ចៅចាក់ស្មុក៖ ជនក្បត់ជាតិ សម រង្ស៊ី បានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការធ្វើរដ្ឋប្រហារ
លេងភ្លើង រលាកភ្លើង! ជនក្បត់ សម រង្ស៊ី និងក្រុមបរិវារដែលបានប្រើវិធីញុះញង់ អុជអាលបំផុសបំផុល និងប្រើឧបាយកលបោកបញ្ឆោតដើម្បីអូសទាញ ប្រមូលកម្លាំងប្រជាពលរដ្ឋស្លូតត្រង់ និងកងកម្លាំងប្រដាប់អាវុធឱ្យបះបោរតាមរូបភាពជាបដិវត្តន៍ហិង្សាក្នុងគោលដៅ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ត្រូវតែបង់ថ្លៃមួយខ្ពស់ ចំពោះទង្វើក្បត់ជាតិរបស់ខ្លួន។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៩ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងនឹងផែនការនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្សី ដោយបានគូសបញ្ជាក់ថា «ផែនការទាំងមូលនៃការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្សីនេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនោះទេ ប៉ុន្តែបានឆ្លងផុតបន្ទាត់ក្រហមឈានដល់ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដែលជាអំពើវិទ្ធង្សនានិងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ នឹងត្រូវផ្តន្ទាទោសក្រោមបទល្មើសឧបឃាត តាមមាត្រា ៤៥១ និង៤៥២ នៃក្រមព្រហ្មទណ្ឌ»។ ការចូលរួមគាំទ្រផែនការបំផ្លិចបំផ្លាញជាតិខាងលើនេះ ត្រូវបានកំណត់ថាជាបទល្មើស រួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌផងដែរ។ ហេតុអ្វីបានជាផែនការវិលត្រឡប់របស់ សម រង្ស៊ី ត្រូវបានចាត់ទុកថាជាផែការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តូលរំលំរាជរដ្ឋាភិបាលស្របច្បាប់?
ទី១)៖ សម រង្ស៊ីប្តូរយុទ្ធសាស្ត្រពីការតស៊ូនៅក្រៅស្រុកមកក្នុងស្រុកវិញ ៖ សម រង្ស៊ី តាំងពីនៅកាន់តំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ បានអនុវត្តបដិវត្តន៍ពណ៌ហិង្សានិងបានប្រកាសខ្លួនឯងថាជាមេបដិវត្តន៍ពណ៌ថែមទៀតផង។ សម រង្ស៊ីបានដឹកនាំការតវ៉ាចុះតាមផ្លូវក្រោយពីការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៣ និងបានអំ ពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ កម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលក្រោមរូបភាពផ្លាស់ប្តូរ និងក្រោមលេសលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ក្រោយចូលមកក្នុងប្រទេសកម្ពុជាបានប្រមាណ១ឆ្នាំ សម រង្ស៊ី បានរត់គេចខ្លួនពីសំណាញ់ច្បាប់នៅកម្ពុជា ហើយចាប់តាំងពីឆ្នាំ ២០១៥ មក សម រង្ស៊ី បាន រត់ចោលគុករហូត និងបានប្រើនយោបាយការបរទេសដើម្បីគាប់សង្កត់រាជរដ្ឋាភិបាល។
