ទស្សនៈមិត្តអ្នកអាន៖ អ្នកសមគំនិតនិងមេរដ្ឋប្រហារ នឹងត្រូវផ្តន្ទាទោសតាមច្បាប់
ថ្មីៗនេះ អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សមួយចំនួន ពាក់ព័ន្ធនឹងការទៅទទួលយកផែនការរដ្ឋប្រហាររបស់ សម រង្ស៊ី មេចលនាឧទ្ទាមប្រឆាំងក្រៅច្បាប់ មកអនុវត្តនៅកម្ពុជា។ បញ្ហានេះត្រូវបានគេចោទថា រាជរដ្ឋាភិបាលមានការរឹតត្បិតសិទ្ធិសេរីភាពធ្វើនយោបាយរបស់ប្រជាពលរដ្ឋ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។
ពិតមែនហើយ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូបត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែការទៅទទួលយកផែនការរបស់ទណ្ឌិត សម រង្ស៊ី ក្បត់ជាតិ ដែលបាននិងកំពុងធ្វើសកម្មភាពញុះញង់ទឹកចិត្តកងទ័ព បំផុសបំផុលឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ពីក្រៅប្រទេស ជាទង្វើបំពានច្បាប់។ បំពានច្បាប់ គឺបង្កភាពវឹកវរដល់សង្គម បង្កអស្ថិរភាពនយោបាយ ធ្វើឲ្យមានការបែកបាក់ជាតិ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ផ្ទុយទៅវិញ ការលើកឡើងថា រាជរដ្ឋាភិបាលរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ គឺគ្រាន់តែជាលេសដើម្បីបិទបាំងទង្វើក្បត់ជាតិរបស់ក្រុមខ្លួនតែប៉ុណ្ណោះ។
គួរដឹងថា ផែនការដែលដាក់ចេញដោយ សម រង្ស៊ី គឺជាផែនការក្បត់ជាតិ ហើយអ្នកដែលសមគំនិតជាមួយជននេះ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន។ អ្នកសមគំនិតជាមួយ សម រង្ស៊ី ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា គឺជាការធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ហើយក៏ជាការក្បត់ឆន្ទៈប្រជាពលរដ្ឋកម្ពុជាចំនួន ៨៣.០២% ដែលបានចេញទៅបោះឆ្នោត។
គួរបញ្ជាក់ថា ចលនាឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី និងគូកន ត្រូវបានធ្វើឡើងនៅក្នុងទឹកដីប្រទេសមហាអំណាចមួយដែលមានអង្គការចាត់តាំងជាប្រព័ន្ធ និងមានរចនាសម្ព័ន្ធនៅក្រៅស្រុក និងក្នុងស្រុក។ ចលនាឧទ្ទាមប្រឆាំងក្រៅច្បាប់នេះ បានធ្វើសកម្មភាពញុះញង់ឲ្យមានអំពើបះបោរ ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ពិសេសការកៀរគរកម្លាំងពីក្រៅស្រុក និងក្នុងស្រុកឲ្យចូលទៅចាប់នាយករដ្ឋមន្ត្រីក្នុងមុខតំណែងដែលជ្រើសតាំងដោយប្រជាជនកម្ពុជាជាម្ចាស់ជោគវាសនារបស់ប្រទេសជាតិ។ តើវាត្រឹមត្រូវដែរឬទេ ដែលជនទាំងអស់នោះធ្វើសកម្មភាពក្រៅច្បាប់ ធ្វើសកម្មភាពតាមការបញ្ជាពីក្រៅប្រទេស ដែលមានរចនាសម្ព័ន្ធ អង្គការចាត់តាំងត្រឹមត្រូវ ដែលគេអាចនិយាយបានថា ជាបណ្តាញភេរវជនដឹកនាំដោយ សម រង្ស៊ី?
