ខ្មែរប៉ុស្ដិ៍ Close

    អគ្គនាយកប្រតិបត្តិក្រុមហ៊ុនដ៏ធំមួយរបស់អាល្លឺម៉ង់ កោតសរសើរដំណើររីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 316
    អគ្គនាយកប្រតិបត្តិក្រុមហ៊ុនដ៏ធំមួយរបស់អាល្លឺម៉ង់ កោតសរសើរដំណើររីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនដ៏ធំមួយរបស់អាល្លឺម៉ង់ កោតសរសើរដំណើររីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា

    ក្រុមហ៊ុនដ៏ធំមួយរបស់អាល្លឺម៉ង់ដែលបានវិនិយោគរកស៊ីនៅកម្ពុជាអស់រយៈពេល២០ឆ្នាំមកហើយនោះ បានប្រកាសជំហរបន្តការរកស៊ីនៅកម្ពុជាបន្តទៅទៀតបន្ទាប់ពីឃើញសេដ្ឋកិច្ចរបស់កម្ពុជាកំពុងមានដំណើរឈានទៅមុខយ៉ាងល្អប្រសើរ។ លោក Markus Lorenzini អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Siements បានបង្ហាញជំហរបែបនេះ ក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    នាយកប្រតិបត្តិក្រុមហ៊ុន SIEMENS បានលើកឡើងថា កម្ពុជាកំពុងបន្តរីកចម្រើនយ៉ាងប្រសើរលើសេដ្ឋកិច្ចជាតិ ហើយលោកជឿជាក់ថា នឹងមានអនាគតត្រចះត្រចង់។ លោក Markus Lorenzini បានអះអាងថា ក្រុមហ៊ុនរបស់លោកនៅតែបន្តឆន្ទៈយ៉ាងមុតមាំក្នុងការវិនិយោគនៅកម្ពុជា។ លោក បានគូសបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកសហការរកស៊ីជាមួយក្រុមហ៊ុនមួយចំនួននៅកម្ពុជា ហើយក៏បានសហការជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនីផងដែរ។ លោក បានលើកឡើងថា ការធ្វើឱ្យមានស្ថេរភាពផ្នែកថាមពលអគ្គិសនី ក៏ជាផ្នែកមួយក្នុងការទាក់ទាញអ្នកវិនិយោគមករកស៊ីនៅកម្ពុជាផងដែរ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍ និងអរគុណដល់ក្រុមហ៊ុន SIEMENS ដែលបានមកវិនិយោគនៅកម្ពុជា ហើយបន្តរក្សាការរកស៊ីនៅកម្ពុជាបន្តទៀត។ លោកក៏បានស្វាគមន៍ផងដែរ ចំពោះការសហការរបស់ក្រុមហ៊ុនជាមួយក្រសួងរ៉ែ និងថាមពល ដើម្បីអភិវឌ្ឍន៍លើវិស័យថាមពលអគ្គិសនី។ លោកបានលើកឡើងថា ថាមពលអគ្គិសនី គឺជារឿងដ៏សំខាន់សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍តាំងពីដើមមក។ លោក បានបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៧៣ភាគរយ មានអគ្គិសនីប្រើប្រាស់ ហើយភូមិរបស់ប្រជាពលរដ្ឋប្រមាណជា ៩២% បានតភ្ជាប់បណ្តាញអគ្គិសនី ជាមួយបណ្តាញជាតិ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ទៀតថា នៅពេលថ្មីៗនេះ កម្ពុជា បានចុះហត្ថលេខាជាមួយឡាវ ទិញថាមពលអគ្គិសនី ដើម្បីធានាដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណដល់ក្រុមហ៊ុន SIEMENS ដែលបានជួយបណ្តុះបណ្តាលដល់មន្ត្រីកម្ពុជាពាក់ព័ន្ធបញ្ហាអគ្គិសនីនេះដោយលោកបានបញ្ជាក់ថា ការបណ្តុះបណ្តាលជារឿងមួយដ៏មានសារៈសំខាន់។

    គួរបញ្ជាក់ថា ក្រុមហ៊ុន Siemens ជាក្រុមហ៊ុនខ្នាតអន្តរជាតិខាងផ្នែកវិស្វកម្មអគ្គិសនី ធ្វើការផ្គត់ផ្គង់ថាមពល បណ្តាញបញ្ជូន ការចែកចាយថាមពល និងការតភ្ជាប់បណ្តាញអគ្គិសនីជាតិនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន SIEMENS ក៏ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូចនិកដ៏ធំមួយនៅលើពិភពលោកផងដែរ៕

    អត្ថបទទាក់ទង