ប៉ុន្តែបទពិសោធ ៤ ឆ្នាំនៅក្រៅប្រទេសរបស់ សម រង្ស៊ីនិងក្រុមបក្ខពួកខ្លួន គ្មានបានផលប្រយោជន៍អ្វីឡើយ។ យុទ្ធសាស្ត្រ សម រង្ស៊ី ដែលគិតថាសហគមន៍អន្តរជាតិ ជួយផ្តល់ដំណោះស្រាយ ឬុយកប្រៀបឈ្នះ ក៏គ្មានលទ្ធផលនោះឡើយ។ ផ្ទុយមកវិញតាមរយៈការធ្វើនយោបាយបែបហិង្សានិយម និងបំពាននិយម អន្តនោម័តនិយមរបស់ សម រង្ស៊ី បានធ្វើឱ្យទណ្ឌិតរូបនេះបាត់បង់ទីតាំងឈរជើងនយោបាយ សហគមន៍អន្តរជាតិក៏លែងគាំទ្រ កម្លាំងដែលធ្លាប់តែរួបរួមគ្នាក្នុងអតីតគណបក្សសង្គ្រោះជាតិក៏ត្រូវបានរំលាយ។ សម រង្ស៊ី ខ្លួនឯងបានដើរដល់ចំណុចទីអវសាននៃជីវិតនយោបាយរបស់ខ្លួន ដែលផ្ទុយពី កឹម សុខា ដៃគូនយោបាយខ្លួន។ ដើម្បី ស្តារជីវិតនយោបាយរបស់ខ្លួនវិញនេះហើយដែលតម្រូវឱ្យ សម រង្ស៊ី ត្រូវប្តូរយុទ្ធសាស្ត្រពីធ្វើនយោបាយនៅក្រៅប្រទេស ដើរអង្វរឱ្យគេជួយ វិលមកធ្វើនយោបាយក្នុងប្រទេសវិញដែលសម រង្ស៊ី ទើបនឹងយល់ថាកក្តា ខាងក្នុងគឺជាការកំណត់នៅការឈ្នះឬចាញ់ គឺមិនចំណុះឱ្យបរទេសខាងក្រៅឡើយ។ ដូច្នេះ សម រង្ស៊ី ត្រូវ សម្រេចចិត្តបន្តអនុវត្តផែនការចាស់របស់ខ្លួននៅក្នុងប្រទេសវិញម្តង។ ផែនការចាស់ដែលផ្លាស់ប្តូររបបដឹកនាំឡើងដឹកនាំប្រទេស តាមបែបហិង្សាតាមរយៈអំណាចប្រជាជនក្នុងប្រទេសវិញដោយយកឈាម ប្រជាពលរដ្ឋក្រាសកម្រាលព្រំឡើងកាន់អំណាចខ្លួន។
ទី២)៖ ការប្រកាសវិលត្រឡប់របស់ទណ្ឌិត សម រង្ស៊ី នេះ មិនមែនជារឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនោះទេ៖ ក្រោយជំនួបរវាងទណ្ឌិត សម រង្ស៊ី រួមនឹងបក្ខពួករួមមាន អេង ឆៃអ៊ាង មូរ សុខហួរ ជូឡុង សួមួរ៉ា ជាមួយយុវជនពីប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៩ នៅប្រទេសម៉ាគេស៊ី ដើម្បីណែនាំពីផែនការបដិវត្តន៍ហិង្សាប្តូររបបដឹកនាំរួចហើយ សម រង្ស៊ី បានអនុវត្តផែនការទី១ របស់ខ្លួនគឺការប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ដើម្បីវិលចូលប្រទេសវិញ។ តើការប្រកាសវិលចូលប្រទេសកម្ពុជា វិញរបស់សម រង្ស៊ីដើម្បីគោលបំណងប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដូចដែលបានអះអាងដែរឬទេ?
