លិខិតមិត្តអ្នកអាន៖ អ្នកណាចាក់ថា សម រង្ស៊ី ចូលស្រុកវិញ នឹងចាញ់អស់គូទខោមិនខាន!

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩​ | ទស្សនៈ - នយោបាយ | 0 |
លិខិតមិត្តអ្នកអាន៖  អ្នកណាចាក់ថា សម រង្ស៊ី ចូលស្រុកវិញ នឹងចាញ់អស់គូទខោមិនខាន! លិខិតមិត្តអ្នកអាន៖ អ្នកណាចាក់ថា សម រង្ស៊ី ចូលស្រុកវិញ នឹងចាញ់អស់គូទខោមិនខាន!

មនុស្សធ្លាប់បោកគឺនៅតែបោក! សណ្តានមនុស្សភូត គឺនៅតែភូត! សូមកុំជឿឱ្យសោះប្រភេទ​មនុស្ស​ក្រឡិចក្រឡុច ភូតច្រើន ជំនាញតែខាងបោកប្រាស់ មិនចោលចរិត និងសារជាតិរបស់ខ្លួននោះទេ។ សម រង្ស៊ី ជាមនុស្សដែលញៀននឹងការបោកប្រាស់ ភូតភរសកម្មជន និងអ្នកគាំទ្រតាំងតែពីដើមរហូតមក គាត់​គ្មាន​ថ្ងៃ​នឹង​ចោលចរិតដើមរបស់គាត់ឡើយ។ សំខាន់អាណិតតែអ្នកជឿទេ មិនដឹងជាត្រូវខកចិត្ត និង​ចាញ់​អស់​គូទ​ខោ​ប៉ុន្មានលើក ប៉ុន្មានសារទៀតទេព្រះអើយ? ពីមុនថា ថ្ងៃនេះ-ខែនេះ នឹងត្រឡប់មកកម្ពុជាវិញ។ ក្រោយ​មក​ថា ការប្រកាសរបស់ខ្លួន គឺគ្រាន់តែដើម្បីបង្អើលលោក ហ៊ុន សែន តែប៉ុណ្ណោះ ហើយថា ខ្លួន​នឹង​មិន​ប្រាប់​ថ្ងៃ​មកពិតប្រាកដនោះទេ ដើម្បីទុកឱ្យលោក ហ៊ុន សែន ចលាចល។ ប៉ុន្តែពេលនេះ បែរជាបោកថានៅថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ខ្លួននិងគូកន នឹងត្រឡប់មកវិញ ដើម្បីផ្លាស់ប្តូរការដឹកនាំនៅកម្ពុជា។ ជឿ​ទៅ! បើជឿហើយហ៊ានចាក់លុយភ្នាល់ទៀត គឺរឹតតែឆាប់រលាយ ព្រោះលទ្ធផលប្រាកដជាចាញ់ អស់​គូទ​ខោ​មិន​ខាន។

សារជាតិរបស់ សម រង្ស៊ី គឺតែងតែធ្វើនយោបាយលើខ្នងអ្នកគាំទ្រ ប្រមូលតែលុយ និងប្រជាប្រិយភាព ដោយមិនដែលចេះរអៀសខ្លួន ឬអាម៉ាស់នូវរាល់ទង្វើ ដែលគ្មានទំនួលខុសត្រូវរបស់ខ្លួនម្តងណាឡើយ។ គេ​នៅ​ចាំបានថា ក្នុងទសវត្សរ៍ឆ្នាំ២០០០ សម រង្ស៊ី នេះហើយ ដែលជាមេបំបះបំបោរ ញុះញង់ និងអុចអាល ឱ្យ​កម្មករ-កម្មការិនីរោងចក្រធ្វើបាតុកម្មប៉ាតណាប៉ាតណីក្រោមលេសទាមទារតម្លើងប្រាក់ខែ និងលេស​ផ្សេងៗ​។ ជាលទ្ធផលរោងចក្រមួយចំនួន បានប្រឈមនឹងការខាតបង់ និងបិទទ្វារ។ កម្មករខ្លះ ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ ហើយអ្នកជ្រុលខ្លួនផ្កាប់មុខ ជឿតាមការបញ្ឆេះរបស់ សម រង្ស៊ី ក៏អត់ការងារធ្វើ ជីវភាព​ធ្លាក់​ទៅ​ជា​ដុន​ដាប ប៉ុន្តែ សម រង្ស៊ី វិញ គឺរត់ទៅបរទេស សំងំសោយសុខយ៉ាងរំភើយ គ្មានខ្វល់ពីអ្នកណាទាំងអស់។ ដល់​ពេល​ដែលសភាពការណ៍ក្នុងស្រុកស្ងប់ស្ងាត់បន្តិច សម រង្ស៊ី ក៏វិលមកកកូរកកាយ ចាក់រុក ឆ្កឹះឆ្កៀល កម្មករ-កម្មការិនីឱ្យក្រោបឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាលទៀត។ ក្រៅតែពីញុះញង់ ប្រមូលមនុស្សធ្វើបាតុកម្មលន់​​​តួចៅហ្វាយនាយបរទេសឱ្យដាក់សម្ពាធលើកម្ពុជា សុំឱ្យបរទេសផ្តាច់ជំនួយ និង​កុំ​ឱ្យ​បរទេស​មក​វិនិយោគ​នៅ​កម្ពុជា។ សម រង្ស៊ី មិនដែលធ្វើអ្វីបម្រើដល់ផលប្រយោជន៍ជាតិនិងប្រជាជនឡើយ។ សកម្មភាពដ៏លេចធ្លោរ និង​ជំនាញមួយទៀត របស់ សម រង្ស៊ី គឺភូតភរ កុហក បោកប្រាស់ បង្កើតប្រធានបទថ្មីៗ ដើម្បី​ប្រមូល​លុយ​ពី​អ្នកគាំទ្រ ទាំងក្នុង និងក្រៅប្រទេស សម រង្ស៊ី គឺគាត់មានជំនាញខ្ពស់តែម្តង។ រាល់សកម្មភាពរបស់ សម រង្ស៊ី កន្លងមក ធ្វើឱ្យយើងមើលឃើញយ៉ាងច្បាស់ថា ជននេះហ៊ានធ្វើអ្វីៗសព្វគ្រប់បែបយ៉ាង ដើម្បី​តែ​មហិច្ឆតា​ដណ្តើម​អំណាចរបស់ខ្លួនតែប៉ុណ្ណោះ។

