ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ធ្វើឱ្យអ្នកគាំទ្រ កើតជម្ងឺឡប់ខួរ!

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 523
លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ធ្វើឱ្យអ្នកគាំទ្រ កើតជម្ងឺឡប់ខួរ!លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ធ្វើឱ្យអ្នកគាំទ្រ កើតជម្ងឺឡប់ខួរ!

មួយរយៈពេលចុងក្រោយនេះ មេចលនាឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ត្រូវបានគេមើលឃើញថា មានស្មារតីមិននឹងនរ ព្រោះសារនយោបាយរបស់គាត់ មានភាពមិនប្រក្រតី ម្តងទៅលិច ម្តងទៅកើត ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត ធ្វើឱ្យអ្នកដើរតាមនយោបាយរបស់ជននេះ ចង់ឡប់ខួរព្រោះតែមិនយល់ និងតាមមិនទាន់។ ជាក់ស្តែក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុមួយ ដែលគេដឹងថា ជាភ្នាក់ងារផ្សាយព័ត៌មានដ៏សកម្មបម្រើឱ្យក្រុមប្រឆាំង នៅយប់ថ្ងៃទី១២កញ្ញា ទណ្ឌិត សម រង្ស៊ី បាននិយាយជាន់កែងខ្លួនឯងលើរឿងជាច្រើន ធ្វើឱ្យអ្នកស្តាប់ចាប់កំហុសបានថា បុគ្គលនេះពិតជាមិនចោលចរិតក្រឡិចក្រឡុចមែន។ សូម្បីអ្នកផ្កាប់មុខជាមួយបក្សប្រឆាំង ក៏ចង់វ៉ល់ដែរ ព្រោះស្តាប់លោកប្រធាននិយាយរកទិសដៅមិនឃើញសោះ ពួកគេហាក់មិនយល់ពីសំដី និងចិត្តរបស់មេកើយខ្លួនឡើយ ហើយក៏មិនច្បាស់ថា នឹងត្រូវដើរទៅតាមផ្លូវណាទៀតនោះទេ។

