ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 59
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារវិនិយោគជាមួយលោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន CHINT Group របស់ប្រទេសចិន។ នៅក្នុងកិច្ចពិភាក្សានោះ គឺបានៗផ្តោតសំខាន់ទៅលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន២របស់ចិនដែលជាដៃគូររបស់កម្ពុជា។ កន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគទៅលើគម្រោងវារីអគ្គិសនីតាតៃ ដែលបច្ចុប្បន្ននេះកំពុងទទួលបានជោគជ័យ ហើយកំពុងសម្លឹងឱកាសវិនិយោគបន្ត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍គណៈ ប្រតិភូក្រុមហ៊ុនចិន និងអរគុណក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជាលើវិស័យអគ្គីសនី។ ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន CHINT Group ចំពោះការវិនិ យោគនៅកម្ពុជា គឺបានបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្មដែលស្របទៅនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា និងចិន។

គណៈប្រតិភូក្រុមហ៊ុន CHINT Group បានសំដែងនូវក្តីរីករាយ និងមោទនភាព ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាត្តអោយចូលជួបពិភាក្សាការងារវិនិយោគបន្ត។ គណៈប្រតិភូបានបង្ហាញនូវភាពជឿជាក់ថា ក្នុងរយៈពេលដែលក្រុមហ៊ុនបានមកបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាង ១០ឆ្នាំកន្លងមកនេះ។ អ្វីដែលក្រុមហ៊ុនបានឃើញច្បាស់ គឺកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយដែលមានការរីកចម្រើន រួមទាំងកំណើនសេដ្ឋកិច្ច សង្គមកិច្ច ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែមានជំនឿជឿជាក់ក្នុងការបន្តដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តទៀតដើម្បីជួយអភិវឌ្ឍប្រទេសកម្ពុជា។

កន្លងមកក្រុមហ៊ុន CHINT Group បានវិនិយោគលើគម្រោងវារីអគ្គីសនីតាតៃខាងក្រោមដែលបានផលិតអគ្គីសនីសម្រាប់ប្រើប្រាស់នៅក្នុងប្រទេសដោយជោគជ័យ។ ក្រុមហ៊ុនពេញចិត្តក្នុងការបន្តវិនិយោគនៅកម្ពុជា ដោយបានលើកសំណើគម្រោងវិនិយោគវារីអគ្គិសនីតាតៃខាងលើជម្រាបជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្រុម​ហ៊ុនមានជំនឿថាវានឹងផ្ដល់ផលចំណេញយ៉ាងច្រើន ពីព្រោះគម្រោងនេះគឺប្រើប្រាស់បណ្ដាញទឹកតែមួយហើយអាចប្រើបាន២ប្រភព ដែលនឹងជួយឲ្យបំពេញតម្រូវការនៃការប្រើប្រាស់អគ្គិសនីនៅក្នុងប្រទេសដែលកំពុងត្រូវការចាំបាច់ទាំងសម្រាប់ប្រជាពលរដ្ឋ និងពាណិជ្ជករទូទៅ។

ជាមួយគ្នានោះផងដែរ គណៈប្រតិភូក្រុមហ៊ុន ក៏បានលើកឡើងនូវគម្រោងវិនិយោគកសាងរោងចក្រផលិតឧបករណ៍ដែលបំរើការទៅលើវិស័យថាមពលប្រកបដោយបច្ចេកវិទ្យាទំនើប ដូចជាត្រង់ស្វូ បន្ទះសូឡា និងគ្រឿងឧបករណ៍ផ្សេងៗទៀតដែលសម្រាប់ប្រើប្រាស់នៅក្នុងវិស័យងថាមពល ដែលនឹងជួយថែរក្សាការការពារនូវការប៉ះពាល់បរិស្ថាន និងការសន្សំសំចៃភ្លើងផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍ និងអបអរសាទរនូវគម្រោងនេះ ដោយបានមានប្រសាសន៍ថា នេះគឺជាអត្ថប្រយោជន៍មួយសំខាន់នៅក្នុងយុទ្ធ សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងចំណោមយុទ្ធសាស្ត្រទាំង៤ ដែលក្នុងនោះមាន ធនធានមនុស្ស ផ្លូវ ភ្លើង និងទឹក ដូច្នេះការវិនិយោគទៅលើវិស័យថាមពលអគ្គិសនី គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។ លោក បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអគ្គិសនីត្រូវបានធ្វើការចែកចាយមិនត្រឹមតែក្នុងទីក្រុងប៉ុណ្ណោះទេ គឺត្រូវបានបម្រើចែកចាយដល់ទីជនបទដាច់ស្រយាលផងដែរ។

ស្របពេលក្នុងការបណ្តាក់ទុនជាលើកទី២នៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការណែនាំដល់ក្រុមហ៊ុនមិនត្រូវមើលតែលទ្ធភាពទីផ្សារកម្ពុជា ដែលមានមនុស្សប្រមាណ ១៦លាននាក់នោះទេ គឺត្រូវមើលទីផ្សារអាស៊ាន (ASEAN Market) ទីផ្សារតំបន់ ជាពិ​សេសក្នុងកម្រោងនៃកិច្ចព្រមព្រៀងថ្មីៗនោះ មាន​ន័យ​ថារាល់ការវិនិយោគមិនត្រឹមតែបំរើនូវសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាទេ គឺត្រូវគិតទៅលើការផ​លិតដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារដទៃទៀតខាងក្រៅផងដែរ។

ជារួមនៅក្នុងជំនួបនេះ លោក បានស្វាគមន៍ចំពោះគម្រោងដែលក្រុមហ៊ុនចិនបានលើកឡើង ហើយជំរុញឲ្យក្រុមហ៊ុនខិតខំអនុវត្តបានជោគជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណក្រុមហ៊ុន CHINT Group ហើយបានស្នើសុំអោយក្រុមហ៊ុនលោក និងក្រុមហ៊ុនប្រទេសចិនទាំងអស់បន្តវិនិយោគរួមចំណែកអភិវឌ្ឍន៍កម្ពុជា ហើយបានស្នើសុំអោយភាគីមិត្តចិនបើកទីផ្សារអោយបានទូលាយថែមទៀត សម្រាប់នាំចូលនូវផលិតផលកសិកម្មអោយបានកាន់តែច្រើនពីកម្ពុជា។

ទន្ទឹមនឹងនោះដែរ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា នឹងស្នើសុំអោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងពាណិជ្ជកម្មសេរី ជាមួយប្រទេសចិន ដើម្បីធានាដល់បរិយាកាសល្អសម្រាប់ក្រុមហ៊ុនចិនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា៕

អត្ថបទទាក់ទង