ខ្មែរប៉ុស្ដិ៍ Close

ទណ្ឌិត សម រង្ស៊ី កំណត់យកថ្ងៃ ៩ វិច្ឆកា ដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 196
ទណ្ឌិត សម រង្ស៊ី កំណត់យកថ្ងៃ ៩ វិច្ឆកា ដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត ទណ្ឌិត សម រង្ស៊ី កំណត់យកថ្ងៃ ៩ វិច្ឆកា ដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត

ថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី ក្នុងដំណើទស្សនៈកិច្ចរបស់ខ្លួននៅប្រទេសអូស្រ្តាលី និងប្រទេសញូហ្ស៊ីឡែន បានបញ្ចេញវោហាសាសន៍នយោបាយដុតកម្តៅ ដុតកំហឹង ញុះញង់ និងបំផុសឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងទៅរកលោក ហ៊ុន សែន វិញ។ តើថ្ងៃ៩ វិច្ឆកា គឺជាថ្ងៃកំណត់របស់ទណ្ឌិត សម រង្ស៊ី ដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ថ្មីមួយទៀត ក្នុងគោលដៅរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន?
ជុំវិញការវិលត្រឡប់ចូលស្រុកវិញរបស់ទណ្ឌិត សម​ រង្ស៊ី ដែលកំណត់យកថ្ងៃ៩ វិច្ឆកា ក្នុងការវិលត្រឡប់ចូលស្រុកវិញ គឺពិតណាស់ ជាអ្វីដែលមហាជនទូទៅ បាននិងកំពុងសំឡឹងមើលឃើញថាជាបដិវត្តន៍ពណ៌ថ្មីមួយទៀត ឬការបង្កើតជំងឺចាស់ដ៏គ្រោះថ្នាក់ ដែលទណ្ឌិត សម រង្ស៊ី បានប៉ុនប៉ងម្តងហើយម្តងទៀត ឱ្យ​ងើបឡើងវិញ ក្នុងទិសដៅជាយុទ្ធសាស្រ្ត ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មួយ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ សារនយោបាយរបស់ទណ្ឌិត សម រង្ស៊ី ចុងក្រោយនេះ គឺពិតជាបានបង្ហាញ​នូវការដុតកម្តៅខាងនយោបាយមួយដ៏ស្រួចស្រាល និងដ៏គ្រោះថ្នាក់បំផុត ដែលទំនងនឹងរុញស្ថានការណ៍នយោបាយនៅកម្ពុជាឱ្យធ្លាក់ចូលក្នុងភាពអសន្តិសុខ អស្ថិរភាព ហើយទាញប្រទេសកម្ពុជាឱ្យធ្លាក់ចូលក្នុងភាពវឹកវ ភាពអាណាធិបតេយ្យដ៏គ្រោះថ្នាក់បំផុត ដែលមហាជនទូទៅមិនអាចទទួលយកបាន ក្នុងខណៈពេលដែលប្រទេសកំពុងមានសុខសន្តិភាព មានការអភិវឌ្ឍ មានវិបុលភាព និងវឌ្ឍនភាព ហើយដែលជីវភាពរបស់ប្រជាជនកម្នាក់ៗកំពុងតែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងមោទនភាពជាតិខ្មែរ ដែលមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនោះ។ ការបំផុសកម្លាំងកម្មករក្រៅប្រទេស២លាននាក់អមដំណើរទណ្ឌិតវិលចូលស្រុកវិញ និងការដុតកម្តៅ បំផុសគំហឹងខាងក្នុងប្រទេសឱ្យបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ឱ្យផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិវត្តន៍ពណ៌នេះធ្លាប់បានកើតឡើងក្នុងឆ្នាំ២០១៣ម្តងរួចហើយ តែភ័ព្វសំណាងរាជរដ្ឋាភិបាលកម្ពុជាបានទប់ស្កាត់ទាន់ពេលវេលាប្រកបដោយជោគជ័យ ដោយបាន និងមានប្រសិទ្ធភាពបំផុត។
​ពិតណាស់ ទណ្ឌិត សម រង្ស៊ី គឺជាទណ្ឌិតដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន នៅពេលណាបុគ្គលនេះ មកដល់កម្ពុជា។ ជាគោលការណ៍ វិធានការច្បាប់ត្រូវតែបានអនុវត្តយ៉ាងតឹងរឹងបំផុត ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដើម្បីការកសាង និងការអភិវឌ្ឍជាតិមាតុភូមិមួយនេះ ក៏ដូចដើម្បីរក្សាសេចក្តីសុខសាន្តរបស់ប្រជាជនជាចម្បង។
តើការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ថ្មីមួយទៀតនៅថ្ងៃ៩ វិច្ឆិកាខាងមុខនេះ គឺដើម្បីរុញស្ថានការណ៍នយោ​បាយ​ឱ្យធ្លាក់ចូលក្នុងអស្ថិរភាព និងអសន្តិសុខ ក្នុងគោលដៅកេងចំណេញនយោបាយ និងបំរើផលប្រយោជន៍ក្នុង​ភូមិសាស្រ្តនយោបាយរបស់បរទេសជាមហាអំណាចប៉ុណ្ណោះ។
ទោះបីយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋខ្មែរមានសិទ្ធិបោះឆ្នោតជាង ៨៣.០២% បាន​ចេញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំប្រទេស ដោយរួមសាមគ្គីជ្រោងទង់សន្តិភាព សុខសន្តិភាព ដើម្បីការអភិវឌ្ឍប្រទេស និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឱ្យបានល្អប្រសើរឡើង។

ដោយចេតនាអាក្រក់មកលើប្រទេសជាតិនិងប្រជាជនកម្ពុជា ដើម្បីតែមហិច្ឆិតាអំណាចនិងបម្រើ​ប្រយោជន៍បរទេសរបស់ទណ្ឌិត សម រង្ស៊ី នេះ រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចត្រូវអនុវត្តនិងលើកស្ទួយគោលការណ៍នីតិរដ្ឋជាដាច់ខាតដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព សណ្តាប់សង្គម និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវផែនការទុច្ចរិតដែលទណ្ឌិត សម រង្ស៊ី ព្យាយាមម្ត​ង​ហើយម្តងទៀតដើម្បីបំផ្ទុះបដិវត្តន៍ពណ៌ដ៏គ្រោះថ្នាក់មួយនេះ៕

ដោយ ឡុង បូរិតា