ចំណុចដែលបញ្ជាក់យ៉ាងច្បាស់ថា ទណ្ឌិតក្បត់ជាតិ កំពុងតែធ្វើនយោបាយជាន់កែងជើងខ្លួនឯង និងធ្វើឱ្យអ្នកគាំទ្រខ្លួន កើតជម្ងឺទ្បប់ខួរនោះគឺ៖
១- ក្នុងបទសម្ភាសន៍នៅយប់ថ្ងៃទី១២កញ្ញា សម រង្ស៊ី បាននិយាយថា «ហ៊ុន សែន កំពុងរងសម្ពាធកាន់តែខ្លាំងហើយ មិនត្រឹមតែ EU ទេ គឺសហរដ្ឋអាមេរិក ដែលមានច្បាប់ថ្មីចេញជាបន្តបន្ទាប់ ដើម្បីគាបសង្កត់បុគ្គលដែលនៅជុំវិញលោក ហ៊ុន សែន។ ខ្ញុំថា របបលោក ហ៊ុន សែន នឹងមានបញ្ហាមុនថ្ងៃ ៩ វិច្ឆិកា»។ តាមខ្លឹមសារនេះ គឺវាមិនឆ្លុះបញ្ចាំងសូម្បីតែបន្តិចទាល់តែសោះ នូវទង្វើរបស់ សម រង្ស៊ី ដែលបាននិងកំពុងធ្វើនៅពេលចុងក្រោយនេះ។ ទណ្ឌិតក្បត់ជាតិរូបនេះ បានសរសេរលិខិតទៅ លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពេលថ្មីៗនេះ ដើម្បីសុំអង្វរ និងលន់តួរលោក មហាធា ឱ្យជួយសម្របសម្រួល និងសុំជួយធ្វើយ៉ាងណា ឱ្យខ្លួនបានចាប់ដៃ និងចរចាជាមួយបុរសខ្លាំង ហ៊ុន សែន ។ រឿងនេះវាពិតជាគួរឱ្យអស់សំណើចពេកហើយ ព្រោះបើលោក ហ៊ុន សែន កំពុងរងសម្ពាធខ្លាំង ដូច សម រង្ស៊ី និយាយអួតមែន ហេតុអីបុគ្គល សម រង្ស៊ី ត្រូវទៅសុំអង្វរលោក មហាធា ឱ្យជួយដើម្បីបានចាប់ដៃ ចរចាជាមួយ ហ៊ុន សែន ទៅវិញ? ត្រង់កន្លែងនេះ គឺវាអត់ឡូស៊ីកទាល់តែសោះ ហើយវាមិនទំនងអីសូម្បីតែបន្តិច ព្រោះបើ សម រង្ស៊ី ខ្លាំងដូចមាត់មែន ចាំបាច់អីទៅអង្វរសុំការចចារ និងសុំសម្របសម្រួលជាមួយ លោក ហ៊ុន សែន ធ្វើអ្វី?
២- សម រង្ស៊ី ថា «ពេលនេះ ហ៊ុន សែន គាត់កំពុងភ័យស្លន់ស្លោរ ទើបគាត់ទៅប្រាប់ប្រទេសជិតខាងឲ្យចាប់ខ្ញុំ តែលោក ហ៊ុន សែន ល្ងង់ណាស់ ព្រោះខ្ញុំប្រើលិខិតឆ្លងដែនបារាំង ដូចនេះ ហ៊ុន សែន អត់មានឥទ្ធិពលអីលើខ្ញុំទេ»។ សួរថា ចុះបើ ហ៊ុន សែន អត់មានឥទ្ធិពលលើលោកមែននោះ ម៉េចចាំបាច់លោករត់ចោលស្រុកធ្វើអី? ហើយម៉េចចាំបាច់ត្រូវខ្លាច រហូតសរសេរលិខិតសុំចរចាជាមួយ ហ៊ុន សែន ទៅវិញ។ សារភូតភរបែបនេះ វារាក់កំផែលពេកហើយ។ តើ សម រង្ស៊ី កំពុងតែវិភាគខុស ពីស្ថានភាពរបស់បុរសខ្លាំងឬយ៉ាងម៉េច? បើពិតជាអីញ្ចឹងមែននោះ គាត់អាចគិចម្តងទៀតបាន នៅមិនទាន់ហួសពេលទេ។ អ្វីដែលលោក ហ៊ុន សែន ធ្វើនេះ គឺជាវិធានការដែលបញ្ជាក់ពីភាពច្បាស់លាស់ ម៉ឺងម៉ាត់ខាងនយោបាយ និងដាច់ខាតត្រូវតែចាត់វិធានការ ចំពោះទណ្ឌិតក្បត់ជាតិឱ្យខានតែបាន។ យុទ្ធសាស្ត្រនយោបាយរបស់បរុសខ្លាំងកម្ពុជា គឺទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ សូម្បីបណ្តាប្រទេសនានា និងជាពិសេសគឺប្រទេសជិតខាងកម្ពុជាតែម្តង។ ជាក់ស្តែងលោកនាយករដ្ឋមន្ត្រីឡាវ បានប្រកាសរួចហើយនៅថ្ងៃទី១២កញ្ញា ចំពោះមុខលោក ហ៊ុន សែន ថាលោកមិនអនុញ្ញាតឱ្យទណ្ឌិតក្បត់ជាតិ ប្រើទឹកដីឡាវ ដើម្បីឆ្លងចូលមកបំផ្លាញកម្ពុជាឡើយ។ រដ្ឋាភិបាលក្រុងវៀងច័ន្ទ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុតចំពោះបញ្ហានេះ។

