ខ្មែរប៉ុស្ដិ៍ Close

បុរសម្នាក់ទៀតដែលពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលជាមួយទណ្ឌិត សម រង្ស៉ី ត្រូវបានតុលាការសៀមរាបចោទប្រកាន់ពីបទរួមគំនិតក្បត់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40

អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ បានចោទប្រកាន់ អតីតក្រុមប្រឹក្សាឃុំក្ដីរុនគណបក្សសង្គ្រោះជាតិ ឈ្មោះ ឃុន វាន ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ ក្រមព្រហ្មទណ្ឌ បន្ទាប់ពីជនសង្ស័យម្នាក់នេះ បានពាក់ព័ន្ធនឹងផែនការផ្តួលរំលំរាជរដ្ឋាភិបាលជាមួយទណ្ឌិត សម រង្ស៉ី។ នេះបើតាមការប្រកាសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប។

ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ជននេះ ដែលបានបង្ហោះខ្លឹមតាមប្រព័ន្ធសង្គមហ្វេសប៊ុកពីប្រទេសថៃ ដើម្បីកៀរគរ និងបំផុសឲ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលរកម្ពុជា ដោយសរសេរថា៖ «តោះយើងទៅប្រទេសយើងវិញ, ពួកយើងជាកូន ខ្មែរមានភារកិច្ចជួយមាតុភូមិយើងកុំឈរអោបដៃមើលប្រទេសជាតិជួបគ្រោះមហន្តរាយ, ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមគ្នាបញ្ចប់របបផ្តាច់ការនៅកម្ពុជា, យុទ្ធនា ការម្រាមដៃ៩ វិច្ឆិកា ជួយជាតិខេមរាឱ្យរួចផុតពីជនផ្តាច់ការ ហ៊ុន សែន»។

អ្នកនាំពាក្យ អយ្យការអមសាលាដំបូងខេត្តសៀមរាប បាន​ចាត់ទុកថា «នេះជាឧបាយកលដើម្បីគាំទ្រដល់ ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដោយអនុវត្តតាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងគាំទ្រការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០១៩»។

អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមការចោទប្រកាន់បញ្ជូនទៅតុលាការកាត់​ទោសតាមច្បាប់ ពីបទ រួមគំនិតក្បត់ ដែលមានទោសពី ០៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះចូលមកសារភាពទាន់ពេលវេលាដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអ​យ្យការអមសាលាដំបូងខេត្តសៀមរាប៖

អត្ថបទទាក់ទង