ខ្មែរប៉ុស្ដិ៍ Close

បច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ ជាកត្តាសំខាន់ក្នុងការជំរុញកំណើនទេសចរណ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០១៩ បច្ចេកវិទ្យា 37

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងវិស័យទេសចរណ៍ បាននិងកំពុងរួមចំណែកយ៉ាងខ្លាំងក្នុងការជំរុញកំណើនទេសចរ ដែលទាមទារជាចាំបាច់ក្នុងការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពបន្ថែមដល់មន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។ នេះបើតាមលោក ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅឧស្សាហកម្ម ៤.០» នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ។ ក្នុងនោះក៏មានការចួលរួមពីលោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោក HUANG Changxiong ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន ប្រទេសចិនផងដែរ។

វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១២-២៣ ខែសីហា ដែលមានការបណ្ដុះបណ្ដាលទៅលើប្រធានបទសំខាន់ៗ៖

  • ១. ការស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការបង្កើតអាជីវកម្ម Online, E-Commerce។
  • ២. របៀបនៃការសិក្សា និងវិភាគទីផ្សារ ជំរុញការផ្សព្វផ្សាយផលិតផល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដោយប្រើបច្ចេកវិទ្យាឌីជីថល។
  • ៣. ការកែទម្រង់នៃការធ្វើធុរកិច្ចពី Offline to Online ដែលកំពុងមាននិន្នាកាកើនឡើង ដូចករណី Online Travel Agent (OTA)។
  • ៤. ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ដោយប្រើបច្ចេកវិទ្យា Internet of Things, VR and AR, GPS Technology។
  • ៥. ការស្វែងយល់ពីអនាគតនៃវិស័យទេសចរណ៍ តាមរយៈការវិវត្តនៃឧស្សាហកម្ម ៤.០ ជាដើម។

រដ្ឋលេខាធិការបានឱ្យដឹងថា ទាំងនេះសុទ្ធតែជាបច្ចេកវិទ្យាថ្មីៗ ដែលពិភពលោកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅអនាគត ហើយបានក្លាយទៅជាកត្តាចម្បងចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ប្រកបដោយការប្រកួតប្រជែងខ្ពស់។

ការបណ្ដុះបណ្ដាលធនធានមនុស្សជាភារកិច្ចចម្បង ដែលមិនអាចមើលរំលងបាន ក្នុងការឆ្លើយតបនូវកំណើន២ខ្ទង់ នៃទេសចរណ៍អន្តរជាតិដែលមកកម្ពុជាជារៀងរាល់ឆ្នាំ។

លោក ហោ មុនីរ័ត្ន ក៏បានណែនាំឱ្យមន្ត្រីរាជការ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះឱ្យបានល្អប្រសើរ ធ្វើយ៉ាងដើរឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកនាសម័យទំនើបនេះ។

ស្របតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ២០១៧-២០២៥ នៅឆ្នាំ២០២០ ក្រសួងទេសចរណ៍ ត្រូវជំរុញឲ្យអ្នកជំនាញយ៉ាងតិច ៥០% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដារជាតិ និងអាស៊ាន តាមរយៈការបណ្តុះបណ្តាល ឬការវាយតម្លៃសមត្ថភាព ហើយនៅឆ្នាំ២០២៥ ត្រូវសម្រេចឲ្យបានយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ» ពោលគឺជំរុញឲ្យអ្នកជំនាញទេសចរណ៍ទាំងអស់ ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាព។

លោកបានលើកឡើងថា វិស័យទេសចរណ៍កម្ពុជា បាននាំចំណូលចូលសេដ្ឋកិច្ចជាតិប្រមាណ ៤,៣៧៥លានដុល្លារ ស្មើនឹង ១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ជាង៦២ម៉ឺននាក់ ស្មើនឹង ១៣% នៃការងារសរុប។

លោកក៏បានលើកឡើងពីសារសំខាន់នៃទីផ្សារចិន ដែលចាំបាច់ត្រូវបំពេញតាមតម្រូវការដ៏ធំធេង នៃផ្នែកផ្សព្វផ្សាយទីផ្សារ រចនាសម្ព័ន្ធ និងធនធានមនុស្ស ប្រកបដោយសមត្ថភាពក្នុងវិស័យទេសចរណ៍៕

អត្ថបទទាក់ទង