៣- ទណ្ឌិតរត់ចោលស្រុក ពីមុនអួតក្អេងក្អាងថា ការដែលខ្លួនវិលត្រឡប់មកស្រុកខ្មែរលើកនេះគឺមិនមែនចូលមកឱ្យ ហ៊ុន សែន ចាប់ទេ គឺចូលមកចាប់ ហ៊ុន សែន ប៉ុន្តែស្រាប់តែក្នុងបទសម្ភាសន៍ជាមួយ RFA ជននេះបែរជាថា រឿងចាប់ ហ៊ុន សែន គឺជាដំណោះស្រាយចុងក្រោយ ទោះចាប់ ហ៊ុន សែន ក៏អត់មានអីប្រែប្រួលទេ តែអ្វីដែលសំខាន់គឺទាមទារឱ្យ ហ៊ុន សែន គោរពកិច្ចព្រមព្រៀងក្រុងបារីស។ ត្រង់កន្លែងនេះ យើងឃើញថា ពីមុន សម រង្ស៊ី និយាយដូចជាហំហានសម្បើមណាស់ ដល់ឥឡូវទៅឯណាឆ្កុយ។ ពីមុនថាត្រូវតែចាប់ ហ៊ុន សែន តែឥឡូវបែរជាចង់រកដំណោះស្រាយ តាមរយៈការសុំអន្តរាគមន៍ពីប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងបារីសទៅវិញ។ លេងម៉ាកៗហ្នឹង សូម្បីតែអ្នកផ្កាប់មុខដែលដើរតាមហែរហម ក៏ចង់ប៉ាក់ចង្កេះដែរ។ បើលេងបត់ក្បាល ៣៦០ ដឺក្រេ បែបនេះ នរណាតាមទាន់ទៅ។ សំដីគាត់នេះ គឺបង្កើតភាពស្មុគស្មាញនឹងមន្ទិលសង្ស័យថា តើឥឡូវនេះត្រូវមកចាប់ ហ៊ុន សែន ទៀតឬយ៉ាងម៉េច? នេះហើយគេហៅថា អ្នកនយោបាយត្រឡប់ត្រឡិន គ្មានយុទ្ធសាស្ត្រ និងគោលជំហរច្បាស់លាស់។

៤- មួយវិញទៀតកន្លងមក គេនៅចាំបានថា សម រង្ស៊ី នឹងបក្ខពួក គឺតែងតែស្នើសុំអន្តរាគមន៍ និងពីព្រះមហាក្សត្រឱ្យជួយដោះស្រាយបញ្ហារបស់ខ្លួន សុំឱ្យទ្រង់ជួយប្រោសប្រទាន និងជួយសង្គ្រោះបក្សខ្មោចរបស់ខ្លួ នឱ្យបានរស់រានមានជីវិតឡើងវិញ។ ក្រុមប្រឆាំងក៏ធ្លាប់ស្នើសុំឱ្យព្រះមហាក្សត្រជួយស្វែងរកដំណោះស្រាយនយោបាយផងដែរ ប៉ុន្តែពេលនេះមានអីត្រូវរំពឹងទៀត បើទណ្ឌិតក្បត់ជាតិមាត់ដាច បានជេរប្រមាថ និងម៉ាក់ងាយព្រះចេស្តាព្រះមហាក្សត្រកប់ៗមាត់ទៅហើយនោះ។ នេះគេហៅថា ធ្វើនយោបាយអត់ទុកផ្លូវក្រោយសម្រាប់ខ្លួនឯង។ បើថាមិនទុកផ្លូវឱ្យខ្លួនឯងដើរក៏ហីទៅចុះ តែនេះវាប្រឡាក់ដល់អ្នកហែរហមទៅទៀត ព្រោះបើមេរបស់ខ្លួនប្រមាថព្រះមហាក្សត្រសុទ្ធតែអាយ៉ងបែបនេះទៅហើយ គឺវាស្មើនឹងកូនចៅហ្នឹង ប្រមាថទ្រង់ដែរ។ បើ សម រង្ស៊ី លេងធ្ងន់ធ្ងរម្លឹងៗ វាសនាអ្នកដើរតាមរបស់គាត់ គឺគ្មានអីក្រៅពីវិនាសទេមើលទៅ!

៥- មុនចូលស្រុកខ្មែរ ប្រកាសចង់ស៊ីសាច់ ហុចឈាមជាមួយលោក ហ៊ុន សែន តែឥឡូវបែរជាចង់សុំចាប់ដៃចចារជាមួយ ហ៊ុន សែន ទៅវិញ ចុះអាអ្នកខំប្រឹងជឿ និងអ្នកត្រៀមស្ម័គ្រស្លាប់ជួស សម រង្ស៊ី ក្នុងតម្លៃខ្លួនម្នាក់ ១០០ដុល្លារ នោះវិញ វាយ៉ាងម៉េចទៅ? បើទៅហើយ ស្លាប់មែន វាមិនអត់ប្រយោជន៍? ថាមិនត្រូវ សម រង្ស៊ី ទៅសុំចរចា ឬទៅសុំចុះចូលត្រូវរ៉ូវជាមួយ ហ៊ុន សែន វិញ ចុះអ្នកស្លាប់មិនអត់អំពើ?

