ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យដោះ​លែង​អតីតសមាជិកបក្សប្រឆាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យដោះ​លែង​អតីតសមាជិកបក្សប្រឆាំង អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបចំពោះការអំពាវនាវរបស់សហរដ្ឋអាមេរិក ឱ្យដោះ​លែង​អតីតសមាជិកបក្សប្រឆាំង

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្រ្តី បានអះអាងថា ការអំពាវនាវរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ឱ្យដោះ​លែង​អតីតសមាជិក នៃអតីតគណបក្សប្រឆាំងនោះ គឺរាជរដ្ឋាភិបាលកម្ពុជាមិនអាចធ្វើបានទេ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា៖ «ការបង្គាប់ ឬសំណូមពរមកកាន់រាជរដ្ឋាភិបាលកម្ពុជា គឺយើងមិនអាចធ្វើបានទេ យើងអត់មានអំណាចទៅធ្វើដើម្បីរុករានគ្រប់ដណ្តប់ទៅលើកាតព្វកិច្ចរបស់តុលាការ»។

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន លោកស្រី Morgan Ortagus បានចេញសេចក្តីប្រកាសខ្លីជាវីដេអូមួយ ដោយបង្ហាញការព្រួយបារម្ភ អំពីស្ថានភាពនយោបាយនៅកម្ពុជា ហើយជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនរបស់ អតីតគណបក្សប្រឆាំង ដែលត្រូវបានចាប់ខ្លួនថ្មីៗនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនទាន់យល់អំពីច្បាប់ និងការបែងចែកអំណាចរបស់ប្រទេសកម្ពុជានោះទេ។ លោកបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកាត់ទោសរំលាយរួចទៅហើយ កាលពីចុងឆ្នាំ២០១៧ ដោយឈរលើអង្គហេតុ និងអង្គច្បាប់ ហើយតាមច្បាប់ គឺពុំមានសកម្មជនគណបក្សសង្រ្គោះជាតិទៀតឡើយ។

លោកបានបញ្ជាក់ទៀតថា អ្វីដេលជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើនេះ គឺជាការអនុវត្តតាមបទបញ្ជារបស់តុលាការ ព្រោះកម្ពុជាបានបែងចែកអំណាចជាបីដាច់ដោយឡែកពីគ្នាគឺ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ លោកបានគូសបញ្ជាក់បន្ថែមថា បុព្វសិទ្ធិនាយករដ្ឋមន្រ្តី ក្នុងការស្នើលើកលែងទោស ឬបន្ធូរបន្ថយទោសនរណាម្នាក់ គឺលុះត្រាណាតែចប់នីតិវិធីតុលាការតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «ជនជាប់កាតព្វកិច្ចរបស់តុលាការ ដោយមានអង្គហេតុ និងអង្គច្បាប់ រាជរដ្ឋាភិបាលមិនមានអំណាចណា​ទៅជ្រៀតជ្រែកទេ លើកលែងតែចប់ករណីរបស់តុលាការ​ដែលជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្រ្តី។ អ្នកឃាត់ខ្លួន ត្រូវតែឆ្លងកាត់ដំណាក់កាលតុលាការ ហើយបុព្វសិទ្ធរបស់នាយករដ្ឋមន្រ្តី គឺនៅពេលដែលច្បាប់នីតិវិធីរបស់តុលាការ បាននាយករដ្ឋមន្រ្តី អាចស្នើសុំលើកលែងទោស ឬបន្ធូរបន្ថយទោស»៕

អត្ថបទទាក់ទង