ខ្មែរប៉ុស្ដិ៍ Close

    កិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ លែងជាឧបកណ៍សម្រាប់ដំណោះស្រាយនយោបាយកម្ពុជាបច្ចុប្បន្នបានទៀតហើយ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1629
    កិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ លែងជាឧបកណ៍សម្រាប់ដំណោះស្រាយនយោបាយកម្ពុជាបច្ចុប្បន្នបានទៀតហើយកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ លែងជាឧបកណ៍សម្រាប់ដំណោះស្រាយនយោបាយកម្ពុជាបច្ចុប្បន្នបានទៀតហើយ

    នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ទណ្ឌិតសម រង្ស៊ី បាន​លប​លួច​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​លោក មហាធៀ មហាម៉េត នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ដើម្បី​សុំ​អង្វរ​​ជួយ​ដោះស្រាយរបស់​ដែលហៅថា វិបត្តិនយោបាយនៅកម្ពុជា អាស្រ័យ​ដោយ​ប្រទេស​ម៉ាឡេ​ស៊ី​បាន​ដើរ​តួរ​សំខាន់​ក្នុង​កិច្ច​ព្រម​ព្រៀង​​ក្រុងប៉ារីសឆ្នាំ១៩៩១។ ក្នុងន័យនេះ ទណ្ឌិតរូបនេះគិតថា កិច្ច​ព្រម​ព្រៀង​នេះ​នៅ​តែ​ជា​ឧប​ករណ៍​ដើម្បី​ជួយ​ស្វែងរកដំណោះស្រាយលើអ្វីដែលគេហៅថា វិបត្តិនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ន។ សំណួរសួរថា​តើ​កម្ពុជាបច្ចុប្បន្នមានវិបត្តិនយោបាយឬទេ? តើ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​នៅ​មាន​សុពល​ភាព​ក្នុង​ដំណោះ​ស្រាយ​នយោបាយរួមនៅកម្ពុជាឬទេ? តើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាច​នឹង​យល់​ព្រម​ឱ្យ​មាន​ការ​ចរ​ចាឡើងវិញជាមួយទណ្ឌិតនេះបានឬទេ? តើមានកត្តាអ្វីខ្លះដែលការចរចាមិនអាចធ្វើទៅបាន?

    រហូតមកដល់ពេលេះ សម រង្ស៊ីផ្ទាល់ គឺជាទណ្ឌិត ដែលតុលាការបានចេញដីកាតាមចាប់ខ្លួន លើ​បទ​ឧក្រិដ្ឋ​ជាច្រើនករណីពីបទញុះញង់ បំផុសបំផុល បំបះបំបោរ បញ្ឆេះកំហឹងមហាជនឱ្យប្រឆាំង ផ្តួល​រំលំ​រាជ​រដ្ឋាភិ​បាលស្របច្បាប់ ហើយចុងក្រោយទណ្ឌិតនេះបានប្រកាសចាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ដែល​កំពុង​ឋិត​ក្នុងតំណែង។ អតីតបក្សសង្រ្គោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​សម្រេច​រំលាយ​ចោល​​ដោយអតីតបក្សមួយនេះបានប្រព្រឹត្តផ្ទុយនឹងច្បាប់ពីគណបក្សនយោបាយ ហើយ​បាន​ហាម​ប្រាម​ថ្នាក់​ដឹក​នាំចំនួន១១៨ ពីការធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ។ តែ​ទីបំផុត​ក្រុ​ម​អតីត​បក្ស​ប្រឆាំង​បាន​បង្កើត​ចលនាឧទ្ទាមក្រៅច្បាប់មួយទៀតនៅឯក្រៅប្រទេសបឆាំងនឹងរាជរដ្ឋាភិបាល ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំង​នឹង​គោល​ការណ៍លទ្ធិប្រជាថិបតេយ្យសេរី និង​ឆន្ទៈ​របស់​ប្រជា​ជន​ដែល​ជា​ម្ចាស់​នៃ​ជោគ​វាសនា​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ ហើយចុងក្រោយនេះ ទណ្ឌិត សម រង្ស៊ី បានប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រថា ជា​អាយ៉ង​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាទង្វើប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលបានចែងថា អង្គ​ព្រះមហា​ក្សត្រ​មិនអាចត្រូវបានរំលោភបំពានបានឡើយ។