ពិតជាមិនមែន ដើម្បីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឡើយ គឺគ្រាន់តែជាលេសប៉ុណ្ណោះ។ ដូច្នេះការវិលត្រឡប់មកវិញរបស់សម រង្ស៊ី ស្ថិតនៅក្រោមហេតុផលសំខាន់ៗចំនួន៣៖
ហេតុផលទី១- សម រង្ស៊ី គឺជាទណ្ឌិត ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាមានដីកាពីតុលា ការដើម្បីស្វែងរកចាប់ខ្លួន ហើយដីកាចាប់ខ្លួននៅពេលនេះក៏ត្រូវបាន បញ្ជូនទៅកាន់ប្រទេសនានាក្នុងតំបន់ អាស៊ានរួចហើយដែរ។ សម រង្ស៊ី មិនហ៊ានវិលចូលស្រុកឡើយព្រោះសម រង្ស៉ី តែងលើកឡើងការពារខ្លួនថា ការរត់ទៅក្រៅស្រុក ដើម្បីបន្តការតស៊ូនៅក្រៅប្រទេស ប្រសើរជាងជាប់គុកឥតប្រយោជន៍ដូច កឹម សុខា និង ស្លាប់ដោយគ្មានន័យដូច កែម ឡី។
ដូច្នេះការប្រកាសពីការវិលត្រឡប់វិញរបស់ សម រង្ស៊ី ទោះបីជាពេលនេះបានកំណត់កាលបរិច្ឆេទច្បាស់លាស់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ប៉ុន្តែពុំមែនក្នុងហេតុផលឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនដើម្បីប្រឈមនឹងការអនុវត្តច្បាប់នោះឡើយ។ វាពិតណាស់ជាល្បិចកលដែល សម រង្ស៊ី បង្កើតឡើងដើម្បីស្ទង់កម្លាំង រវាងក្រុមសម រង្ស៊ី និងក្រុម កឹម សុខា ក៏ដូចជាធ្វើតេស្តថាតើ នឹងមាននរណាខ្លះដែលនឹងគាំទ្រខ្លួន។ រហូតមកទល់ពេលនេះ ទាំងប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរ ជាតិមិនបានចាប់អារម្មណ៍ចំពោះផែនការវិលត្រឡប់ចូលស្រុករបស់ សម រង្ស៊ី ឡើយព្រោះទណ្ឌិតរូបនេះ បានភូតកុហកសាធារណមតិតាំងពីឆ្នាំ ២០១៥ មកម៉្លេះ។ ប៉ុន្តែមិនដែលឃើញសម រង្ស៊ី អើតក្បាលមកទេ ហើយអ្វីដែល សម រង្ស៊ី ខំប្រឹងបន្ទរសំឡេងនិងអះអាងថា ខ្លួននឹងវិលមកកម្ពុជាវិញដើម្បីចិញ្ចឹមចលនាក្បត់ ជាតិរបស់ខ្លួនប៉ុណ្ណោះ។
ហេតុផលទី២-ការប្រកាសវិលត្រឡប់វិញរបស់ សម រង្ស៊ី នៅឆ្នាំ ២០១៩ ខុសពីស្ថានភាព នៅខែកក្កដា ឆ្នាំ ២០១៣។ នៅឆ្នាំ ២០១៣ ការវិលត្រឡប់របស់ សម រង្ស៉ី មកកម្ពុជា គឺមានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រ ហើយនៅពេលនោះ សម រង្ស៉ី គឺជាប្រធានគណបក្សសង្គ្រោះជាតិស្របច្បាប់ ដែលត្រូវចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។
ដូច្នេះការវិលត្រឡប់របស់ សម រង្ស៊ី នៅពេលនោះ គឺមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែ ការប្រកាសវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ ២០១៩ នេះ គឺមិនដូចកាលពីឆ្នាំ ២០១៣ ឡើយ ដោយសារនៅពេលនេះ សម រង្ស៊ី ជាទណ្ឌិតដែលមានដីកាស្វែងរកចាប់ខ្លួន និងមេដឹកនាំនៃចលនានយោបាយខុសច្បាប់ នៅក្រៅប្រទេស។ ម្យ៉ាងទៀតការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត រៀងរាល់៥ឆ្នាំម្តង បានប្រព្រឹត្តទៅរួចទៅហើយ កាលពីឆ្នាំ ២០១៨។
ដូច្នេះការប្រកាសវិលត្រឡប់មកវិញរបស់ សម រង្ស៉ី នាពេលនេះគឺមិនមែនក្នុងហេតុផលដើម្បីចូលរួមក្នុងការបោះឆ្នោតនោះទេ។ សម រង្ស៊ី បានប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាទង្វើខុសច្បាប់ដែលត្រូវចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ពីព្រោះទង្វើដែល សម រង្ស៊ី បានធ្វើគឺកំពុងតែប្រឆាំងនឹង ឆន្ទៈប្រជាពលរដ្ឋ និងដើម្បីស្រាយគំនុំសងសឹកចំពោះខ្មោចឪពុកជាជនក្បត់ជាតិរបស់ខ្លួន។
