លោក គួច ចំរើន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារលំនៅដ្ឋានចែកជូនប្រជាពលរដ្ឋ ៤៥គ្រួសារ
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកស្រី អ៊ូ ធីតាពៅ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលបានស្ម័គ្រចិត្តដោះដូរលំនៅដ្ឋាននៅថ្មី ចេញពីចិញ្ចើមផ្លូវទៅអូរត្រេះ ឬហៅថាស្ពានឆេះ មករស់នៅលើដីសម្បទានសង្គមកិច្ច ក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្នុងនោះរដ្ឋបាលខេត្ត ជួយដោះស្រាយកិច្ចការផ្នែករដ្ឋបាលទូទៅ ដោយរៀបចំប្រព័ន្ធ ទឹក ភ្លើង និងរៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផងដែរ ។
លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ ដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ៥ម៉ែត្រ គុណនឹង ២០ម៉ែត្រ សម្រាប់ជាដីកម្មសិទ្ធិស្របច្បាប់។ ក្នុងឱកាសនោះរដ្ឋបាលខេត្តក៏បានជួយដោះស្រាយកិច្ចការបឋម ចំពោះមុខ ដោយក្នុងមួយគ្រួសារទទួលបាន៖
– ស័ង្កសី ២០សន្លឹក, តង់ ២, ទឹកសុទ្ធ ៥កេស, ទឹកត្រី ២ដប, ទឹកសីអ៊ីវ ២ដប, មីកំប៉ុង ២ដុំ, ត្រីខកំប៉ុង ១០កំប៉ុង, អង្ករ ៤០គីឡូក្រាម, ថវិការ ២០ម៉ឺនរៀល ៕