ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 51
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥  កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ នៅក្នុងឆ្នាំ ២០២៥ កម្ពុជានឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាមានទិសដៅ នៅក្នុងឆ្នាំ ២០២៥ នេះ នឹងដាក់ចេញនូវកម្មវិធីសុខភាពធ្វើយ៉ាងណាបញ្ចប់នូវជំងឺគ្រុនចាញ់នៅកម្ពុជា ជាមួយនេះដែរ រាជរដ្ឋាភិបាល ក៏មានមហិច្ឆិតាធ្វើយ៉ាងណាកែប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយដែលមិនមានផ្សែងបារី។ លោកបានលើកឡើងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកវេជ្ជបណ្ឌិត Takeshi Kasai ជាមួយនឹងប្រតិភូផងដែរថា កម្ពុជាកំពុងតែអនុវត្តនូវកម្មវិធីរបបសន្តិសុខសង្គម ដែលបានជួយដល់ស្ត្រីដែលមានផ្ទៃពោះ ហើយដែលមានជីវភាពក្រីក្រ ក្នុងនោះកម្ពុជាគឺបានកំពុងតែផ្ដល់នូវប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលមានផ្ទៃពោះ តាំងពីពេលចាប់ផ្ដើមមានផ្ទៃពោះរហូតដល់កូនមានអាយុ ២ឆ្នាំ។

លោកវេជ្ជបណ្ឌិត Takeshi Kasai បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា លោកបានមកកាន់កម្ពុជាកាលពីគ្រាមុនក្នុងទសវត្ស៍ឆ្នាំ២០០០ជាង ហើយនៅពេលដែលលោកបានមកដល់កម្ពុជាពេលនេះ លោក បានក៏សង្កេតឃើញថាកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។ ទន្ទឹមនឹងនេះ លោក បានគោរពថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការរីកចម្រើន ការវិវឌ្ឍ និងវឌ្ឍនភាពរបស់កម្ពុជា។

លោកវេជ្ជបណ្ឌិត Takeshi Kasai បានមានប្រសាសន៍ថា រាល់ជោគជ័យដែលទទួលបាននេះ ជាពិសេសទទួលបានសម្រេចនូវគោលដៅ ការអភិវឌ្ឍដោយចីរភាព ហើយតាមរយៈនេះដែរប្រជាពលរដ្ឋកម្ពុជានៅពេលនេះមានអាយុវែងជាងកាលពីទសវត្សរ៍មុនៗ។ ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត Takeshi Kasa បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា ឥឡូវនេះយើងកំពុងតែស្ថិតនៅដំណាក់កាលអន្តរកាលមួយឆ្លងកាត់ពីការដោះស្រាយបញ្ហាជំងឺរាតត្បាតបែបបុរាណមកជំងឺបែបសម័យ នោះសោតគឺប្រជាពលរដ្ឋយើងឈានដល់មានជំងឺដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជាដើម ហើយពីនោះទៀតជំងឺដែលមានចរិតពិបាកព្យាបាលជាងមុន ដូចជាជំងឺប៉េស្តជ្រូក និងជំងឺដទៃៗទៀត។ ក្នុងន័យនេះលោកវេជ្ជបណ្ឌិត ក៏បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រីផងដែរថា អង្គការ WHO គឺមានជំនឿជឿជាក់លើកម្ពុជា ជាមួយនឹងគោលដៅអភិវឌ្ឍន៍ជាតិដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាមូលដ្ឋានដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍកម្ពុជា។ កម្ពុជានឹងអាចឆ្លងផុត និងទទួលបានជោគជ័យលើជំងឺ នាពេលអន្តរកាលនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវការអបអរសាទរជូនចំពោះលោកវេជ្ជបណ្ឌិត Takeshi Kasai ដែលត្រូវបានតែងតាំង និងទទួលតំណែងថ្មីជានាយកអង្គការ WHO នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ។ លោក បានសម្តែងនូវការសប្បាយរីករាយដែលបានធ្វើជាដៃគូដ៏ល្អជាមួយនឹងអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អទទួលបានពីប្រទេសជិតខាង។ តាមរយៈនេះហើយ ដែលកម្ពុជាបានទប់ស្កាត់ និងទទួលបានជោគជ័យយ៉ាងច្រើនពាក់ព័ន្ធនឹងបញ្ហាជំងឺដែលមានចរិតជាប្រពៃណី ដែលរួមមានជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស ជំងឺសារ ជំងឺគ្រុនផ្ដាសាយបក្សី ហើយពាក់ព័ន្ធនឹងជំងឺអេដស៍ កម្ពុជាក៏បានធ្វើការទប់ស្កាត់បានជោគជ័យ ពុំមានការរីករាលដាល ហើយក៏មានការថយចុះផងដែរ។ ពីនោះទៀត ពាក់ព័ន្ធនឹងជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អសកម្ម ជាមួយនឹងអង្គការ WHO ក៏ដូចជាមួយនឹងបណ្ដាប្រទេសដទៃទៀតដើម្បី ដាក់ចេញនូវវិធានការ ទប់ស្កាត់ ការពារកុំឱ្យជម្ងឺនេះ រីករាលដាលឬនាំមកដល់បញ្ហា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារីករាលដាលដល់ប្រទេសដទៃទៀតផងដែរ។

ដោយឡែកចំពោះ កម្មករនៅតាមរោងចក្រវិញ មានកម្មវិធីជួយឲ្យកម្មករ បានឈប់សម្រាករយៈពេល៣ខែ ដោយបានទទួលនូវប្រាក់ខែ ១២០% នៃប្រាក់ខែដែលត្រូវបាន ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល ក៏បានឧបត្ថម្ភប្រាក់ចំនួន ១០០ដុល្លារ ដល់ស្ត្រីជាកម្មករ ដែលមានកូន១ និង ២០០ ដុល្លារ ដល់កម្មករដែលមានកូនភ្លោះ២។ នេះជាកម្មវិធីរបបសន្តិសុខសង្គម ដែលកម្ពុជាកំពុងតែជំរុញ ហើយតាមរយៈកម្មវិធីនេះរាជរដ្ឋាភិបាលសង្ឃឹមថា នឹងជួយកាត់បន្ថយមិនឱ្យមានជំងឺរាតត្បាតដល់ប្រជាពលរដ្ឋកម្ពុជា ព្រោះថាបើប្រជាពលរដ្ឋមានអាហារូបត្ថម្ភល្អហើយ គឺជំងឺរាតត្បាតក៏វាត្រូវកាត់បន្ថយផងដែរ ៕

អត្ថបទទាក់ទង