សម រង្ស៊ី បានប្រព្រឹត្តកំហុសឆ្គងនិងល្មើសច្បាប់ជាច្រើន ហើយសម រង្ស៊ី អាចហ៊ានប្រថុយវិលចូលស្រុកវិញ លុះត្រាណាតែទណ្ឌិតរូបនេះទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រជាមុនសិន។ តែសម រង្ស៊ី នឹងមិនវិលត្រឡប់មកវិញជាមួយនឹងការលើកលែងទោសឡើយ ប៉ុន្តែជំនួសដោយខ្នោះហើយនិងគុក ពីព្រោះមួយរយៈចុងក្រោយនេះសម រង្ស៊ី បានបំផ្លាញស្ពានទាំងអស់រាប់ទាំងបំផ្លាញវប្បធម៌សន្ទនា ការប្រកាសសង្គ្រាមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយអះអាងថា ខ្លួនវិលចូលមកកម្ពុជាដើម្បីចាប់សម្តេចតេជោ ហ៊ុន សែន និងដើម្បីផ្លាស់ប្តូររបប ដឹកនាំបច្ចុប្បន្នចេញ រហូតដល់ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។
ភាពព្រហើនកោងកាចគ្មានការគោរពចំពោះព្រះរាជបល្ល័ង្គគឺជាទង្វើដែលមិនអាចអត់ឱនឱ្យបានឡើយ ហើយបច្ចុប្បន្ននេះ បាននិងកំពុងជាប់បណ្តឹងប្រមាថព្រះចេស្តាព្រះមហាក្សត្រនៅតុលាការថែមទៀតផង។ តើសម រង្ស៊ី ហ៊ានវិលមកកម្ពុជាវិញ និងប្រថុយនឹងការជាប់គុកទេ ខណៈខ្លួនមានវ័យកាន់ តែចាស់និងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងមានឈ្មោះថាជាចោរពានវាំងយ៉ាងដូច្នេះនោះ?
ហេតុផលទី៣-ក្នុងផែនការនៃការវិលត្រឡប់របស់ សម រង្ស៊ី មកកម្ពុជាវិញ ក្រុមប្រឆាំងនៅក្រៅប្រទេសបានរៀបចំសកម្មភាពចំនួន ៥៖
១)-បង្កើតក្រុមការងាររៀបចំកម្លាំងទទួលទណ្ឌិត សម រង្ស៊ី
២)-ពង្រីកសកម្មភាពការទូត
៣)-ពង្រីកការផ្សព្វផ្សាយព័ត៌មានជុំវិញបញ្ហារសើបៗនៅក្នុងសង្គមដើម្បីបញ្ឋេះកំហឹងប្រជាពលរដ្ឋសំដៅជំរុញចលនាខាងក្នុង ដែលបានបាត់បង់ជំនឿនិងសេចក្តីទុកចិត្តលើខ្លួនឱ្យកម្រើកឡើងវិញ
៤)-ទំនាក់ទំនងឱ្យស្អិតរមួតជាមួយមជ្ឈដ្ឋានអ្នកប្រជាធិបតេយ្យដើម្បីបង្ហាញថា ខ្លួននៅតែមានសកម្មភាពនិងមានគេទទួលស្គាល់ និង
៥)-រៀបចំរៃអង្គាសថវិកាសម្រាប់អនុវត្តផែនការ។ បន្ថែមលើ សកម្មភាពទាំង ៥ គោលដៅខាងលើ សម រង្ស៉ី បានចាប់ផ្តើមឃោសនាឱ្យកម្លាំងក្នុងស្រុក ប្រឆាំងនឹងរាជ
រដ្ឋាភិបាល តាមរយៈការញុះញង់ឱ្យកម្លាំងប្រដាប់អាវុធបះបោរ និងការបញ្ឆេះកំហឹងសង្គមដើម្បីញុះញង់ឱ្យប្រជាជនបះបោរប្រឆាំងនឹងអាជ្ញាធរមានសមត្ថកិច្ច តាមរយៈបំផុស បំភាន់បំភ្លៃ និងបំផ្លើសព័ត៌មានលើបញ្ហារសើបរបស់សង្គម តាមគ្រប់រូបភាព។
ការរៀបចំកម្លាំងប្រឆាំងខាងក្នុង ដើម្បីគាំទ្រ និងស្វាគមន៍ការវិលត្រឡប់មកវិញរបស់ សម រង្ស៉ី គឺធ្វើឡើងក្នុងល្បិចកល ដើម្បីប្រើប្រាស់កម្លាំងទាំងនេះជាខែលការពារ ខ្លួនផង និងជាកម្លាំងប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចផង។ ដូច្នេះច្បាស់ណាស់ថា គោលដៅនយោបាយពិតប្រាកដ នៅពីក្រោយការប្រកាសវិលត្រឡប់របស់ សម រង្ស៉ី គឺការប៉ុនប៉ងប្រមូលកម្លាំងជាថ្មី ដើម្បីដឹកនាំធ្វើរដ្ឋប្រហារតាមរយៈបំផ្ទុះបដិវត្តន៍ហិង្សាជាថ្មី