៦- មួយទៀតកន្លងមក សម រង្ស៊ី នឹងបក្ខពួក តែងតែអួត និងសម្ញែងថា ខ្លួនមានខ្នងបង្អែកក្រាស់ពីលោកខាងលិច ពីប្រទេសបិតាប្រជាធិបតេយ្យ គេគាំទ្រសម្បើមណាស់ ដល់ឥឡូវមកថា ខ្លួននឹងប្រឹងប្រែងសរសេរលិខិតទៅប្រទេសហត្ថលេខី នៃសិទ្ធិសញ្ញាក្រុងបារីសឱ្យជួយ ដូចករណីម៉ាឡេស៊ី ជាដើម។ គឺធ្វើម៉េចដើម្បីឱ្យលោក ហ៊ុន សែន យល់ព្រមសម្របសម្រួល និងចរចាជាមួយខ្លួន។ ចឹងមានន័យថាម៉េច? គឺមានន័យថា កន្លងមកហ្នឹងគ្មានប្រទេសណាគេជឿ និងព្រមជួយទណ្ឌិតរូបនេះ ព្រមទាំងបក្ខពួកឱ្យពិតប្រាកដទេ។ បរទេសគេធ្វើអ្វីមួយ គឺដើម្បីទាញយកប្រយោជន៍សម្រាប់ប្រទេសគេតែប៉ុណ្ណោះ។ មេដឹកនាំលើពិភពលោក គេទទួលស្គាល់ជាផ្លូវការទាំងអស់ហ្នឹង ថាលោក ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រី និងជាមេដឹកនាំកម្ពុជាដោយស្របច្បាប់។ រឿង សម រង្ស៊ី ថា បោះឆ្នោតមិនត្រឹមត្រូវ មិនយុត្តិធម៌អីហ្នឹង វាមានតែក្នុងមាត់ សម រង្ស៊ី ប៉ុណ្ណោះ។ លោក ហ៊ុន សែន នៅតែកាន់អំណាច លោកហ៊ុន សែន នៅតែជាមេដឹកនាំកម្ពុជា និងនៅតែជាតំណាងដ៏ស្របច្បាប់របស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
សរុបមកវិញ នយោបាយរបស់ទណ្ឌិតក្បត់ជាតិ គឺមិនមានភាពច្បាស់លាស់ និងមិនមានយុទ្ធសាស្ត្រត្រឹមត្រូវនោះទេ។ ធ្វើនយោបាយតាមវិធីសាស្ត្រចាស់ដដែលៗ ទាំងដឹងហើយថា អាវិធីដដែលៗហ្នឹង គឺវាបរាជ័យរាប់សិបឆ្នាំមកហើយ ក៏នៅតែមិនចោលអាល្បិចចាស់គំរិលដដែលៗហ្នឹងទៀត។ នយោបាយចុងក្រោយ របស់ទណ្ឌិតរត់ចោលគុក គឺហាក់វិលវល់ធ្វើឱ្យអ្នកដើរតាម ចង់ត្រឡប់ត្រឡិន ឡប់ខួរអស់ ព្រោះតែម្នាក់ៗពេលដែលមេកើយខ្លួនដាក់ចេញផែនការមកម្តងៗ គឺតែងតែចេញមកប្រកាសបែបច្រងេងច្រងាង អួតបំប៉ោងពីយុទ្ធសាស្ត្រមេរបស់ខ្លួន តែចុងក្រោយគឺផេះ។ ព្រោះមេរបស់ខ្លួនដូរ ៣៦០ ដឺក្រេ។ ចឹងអ្នកដើរតាមហ្នឹង អាចនឹងដាច់ផ្ងា ព្រោះតាមនយោបាយ និងចិត្តសាស្ត្រមេមិនទាន់ ឬអាចនិយាយមួយបែបទៀតបានថា អ្នកដើរតាម សម រង្ស៊ី កំពុងតែក្រញាញ់ខួរ ព្រោះតែភាពត្រឡប់ត្រឡិន មិនដឹងក្បាល មិនដឹងកន្ទុយ និងវ៉ល់ៗរបស់មេខ្លួន៕
ដោយ៖ ស ជាតិ

អត្ថបទទាក់ទង