ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យចូលរួមការពារកូវីដ-១៩ កាន់តែខ្លាំង ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 8
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យចូលរួមការពារកូវីដ-១៩ កាន់តែខ្លាំង ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យចូលរួមការពារកូវីដ-១៩ កាន់តែខ្លាំង ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ បានថ្លែងសារ ដោយបន្តអំពាវនាវឲ្យចូលរួមការពារជំងឺកូវីដ-១៩ កាន់តែខ្លាំងថែមទៀត ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាលនៅឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារតាមរយៈ Facebook ដែលមានខ្លឹមសារទាំងស្រុង យ៉ាងដូច្នេះថា៖

ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ-១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកម្សាន្ត នៅតាមតំបន់រមណីយដ្ឋាននានា ដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន និងដើរកម្សាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬជែលប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការការឆ្លងរោគ។

ចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសឲ្យសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេនោះ គឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ កំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បើមានចម្ងល់ ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ-១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥។

សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹង ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ មួយករណីថ្មីទៀត ដែលកើតលើប្រជាពលរដ្ឋខ្មែរ មានសញ្ជាតិបារាំង រស់នៅខណ្ឌសែនសុខ។ បុរសដែលរកឃើញមានកូវីដ-១៩នេះ បានធ្វើដំណើរចាកចេញពីប្រទេសបារាំង តាមជើងហោះហើរពីកូរ៉េខាងត្បូង ចូលមកកម្ពុជា ហើយបុរសរូបនេះ បានធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ និងត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅថ្ងៃទី០៦ ខែមិថុនា។

សរុបទាំងករណីថ្មីមួយករណីនេះផង កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន ១២៦នាក់ហើយ។ ក្នុងនោះអ្នកជំងឺ ១២៣នាក់បានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺ ៣នាក់ កំពុងសម្រាកព្យាបាលជំងឺ៕

អត្ថបទទាក់ទង