ដើម្បីមហិច្ឆតាអំណាចផ្ទាល់ខ្លួន។ ការបញ្ចុះបញ្ចូលឱ្យអឺរ៉ុបដក EBA ពីកម្ពុជា និងការបញ្ចុះបញ្ចូលឱ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់នៃការអនុវត្តផែនការដ៏ពិសពុលរបស់ សម រង្ស៊ី ក្នុងគោលបំណងរុញច្រានឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច និងសង្គម ដែលជាកត្តាអនុគ្រោះផ្នែកនយោបាយ សម្រាប់ក្រុមប្រឆាំងញុះញង’ប្រមូលកម្លាំង ដើម្បីធ្វើបដិវត្តន៍ហិង្សាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ភស្តុតាងកាន់តែច្បាស់ដែលបញ្ជាក់ថា សម រង្ស៊ី បាននិងកំពុងធ្វើរដ្ឋប្រហារគឺតាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៩ នៅសហរដ្ឋអាមេរិក របស់មនុស្សមួយក្រុមក្នុងនាមជាគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាអង្គការខុសច្បាប់ បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទង ទៅនឹងអ្វីដែលគេហៅថា ផែនការនៃការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៊ី។ សកម្មភាពជុំវិញផែនការខាងលើនេះ គឺជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងយុត្តិធម៌ពិនិត្យឃើញថា៖
ទី១៖ ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា គឺជាបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដែលត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមបញ្ញត្តិមាត្រា ៤៥១ និងមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ ហើយប្រសិនបើជនល្មើសជាអ្នករាជការសាធារណៈ ទោសសម្រាប់ «បទល្មើសឧបឃាត»នេះ ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
ទី២៖ ចំពោះរាល់បុគ្គលទាំងឡាយដែលចូលរួមនៅក្នុងគម្រោងការនេះ ត្រូវជាប់ទោសពី «បទល្មើសរួមគំនិតក្បត់» ដែលជាបទឧក្រិដ្ឋមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ហើយទោសនេះ ត្រូវបន្ថែមទម្ងន់ដាក់ពន្ធនាគារពី ១០ទៅ២០ឆ្នាំ ប្រសិនបើជនល្មើស គឺជាអ្នករាជការសាធារណៈ។ ដោយឡែក ចំពោះបុគ្គលណាដែលបានចូលរួម ក្នុងអំពើរួមគំនិតក្បត់ខាងលើ ហើយបុគ្គលនោះបានសារភាពចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច និងសហការបង្ក្រាបបទល្មើសនេះ នឹងត្រូវទទួលបានការលើកលែងឲ្យរួចផុតពីការទទួលទោស ដោយអនុលោមតាមបញ្ញត្តិមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ទី៣៖ ការប្រើរចនាសម្ព័ន្ធនៃអតីតគណបក្សសង្គ្រោះជាតិគ្រប់លំដាប់ថ្នាក់ ដែលគណបក្សនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលដោយសាលដីកាស្ថាពរ លេខ ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីចូលរួមអនុវត្តផែនការខាងលើគឺជាទង្វើប្រឆាំងនឹងសាលដីការបស់តុលាការកំពូលផងខុសទៅនឹង ច្បាប់ស្តីពីគណបក្សនយោបាយផង និងខុសទៅនឹងច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាផង។
