ខ្មែរប៉ុស្ដិ៍ Close

វីរ៉ុសកូរ៉ូណាថ្មី បង្ខំឲ្យចិនបញ្ឈប់ការផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រលើពិភពលោក និងកម្ពុជាផងដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
វីរ៉ុសកូរ៉ូណាថ្មី បង្ខំឲ្យចិនបញ្ឈប់ការផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រលើពិភពលោក និងកម្ពុជាផងដែរ វីរ៉ុសកូរ៉ូណាថ្មី បង្ខំឲ្យចិនបញ្ឈប់ការផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រលើពិភពលោក និងកម្ពុជាផងដែរ

លោក ផៃ ស៉ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ដោយសារតែជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរ៉ុសកូរ៉ូណាថ្មី បានធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើមរបស់ចិន សម្រេចចិត្តបញ្ឈប់ការផ្គត់ផ្គង់វត្ថុធាតុដើម ដល់រោងចក្រតាមប្រទេសនានាលើពិភពលោក និងកម្ពុជាផងដែរ។

ការអះអាងរបស់លោក ផៃ ស៉ីផាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងបរិបទនៃជំងឺវីរ៉ុសហ្នឹង យើងឃើញមានផលប៉ះពាល់ច្រើនជុំវិញពិភពលោក រវាងការផ្តល់ និងទទួលវត្ថុធាតុដើមពីប្រទេសចិន អាស្រ័យដោយរោងចក្រចិនមួយចំនួនធំបានបិទ ដូចជារោងចក្រផលិតរថយន្ត ហើយការបិទរោងចក្រហ្នឹងអាចមានផលប៉ះពាល់ដល់ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាដែរ ដូចជាការបញ្ជូនវត្ថុធាតុដើមមកកាន់កម្ពុជា»។

«ដូច្នេះរយៈពេលនៃការបិទ ក៏ដូចជាការបញ្ជាទិញ វាត្រូវរយៈពេល ៩០ថ្ងៃទៅ ១០០ថ្ងៃ ហើយពិភពលោកមិនទាន់បានទទួលការឆ្លើយតបអ្វីឡើយ ពីរឿងរោងចក្រផ្តល់វត្ថុធាតុដើម មកកាន់រោងចក្ររបស់គេរៀងៗខ្លួន នៅលើពិភពលោក ក៏ដូចជាកម្ពុជាដែរ។ ដូច្នេះផលរំពឹងទុករបស់យើង រហូតដល់១០០ថ្ងៃ ប្រហែលជាខែមិនា យើងនឹងអាចទទួលលទ្ធផលថាតើ វត្ថុធាតុរបស់ចិនហ្នឹង អាចមកកាន់ទីផ្សារពិភពលោកដែរទេ»។

សូមបញ្ជាក់ថា បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រសិនជារោងចក្រនៅប្រទេសចិន បន្តបិទលើសចុងខែកុម្ភៈទៀតនោះ នឹងមានរោងចក្រមួយចំនួននៅកម្ពុជា អាចប្រឈមនឹងការបិទទ្វារបណ្តោះអាសន្នដោយសារកង្វះវត្ថុធាតុដើម នាំចូលពីប្រទេសចចិន។

ក្រុមអ្នកជំនាញខាងឧស្សាហកម្មរថយន្ដរបស់ចិន បានព្រមានថា ចិនអាចនឹងខាតបង់ការផលិតរថយន្ដ១លានគ្រឿង ខណៈរោងចក្រផលិតរថយន្ដជាច្រើន នៅក្នុងប្រទេស បានបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារតែការរីករាលដាលនៃវីរុសកូរ៉ូណា។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានអន្តរជាតិ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអ្នកជំនាញដូចជា លោក Michael Dunne ដែលជានាយកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកឧស្សាហកម្មរថយន្ដអាស៉ី ZoZo Go ក្រុមហ៊ុនផលិតរថយន្ដជាច្រើន ដែលមាន រោងចក្រនៅក្នុងប្រទេសចិន បានឲ្យដឹងថា ពួកគេគ្រោងនឹងបើករោងចក្រឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ប៉ុន្តែមានក្រុមហ៊ុនខ្លះអាចនឹងបន្តបិទទ្វាររោងចក្ររបស់ខ្លួន ជាបណ្ដោះអាសន្នយូរជាងនេះក៏ថា ស្របពេលការស្លាប់ និងការឆ្លងវីរុសដូចជាមិនទាន់មានភាពធូរស្រាលទាល់តែសោះ។ លោក Dunne បន្ថែមថា ការបិទទ្វាររោងចក្រ នៅក្នុងប្រទេសចិន ពីសំណាក់ក្រុមហ៊ុនផលិតរថយន្ដធំៗ អាចនឹងធ្វើឲ្យចិនខាតបង់ការផលិតរថយន្ដ ១លានគ្រឿង ហើយវាអាចនឹងកាន់តែធ្ងន់ធ្ងរជាងនេះទៅតាមរយៈ ពេលនៃការបិទរោងចក្រ។

ស្របពេលជាមួយគ្នានេះ វិស័យនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ចិន អាចប្រឈមនឹងការធ្លាក់ចុះក្នុងទំហំរហូតដល់ ៨០០លានដុល្លារ ប្រសិនបើបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV នៅតែមិនទាន់អាចគ្រប់គ្រងបានទាំងស្រុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន VN Express នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ផាន វ៉ានជីញ (Phan Van Chinh) នាយកទីភ្នាក់ងារពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម បានលើកឡើងថា ប្រសិនបើបញ្ហារីករាលដាលនៃវីរុសកូរ៉ូណាថ្មី នៅតែមិនអាចគ្រប់គ្រងបានទេនោះ ក្នុងរយៈពេល ០៣ខែ ទំហំនៃការប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្ម ទៅកាន់ប្រទេសចិន គឺនឹងចន្លោះពី ៤០០-៦០០លានដុល្លារ ហើយប្រសិនបើវាបន្តយូរជាងនេះទៀត តួលេខអាចកើនឡើងដល់ចន្លោះ ៦០០-៨០០លានដុល្លារអាមេរិក។

រីឯរដ្ឋមន្រ្តីឧស្សាហកម្ម-ពាណិជ្ជកម្មវៀតណាម លោក ត្រាន ធួនអាញ់ (Tran Tuan Anh) បាននិយាយថា បញ្ហាវីរុសកូរ៉ូណាថ្មីទំនងជានឹងបង្កការខូចខាតធំ ដល់ការធ្វើពាណិជ្ជកម្មជាមួយចិន ដែលអតិថិជនធំបំផុតនៃផលិតផលកសិកម្មរបស់វៀតណាម កាលពីឆ្នាំ២០១៩ ហើយដំណោះស្រាយរយៈពេលខ្លី និងរយៈពេលវែង គឺត្រូវការជាចាំបាច់សម្រាប់ដោះស្រាយបញ្ហានេះជាបន្ទាន់។

ក្រសួងផែនការ និងវិនិយោគវៀតណាម ក៏បានធ្វើការប៉ាន់ស្មានដែរថា ប្រសិនបើបញ្ហាវីរុសកូរ៉ូណាថ្មី មិនអាចគ្រប់គ្រងបាននៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ នេះទេនោះ ទំហំនៃការនាំចេញផលិតផលរបស់វៀតណាមទៅកាន់ចិន ក្នុងត្រីមាសនេះនឹងធ្លាក់ចុះ២៥ភាគរយ ហើយបើបន្តដល់ត្រីមាសទី២ វាអាចនឹងធ្លាក់រហូតដល់ ៥៦ភាគរយ៕

អត្ថបទទាក់ទង