    អាស្រ័យដោយសារមើលឃើញច្បាស់ថា មហាជនភាគច្រើនមិនគាំទ្រទង្វើក្បត់ជាតិ និង​មិន​អាច​វិល​ត្រឡប់​ចូលស្រុកបាន ទណ្ឌិត​ក៏​សម្រេច​ចិត្ត​ធ្វើ​ខ្លួន​ថោក​ទាប​លួច​សរសេរ​លិខិត​សុំ​ជំនួយ​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី ឱ្យជួយសម្របសម្រួលខាងនយោបាយ ហើយក៏ដើម្បីខ្លួនបានវិលត្រឡប់ចូលស្រុកវិញ ដោយ​លើក​យកកិច្ចព្រមព្រៀងក្រុងប៉ារីសធ្វើជាលេស។
    គួររម្លឹកថា កិច្ចព្រមព្រៀងក្រុងប៉ារីស១៩៩១ មានគោលបំណងបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែល​បានផ្ទុះឡើងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩១ ក្នុងនោះ មានភាគីក្នុងជម្លោះរួមមានគណបក្សប្រជាជនកម្ពុជា ហ្វ៊ុន​ស៊ិនប៉ិច រណសិរ្យរំដោះប្រជាពលរដ្ឋខ្មែរ និងកម្ពុជាប្រជាធិបតេយ្យ ដោយ​មាន​ការ​សម្រប​សម្រួល​ពី​ប្រទេសបារាំង និងឥណ្ឌូណេស៊ី ដែលជាសហប្រធាន ដោយមានហត្ថលេខី១៨ ប្រទេសធ្វើជាសាក្សី ដើម្បី​ធានាថា បេសក​កម្ម​របស់​អាជ្ញាធរ​អន្តរកាល​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ត្រូវ​បាន​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ក្នុង​ក្រប​ខណ្ឌនៃប្រតិបត្តិការសម្របសម្រួលដោយអង្កការសហប្រជាជាតិ។ ជាការពិត គោលបំណងនិង​បេស​ក​កម្ម​នៃ​កិច្ចព្រមព្រមព្រៀងនេះ ត្រូវបានប្រគល់ជូនអាជ្ញាធរអត្តរកាលនៃអង្កការសហប្រជាជាតិ ដោយ​មាន​កិច្ច​សហ​ប្រតិ​បត្តិការជាមួយនឹងឧត្តមក្រុមប្រឹក្សាជាតិជាន់ខ្ពស់ដែលតំណាងដោយភាគីក្នុងជម្លោះទាំងបួន។ គោល​បំណង​នៃកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់តាមរយៈបេសកកម្មរបស់អ៊ុនតាក់ ក្នុងនោះ មាន​ការ​ធើ្វ​មាតុភូមិ​និវត្តិន៍​ជនភៀសខ្លួនដែលបានផ្លាស់ទីដោយសារសង្រ្គាម ការប្រមូលផ្តុំកងទ័ពនៃគ្រប់ភាគី ដើម្បី​ការ​កាត់​រំសាយ​​កង​ទ័ព ការបោះឆ្នោតសកល ការអនុវត្តគោលការណ៍គោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងគោល​ការណ៍​ដើម្បីធានាការគោរពចំពោះអធិបតេយ្យជាតិ ឯករាជ្យ បូរណភាពទឹកដីនៃប្រទេសកម្ពុជា។

    ជាការពិត បេសកកម្មរួមរបស់កិច្ចព្រមព្រៀងក្រុងប៉ារីសត្រូវបានបំពេញចប់សព្វគ្រប់ ដោយអាជ្ញា ធរ​បណ្តោះអាសន្ននៃអង្គការសហប្រជាជាតិហៅថា អ៊ុនតាក់ វាលើកលែង ភាគីអតីតកម្ពុជាប្រជាធិបតេយ្យ ក្នុង​ចំណោមភាគីទាំងបួនក្នុងជម្លោះ ដែលបានសម្រេចដកខ្លួនចេញពីការរំសាយកងទ័ព និងការបោះឆ្នោត។ នៅ​ឆ្នាំ​១៩៩៤ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ដាក់ក្រុមកម្ពុជាប្រធិបតេយ្យឱ្យនៅក្រៅច្បាប់ ហើយ​ក្រោយមក ក៏បាន​ក្លាយ​ទៅ​ជា​ចលនា​ឧទ្ទាម​ក្រៅ​ច្បាប់​ប្រឆាំង​នឹង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​រហូត​ដល់​មាន​ការធ្វើសមាហរណ​កម្មចូលរួមរស់ក្នុងសង្គមជាតិវិញក្រោមការអនុវត្តនៃនយោបាយឈ្នះ-ឈ្នះរបស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចុងឆ្នាំ១៩៩៨។