ទី៤៖ ផែនការនៃការប្រឆាំងនឹងសន្តិសុខរបស់ប្រទេសជាតិខាងលើ មិនត្រឹមតែខុសទៅនឹងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អាចខុសផងដែរទៅនឹងច្បាប់ស្តីពីការប្រឆាំងនឹងភេរវកម្ម អាស្រ័យទៅតាមករណីប្រព្រឹត្តជាក់ស្តែងនីមួយៗ។
ផ្អែកលើមូលដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជាខាងលើ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានស្នើសុំដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត និងតឹងរឹងបំផុតចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងសន្តិសុខនៃរដ្ឋខាងលើ ដើម្បីធានាការពារ និងថែរក្សាសន្តិភាព ស្ថិរភាពសង្គម និងវិបុលភាពរបស់ប្រទេសជាតិ ព្រមទាំងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។ ក្រសួងយុត្តិធម៌ ក៏អំពាវនាវជូនដល់ជនរួមជាតិ កុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ឧក្រិដ្ឋជន ដែលអាចនាំឲ្យខ្លួនជាប់ពាក់ព័ន្ធនឹងអំពើរួមគំនិតក្បត់ ដែលត្រូវមានទោសធ្ងន់ធ្ងរតាមច្បាប់ និងសូមចូលរួមប្រឆាំងឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញជាតិខាងលើនេះ ដោយសហការរាយការណ៍អំពីផែនការក្បត់ខាងលើ និងមុខសញ្ញាពាក់ព័ន្ធ ជូនទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីឈានទៅចាត់វិធានការច្បាប់ឲ្យមានប្រសិទ្ធភាព។
ដូច្នេះការប្រកាសវិលត្រឡប់ចូលស្រុកវិញរបស់សម រង្ស៊ី គឺក្នុងផែនការរដ្ឋប្រហារជាអំពើខុសច្បាប់ ដែលអាជ្ញាធរមានសមត្ថកិច្ចបានត្រៀមលក្ខណៈម្ចាស់ការ ទាំងផ្នែកកម្លាំង និងមធ្យោបាយអនុវត្តគ្រប់ជ្រុងជ្រោយរួចហើយ។ ផែនការជាបន្តបន្ទាប់ដែលក្រុមរដ្ឋប្រហារ និង ច្បាប់បានរៀបចំដូចជាការរៀបចំកម្លាំងក្នុងមួយឃុំចំនួន ១០០ នាក់ ក្រោមលេសទៅទទួលទណ្ឌិត សម រង្ស៊ី ត្រឡប់មកវិញ គឺជាការចូលរួមក្នុងក្នុងការធ្វើរដ្ឋប្រហារតាមរយៈបដិវត្តន៍ហិង្សា ដែលជាទង្វើខុសច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការច្បាប់គ្រប់ពេល និងគ្រប់ទីកន្លែង ហើយកន្លងទៅនេះ អ្នកដែលមិនគោរពតាមសាលដីកាតុលាការកំពូលជាច្រើននាក់ ត្រូវបានកោះហៅទៅសាកសួរ និងខ្លះដែលនៅតែងងើលបន្តបំពានសាលដីកា និងឃុបឃិតសមគំនិតជាមួយទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួន និងធ្វើការចោទប្រកាន់ផងដែរ ដោយសារតែពួកគេពាក់ព័ន្ធនឹងការធ្វើសកម្មភាពផ្សព្វផ្សាយផែនការរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បង្កអសន្តិសុខ បំពុលបរិយាកាសសង្គម។ រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យក្រុម ជនក្បត់ជាតិទាំងនេះបង្កព្យុះភ្លៀង អសន្តិសុខចំពោះជាតិបានឡើយព្រោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមប្រឆាំងមួយក្តាប់តូចបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងតែមាននេះបានឡើយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ បញ្ជាម៉ឺងម៉ាតរួចមកហើយថា«ងើបមួយបង្ក្រាបមួយ ងើបពីរ បង្ក្រាបពីរមិនអនុញ្ញាតឱ្យក្រុមក្បត់ជាតិបំផ្លាញកម្ពុជាឡើយ»៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