ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អនុញ្ញាតលោក ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អនុញ្ញាតលោក ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា ឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ អនុញ្ញាតលោក ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា

នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតជូន លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោក បានបញ្ចប់បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបសវនកានេះ លោក Hidehisa HORINOUCHI សម្តែងការសប្បាយរីករាយ ចំពោះការបំពេញការងារនៅកម្ពុជា រយៈពេល៣ឆ្នាំកន្លងមកនេះ ដោយឃើញកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ទាំងស្ថេរភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើង និងបានធ្វើការជួសជុលបញ្ចប់ជាស្ថាពរនូវស្ពានមិត្តភាព កម្ពុជា-ជប៉ុន។ នៅក្នុងពេលបំពេញបេសកកម្មការទូតនៅកម្ពុជា លោក Hidehisa HORINOUCHI មានមោទនភាពជាខ្លាំង ដោយបានពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ព្រមទាំងបានរៀបចំជូន លោកនាយករដ្ឋមន្ត្រី អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមប្រជុំចំនួន៣លើក នៅប្រទេសជប៉ុន។

ពាក់ព័ន្ធនឹងវិស័យការពារជាតិ ភាគីជប៉ុនក៏បានទទួលដំណើររបស់ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចនៅជប៉ុន នៅឆ្នាំ២០១៧ និងទទួលទស្សនកិច្ចរបស់ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ទៅចូលរួមប្រជុំ និងវេទិកានានានៅជប៉ុន ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ជប៉ុនបានជួយបណ្តុះបណ្តាលលើវិស័យរក្សាសន្តិភាព សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស ការចូលចតនាវាជប៉ុននៅកំពង់ផែខេត្តព្រះសីហនុ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំ នាយទាហាន ប្រទេសទាំងពីរ កម្ពុជា-ជប៉ុនផងដែរ។

ជាការឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់លោក Hidehisa HORINOUCHI លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានអបអរសាទរដល់លោក ឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ ដ៏ធំធេងនៅកម្ពុជា និងសូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកផ្ទាល់ ក្នុងការរួមចំណែកពង្រឹង និងលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា ជប៉ុន មានភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យរក្សាសន្តិភាព អោយកាន់តែប្រសើរឡើងថែមទៀត ឈានដល់កម្រិតភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាល ប្រទេសទាំងពីរ កម្ពុជា ជប៉ុន។

ជាក់ស្តែងក្រសួងការពារជប៉ុន បានជួយបង្កើនសមត្ថភាពដល់កងរក្សាសន្តិភាពកម្ពុជា លើវិស័យអប់រំ និងហ្វឹកហ្វឺន នៅក្នុងក្របខណ្ឌនៃប្រតិបត្តិការរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ដូចជាជំនាញបច្ចេកទេសវិស្វកម្មជំនាញរក្សាសន្តិភាព។ល។ ធ្វើអោយកងរក្សាសន្តិភាពកម្ពុជា ទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ផ្នែកជំនាញវិស្វកម្ម ទទួលជោគជ័យជាបន្តបន្ទាប់ និងទទួលបានការកោតសរសើរពីសំណាក់មន្ត្រីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសរួមបេសកកម្ម នៅក្នុងតំបន់ជាមួយគ្នា។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ពិជ័យសេនា ទៀង បាញ់ មានជំនឿយ៉ាងមុតមាំថា ទោះបីលោក Hidehisa HORINOUCHI បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជានាពេលនេះក៏ពិតមែន ប៉ុន្តែលោក នឹងពាំនាំដល់រដ្ឋាភិបាល ក្រសួងការពារប្រទេសជប៉ុន នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងរក្សាសន្តិភាពទៅតាមសំណូមពរចាំបាច់ជាពុំខានឡើយ សំដៅលើកកម្ពស់សមត្ថភាពធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា អោយកាន់តែរីកចម្រើនថែមទៀត។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា នៅតែលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយលោក ឯកអគ្គរាជទូតថ្មី ដែលមកបំពេញបេសកកម្មការទូតនៅកម្ពុជា ជំនួសលោក។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានលើកជាសំណូមពរចំពោះលោក Hidehisa HORINOUCHI ពេលទៅបំពេញបេសកកម្មការទូតនៅប្រទេសហូឡង់ សូមជួយជម្រាបជូនដល់ប្រទេសមួយចំនួន នៅក្នុងសហគមន៍អឺរ៉ុបបានយល់ពីស្ថានការណ៍ពិតនៅកម្ពុជា ពីព្រោះមានតែមិត្តជប៉ុនទេ ដែលបានយល់អំពីស្ថានភាពនៅកម្ពុជាតាំងពីជំនាន់អ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣ និងសភាពការណ៍ពិតនាពេលបច្ចុប្បន្នដែលកម្ពុជា មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ខុសពីការចោទប្រកាន់របស់ជនអគតិមួយចំនួន ដែលបានលើកឡើងថា កម្ពុជាសម្លាប់លទ្ធិប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិមនុស្ស។ល។ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានជូនពរលោក Hidehisa HORINOUCHI ដែលត្រូវទៅបំពេញបេសកកម្មការទូតនៅប្រទេសហូឡង់ សូមទទួលបានជោគជ័យជាបន្តបន្ទាប់ថែមទៀត ៕

អត្ថបទទាក់ទង