    សមិទ្ធផលធំបំផុត ក្រោយការរៀបចំការបោះឆ្នោតជាសកលលើកដំបូងឆ្នាំ១៩៩៣ ដោយ​អាអ្ញាធរ​បណ្តោះ​អាសន្ននៃអង្កការសហប្រជាជាតិ គឺបានបង្កើតឱ្យមានរដ្ឋធម្មនុញឆ្នាំ១៩៩៣ របបរាជានិយមទី២ អនុវត្ត​របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ដូច្នេះ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជា​ច្បាប់​កំពូល​នៃ​ព្រះ​រា​ជាណាចក្រកម្ពុជាតែមួយគត់ ដែលបានកំណត់អំពីគោលការណ៍គ្រឹះ របៀបដឹកនាំកិច្ចការរដ្ឋ និង​កិច្ច​ការ​អន្តរ​ជាតិ និង​គោល​ការណ៍​គ្រឹះ​សំខាន់ៗ​នៃ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ទាំងស្រុង។ ជាការកត់សំគាល់ក្នុងវិស័យនយោបាយការបរទេស កម្ពុជា​បាន​អនុវត្ត​នយោ​បាយ​អព្យា​ក្រិតអចិន្ត្រៃយ៍ មិនចូលបក្សសម្ព័ន្ធយោធាជាមួយនឹងបរទេសណាទាំងអស់ ដោយ​ប្រកាន់​យក​គោល​នយោ​បាយ​សន្តិសហវិជ្ជមាន​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ​របស់​ខ្លួន​ជា​មួយ​បណ្តា​ប្រទេស​ទាំង​អស់​ក្នុង​សកល​លោក។

    ដូច្នេះ កិច្ចព្រមព្រៀងក្រុងប៉ារីស​លែង​ជាប់​ពាក់​ពន័្ធ​នឹង​អ្វីដែល​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ទៀត​នោះ​ឡើយ អាស្រ័យដោយប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួន កម្ពុជា​បាន​អនុវត្ត​និង​ប្រកាន់​យក​មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស មានការបោះឆ្នោតជាតិត្រឹមត្រូវ និងទៀងទាត់ ដើម្បី​ជ្រើស​តាំង​មេ​ដឹក​នាំ​រាជរដ្ឋាភិបាលមួយ ស្របតាមឆន្ទៈរបស់អ្នកបោះឆ្នោតជាបន្តបន្ទាប់។ ប្រទេសម៉ាឡេស៊ី ត្បិត​តែ​ជា​ហត្ថ​លេខី​នៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះមែន ក៏ប៉ុន្តែ ក្នុង​ឋានៈ​ជា​ប្រទេស​ជា​សមាជិក​នៃ​សមាគម​​ប្រជា​ជាតិ​អាស៊ី​​អាគ្នេយ៍មិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបាននោះឡើយ។ ករណី​លើក​ឡើង​របស់​ទណ្ឌិត ពិតជាបានប្រាសចាកពីបរិបទ និងស្មារតីពិតនៃកិច្ចព្រមព្រៀងក្រុងប៉ារីសនោះទាំងស្រុង ពីព្រោះ កិច្ច​ព្រម​ព្រៀងនោះ បានអនុវត្តបេសកកម្មរបស់ខ្លួនតាមរយៈអាជ្ញាធរ បណ្តោះ​អាសន្ន​នៃ​អង្កការ​សហ​ប្រជាជាតិ​​ហៅថា អ៊ុនតាក់ ហើយវាក៍មិនបានផ្តល់ការអនុញាតិឱ្យចូលធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែល​ជារដ្ឋអធិបតេយ្យពេញលេញបាននោះឡើយ។

