់ ១១៥%នៃផលិផលក្នុងស្រុកសរុប (ផសស) សម្រាប់បំពេញសេចក្តីត្រូវការពង្រីកអាជីវកម្មលើគ្រប់វិស័យ។ តាមរយៈឥណទានវិស័យធនាគារ ប្រជាជនកម្ពុជាមានឱកាស ពង្រីកអាជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរអាចទិញលំនៅដ្ឋានបានសមរម្យ ដែលជាការរួមចំណែកយ៉ាងសំខាន់សម្រាប់សង្គមជាតិទាំងមូល៕

អត្ថបទទាក់ទង