លោក ហ៊ុន ម៉ាណែត សម្ពោធកុដិ និងផ្ទះស្នាក់នៅបណ្តោះអាសន្នទី៧ សម្រាប់ពលករខ្មែរនៅកូរ៉េ
ទីក្រុងអានសាន-សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ នេះ លោក ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធកុដិសម្រាប់ព្រះសង្ឃគង់នៅ និងសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងអាចប្រតិបត្តិជំនឿធ្វើបុណ្យទាន និង សម្ពោធផ្ទះស្នាក់នៅបណ្តោះអាសន្នថ្មីមួយកន្លែងទៀតសម្រាប់ពលករខ្មែរ។
និមន្តជាព្រះអធិបតីភាពក្នុងពិធីនេះ រួមមានសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ច័ន្ទ បុរីវង្ស និងលោក Jong Geel Je អភិបាលក្រុងអានសាន ផងដែរ។
ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផលទាំងពីរនេះ លោក ហ៊ុន ម៉ាណែត បានរំឭកថា ពីពេលនេះតទៅ ព្រះសង្ឃ និងបងប្អូនខ្មែរយើងនៅសាធារណរដ្ឋកូរ៉េអាចគោរពប្រតិបត្តិជំនឿក្នុងសាសនាព្រះពុទ្ធកាន់តែងាយស្រួលជាងមុន។ សមិទ្ធផលកុដិព្រះពុទ្ធសាសនានេះ ត្រូវបានស្ថាបនាឡើងជាផ្នែកមួយនៃគម្រោងកសាង ទីអារាមតាមរចនាបទខ្មែរលើកទី១ ឈ្មោះថា អារាមមាហាយ៉ាណា (មហាយាន) នាពេលខាងមុខ។
ពាក់ព័ន្ធនឹងផ្ទះស្នាក់នៅបណ្តោះអាសន្នរបស់ពលករវិញ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា នេះគឺជាផ្ទះទី៧ ហើយដែលបានដាក់ឲ្យដំណើរការនៅកូរ៉េ។ ការរៀបចំបង្កើតផ្ទះស្នាក់នៅបណ្តោះអាសន្នជាច្រើនកន្លែងសម្រាប់បងប្អូនយើងកន្លងមក គឺជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនពលករក្នុងដំណាក់កាលអន្តរកាល ពេលផ្លាស់ប្តូរការងារ។ ផ្ទះស្នាក់នៅបណ្តោះអាសន្នចំនួន ៦ កន្លែងផ្សេងទៀត ដែលបានដាក់ឲ្យប្រើប្រាស់កន្លងមកគឺចំនួន ២ស្ថិតនៅក្រុងស៊ូវ៉ុន, ១នៅក្រុង អឺចុងប៊ូ, ១នៅក្រុងគីមហ៊េ, ១នៅក្រុងក្វាងជូធំ និង១នៅក្រុងអានសាន។