    ជាការពិត ករណីលើកឡើងរបស់ទណ្ឌិតរូបនេះមិនអាចអនុញាត​ឱ្យប្រទេសម៉ាឡេស៊ីចូល​ពាក់​ព័ន្ធ​នឹង​កិច្ចការផ្ទៃក្នុងរបស់កម្ពុជបានឡើយ ពីព្រោះករណីរបស់ទណ្ឌិតនេះ គឺពាក់ព័ន្ធ​សុទ្ធ នឹង​ការអនុវត្ត​វិធាន​ការ​ផ្លូវច្បាប់របស់កម្ពុជា។ ទណ្ឌិត គឺជាបុគ្គលដែលតុលាការកម្ពុជាបានចេញដីកាចាប់ខ្លួន ហើយ​សមត្ថ​កិច្ច​កំពុង​តាមចាប់ខ្លួនពីបទប្រឆាំងនឹងសាលដីកាតុលាការកំពូលកម្ពុជា ជាប់​ទោស​ឧក្រិដ្ឋ​ពី​បទ​ញុះ​ញុង់​ឱ្យ​កង​កម្លាំង​ប្រដាប់អាវុធងើបប្រឆាំនឹងរាជរដ្ឋាភិបាល អំពាវនាវ​ឱ្យ​ប្រជា​ជន​ទាញ​ទម្លាក់​នាយក​រដ្ឋ​មន្រ្តី​ស្រប​ច្បាប់​ចេញ​ពីអំណាច អំពាវនាវឱ្យប្រជាជនចាប់នាយករដ្ឋមន្រ្តីយកទៅកាត់ទោស។ល។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជំហរច្បាស់លាស់បំផុតថា លោកនឹងមិន​ស្នើ​សុំ​ទៅ​ព្រះ​មហា​ក្សត្រ ដើម្បីលើកលែងទោសដល់ទណ្ឌិត សម រង្ស៊ី ដូច​ដែល​លោក​ធ្លាប់​បាន​ធ្វើ​ក្នុង​អំឡុង​ឆ្នាំ២០១៣ បាន​ទៀតឡើយ។ ពីព្រោះទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់វោហារ្យសាសន៍ជាចំហ ក្នុង​ចលនា​ជា​ឧទ្ទាម​ក្រៅ​ច្បាប់​បំផុសឱ្យប្រជាជនមានកំហឹងទាញទម្លាក់រដ្ឋាភិបាលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ផ្ទុយនឹងឆន្ទៈ របស់​អ្នក​បោះ​ឆ្នោត​​ជាង៨៣.០២% ដែលបានបោះឆ្នោតភ្លូកទឹកភ្លូកដីគាំទ្រគណបក្សប្រជាជនឱ្យបន្តដឹកនាំរាជរដ្ឋាភិបាល និងបានប្រកាសចាប់លោកនាយករដ្ឋមន្រ្តីក្នុងមុខតំណែង ហើយចុងក្រោយថ្មីៗ ទណ្ឌិត សម រង្ស៊ី បាន​ថ្លែង​ប្រមាថព្រះចេស្តាអង្គព្រះមហាក្សត្រកម្ពុជា ដោយបានចោទព្រះមហាក្សត្រថា ជា​អាយ៉ង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ដែលជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញដែល​អង្គព្រះមហាក្សត្រកម្ពុជា​មិនអាច​ត្រូវ​រំលោភ​បំពាន​បានដាច់ខាត។

    ជារួម សម្រាប់ប្រទេសម៉ាឡេស៊ី កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ តែវាជាករណី​ទាក់​ទង​ទៅ​នឹង​ការ​អនុវត្ត​វិធានការផ្លូវច្បាប់ ដែល​ម៉ាឡែស៊ី​មិនអាច​ជ្រៀត​ជ្រែក​ចូល​កិច្ច​ផ្ទៃ​ក្នុង​កម្ពុជា​បាន​ឡើយ​។ កិច្ចព្រម​ព្រៀង​ក្រុង​ប៉ារីសគ្មានសុពលភាព និងអនុភាព ដើម្បី​អនុវត្ត​ទៅ​លើអ្វីដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នោះ​ឡើយ អាស្រ័យដោយប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយ​បាន​អនុវត្ត​គោល​ការណ៍​ប្រជា​ធិប​តេយ្យ សេរីពហុបក្សឥតងាករេ ដែលប្រទេសកម្ពុជា និង​ប្រជាជនកម្ពុជាបាននិងកំពុងសារទនឹងសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍ រីកចម្រើនលូតលាស់​ក្នុង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួនក្នុងរង្វង់៧% ក្នុងមួយឆ្នាំៗ ជាមួយ​នឹងជីវភាពរបស់ប្រជាជនកម្ពុជា​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃគួរជាទីមោទនភាព៕

    ដោយ ឡុង បុរិតា

    អត្ថបទទាក់ទង