ជាការពិត រាជរដ្ឋាភិបាលមានកាតព្វកិច្ចស្របច្បាប់ អនុវត្តវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់បំផុតទោះក្នុងតម្លៃណាក៏ដោយ ដើម្បីទប់ស្កាត់រាល់អំពើទាំងឡាយណាដែលនាំឆ្ពោះទៅរកការផ្តួលរំលំរាជរដ្ឋាភិបាល គឺជាការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលខុសពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ជនទាំងឡាយណាដែលចូលរួមនៅក្នុងសកម្មភាពញុះញង់ បំបះបំបោរ អុជអាល នៅក្នុងអំពើរដ្ឋប្រហារប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ប៉ុនប៉ងចាប់នាយករដ្ឋមន្ត្រី ជនទាំងនោះ គឺត្រូវតែផ្តន្ទារទោសតាមច្បាប់ជាដាច់ខាត់។
ប្រជាជាតិកម្ពុជា ធ្លាប់មានប្រវត្តិជូរចត់ជួបគ្រោះមហន្តរាយកាលពីឆ្នាំ១៩៧០ ដែលពួកសាធារណរដ្ឋនិយមដែលមានប្រទេសមហាអំណាចមួយនៅពីក្រោយ បានធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយមទី១។ លទ្ធផលនៃការធ្វើរដ្ឋប្រហារទម្លាក់របបដែលដឹកនាំដោយអតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ បានធ្វើឲ្យប្រជាជន និងប្រទេសកម្ពុជាទាំងមូល ទទួលរងនូវគ្រោះមហន្តរាយទាំងស្រុង គឺខ្ទេចខ្ទីអស់ហេដ្ឋារចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច មនុស្សរាប់លាននាក់បានស្លាប់ និងព្រាត់ប្រាស់គ្រួសារ។
ឆ្លងតាមបទពិសោធន៍ដ៏ឈឺចុកចាប់នេះ ប្រជាពលរដ្ឋខ្មែរនឹងមិនលុះចូលរួមក្នុងសកម្មភាពដ៏ល្ងង់ខ្លៅដឹកនាំដោយ សម រង្ស៊ី ប៉ុនប៉ងធ្វើរដ្ឋប្រហាររបបរាជានិយមទី២នាពេលបច្ចុប្បន្ននេះឡើយ ពោលគឺប្រជាជនកម្ពុជាបច្ចុប្បន្នចេះស្រឡាញ់ជីវិតខ្លួនឯង ចង់បានការអភិវឌ្ឍ និងយកចិត្តទុកដាក់នឹងជីវភាពរស់នៅប្រចាំថ្ងៃដែលកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ពួកគេមានមោទកភាពរស់នៅក្នុងសង្គមមួយដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ ពីព្រោះប្រជាជនកម្ពុជាបច្ចុប្បន្នមានការចេះដឹងច្រើន សិស្សនិស្សិត បញ្ញាវ័ន្ត បច្ចុប្បន្នទទួលបានការសិក្សាអប់រំរៀនសូត្រច្រើនពីប្រវត្តិអតីតកាលអំឡុងទស្សវត្សរ៍ឆ្នាំ១៩៧០ ដែលបានទាញទម្លាក់កម្ពុជាឲ្យធ្លាក់ក្នុងគ្រោះមហន្តរាយជាងពីរទស្សវត្សរ៍។ បច្ចុប្បន្ន ជាយុគសម័យថ្មី សម័យសន្តិភាព ប្រជាជនកម្ពុជាទូទាំងប្រទេសនាំគ្នាជ្រោងទង់សន្តិភាព ដើម្បីបន្តការគាំទ្រការកសាង ការអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។
យ៉ាងណាមិញ អ្នកដើរតាមការបោកប្រាស់របស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី និងគូកន សូមកុំលង់ក្នុងឧបាយកលរបស់ជនក្បត់ជាតិនេះ ព្រោះពួកគេគ្រាន់តែយកបងប្អូនធ្វើជាឈ្នាន់ប៉ុណ្ណោះ អ្នកដែលរងគ្រោះយកជីវិតទៅការពារជនក្បត់ជាតិ គឺបងប្អូន ហើយអ្នកដែលលំបាក គឺក្រុមគ្រួសារបងប្អូនផ្ទាល់។ ចំណែក សម រង្ស៊ី និងបរិវាមួយតំបរស្វា មិនស្ម័គ្រចូលគុកឡើយ ពួកគេគ្រាន់តែបោកប្រាស់បងប្អូន ដើម្បីធ្វើតេស្តកម្លាំង សាកល្បងកម្លាំង និងរៃអង្គាសប្រាក់ពីបងប្អូនដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកទាំងនេះ គឺជាសត្រូវប្រជាជនបំផ្លាញសេចក្តីសុខរបស់យើងទាំងអស់គ្នា បម្រើផលប្រយោជន៍បរទេសតែប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសគោលជំហរម៉ឹងម៉ាត់ច្បាស់លាស់ហើយថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជា នឹងមិនអនុញ្ញាតឲ្យក្រុមជនក្បត់ជាតិមួយក្តាប់តូចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនមួយប្រទេសបានឡើយ៕
ដោយ៖ សេង កំពូល