ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូកងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 58
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូកងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូកងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ បានទទួលជួបពិភាក្សាការងារជាមួយលោកឧត្ដមសេនីយ៍ឯក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ (Mohammad Chiragh Haider) នាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន កងទ័ពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូកងទ័ពប៉ាគីស្ថានមកធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងការស្វាគមន៍ ចំពោះគណៈប្រតិភូកងទ័ព នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឲ្យបានកាន់តែល្អប្រសើរ។ លោក ហ៊ុន ម៉ាណែត បានជម្រាបជូនប្រតិភូថា៖ ចាប់តាំងពីប្រទេសកម្ពុជា បានបញ្ចប់សង្គ្រាម ក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មក បានធ្វើអោយប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស។

ជាមួយគ្នានោះ លោកក៏បានជម្រាបជូនអំពីដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ ដែលបានធ្វើឡើងជាបន្តបន្ទាប់ ក្នុងនោះកងទ័ពជើងគោកក៏ត្រូវបានធ្វើការកែទំរង់ផងដែរ ដើម្បីពង្រឹងសម្ថភាព គុណភាព របស់ខ.ភ.ម អោយក្លាយជាកងទ័ពមួយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការពារ អធិបតេយ្យ បូរណភាពទឹកដី អោយបានកាន់ រឹងមាំ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា៖ កងពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ក្នុងកិច្ចការពារ សន្តិសុខទាំងផ្ទៃក្នុងប្រទេស ក៏ដូចជាការរួមចំណែកពង្រឹងសន្តិសុខក្នុងតំបន់ ដោយបានផ្តោតការយកចិត្តទុកដាក់លើការប្រឆាំងភេរវកម្ម ដែលបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោកកំពុងយកចិត្តទប់ស្កាត់ជាប្រចាំ។

មានមតិឆ្លើយតប លោក មូហាម៉ាត់ ជីរ៉ាក់ ហៃឌឺរ បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័សនៅកម្ពុជា ហើយលោកបានរំលឹកឡើងវិញអំពីបេសកកម្មរក្សាសន្តិភាព របស់កងទ័ពប៉ាគីស្ថាននៅលើទឹកដីកម្ពុជា ក្នុងសម័យអ៊ុនតាក់កាលឆ្នាំ១៩៩៣ ដែលកងទ័ពប៉ាគីស្ថានបានចូលមកជួយរក្សាសន្តិភាពនៅប្រទេសកម្ពុជា។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ កម្ពុជា ប៉ាគីស្ថាន នឹងបាននាំមកនូវវការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងការកសាងសមត្ថភាពកងទ័ពទាំងពីអោយមានការរីកចំរើន៕

អត្ថបទទាក់ទង