ដោយសារតែធ្លាប់ភូតភរ កុហក បោកប្រាស់ដដែលៗ ច្រំដែលៗ ច្រើនលើកច្រើនសារបែប​នេះ​ហើយ បានជាអ្នកតាមដាននយោបាយនៅកម្ពុជា និងអ្នកវិភាគនយោបាយ ព្រមទាំងសាធារណៈមតិជាទូទៅ បាន​វាយ​តម្លៃថា ការប្រកាសរបស់ សម រង្ស៊ី នៅពេលថ្មីៗនេះ ថាខ្លួននឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកា គឺ​ជាការបោកប្រាស់សុទ្ធសាធ។ លោក ខាន់ សុវណ្ណ អ្នកលេងបណ្តាញសង្គម Facebook និង​ជា​ក្រុម​សមា​ជិក​អង្គព្រោកប្រាជ្ញ គ្រាន់តែបានលឺថា សម រង្ស៊ី ហ៊ានដាក់កាលបរិច្ឆេទច្បាស់លាស់ វិលចូលស្រុកវិញនោះ លោកបានប្រកាសភ្លាមៗ បបួល សម រង្ស៊ី ភ្នាល់គ្នាតែម្តង។ លោក ខាន់ សុវណ្ណ ហ៊ានចំណាយលុយថ្លៃភ្នាល់​រហូតដល់១លានដុល្លារអាមេរិក ហើយបើ សម រង្ស៊ី ពិតជាហ៊ានមកវិញមែន លោកសុខចិត្ត យក​លុយ​ទៅ​ប្រគល់​ឱ្យដល់គុកតែម្តង។ អ្នកគាំទ្រលោក សម រង្ស៊ី ក៏អាចភ្នាល់ជាមួយលោក ខាន់ សុវណ្ណ បានដែរ បើ​ខ្លួន​ជឿ​ថា លោកប្រធានពិតជាហ៊ានត្រឡប់មកវិញមែននោះ។ ប៉ុន្តែយកល្អ ក្រុមអ្នកផ្កាប់មុខ និង​សកម្ម​ជន​ជើង​ក្រោមដែលនៅសេសសល់តិចតួចរបស់អតីតបក្សប្រឆាំង គួរកុំទាន់អាលជឿលឿនពេកអីវាល្អជាង ព្រោះ​ថា​មិន​បាន អាចត្រូវចាញ់ការភ្នាល់បោសគូទខោក៏ថាបាន។ បើចង់ចាក់ថា សម រង្ស៊ី ហ៊ានមកវិញឬអត់ គួរ​តែ​បង្អង់​ពេលគិតបន្តិចសិន ឬក៏ចាំមើលភាពប្រែប្រួលមិនទៀងទាត់របស់លោកប្រធាន សម រង្ស៊ី សិន ប្រសើរ​ជាង​ចាញ់លុយភ្នាល់ ហើយខ្មាស់គេទៀត។ ចំណែកលោក ខាន់ សុវណ្ណ វិញ គឺ​បាន​បញ្ជាក់​ជំហរ​ច្បាស់​ហើយ​ថាលោកហ៊ានលេង និងហ៊ានភ្នាល់ ដោយមិនស្តាយលុយទេ តែសំខាន់ចង់ដឹងថា សម រង្ស៊ី ហ៊ាន​បោះ​បង់​ចោល​ភាពកំសាករបស់ខ្លួន ចូលមកយកលុយ ១លានដុល្លារ ក្នុងគុកឬអត់? ព្រោះថា បើមកវិញមែន គឺ​មិន​មែន​ជាប់គុក១ខែ-២ខែទេ គឺជាប់រហូតដល់ថ្ងៃស្លាប់ក្នុងគុកតែម្តង។ ដូច្នេះសម្រាប់លោក ខាន់ សុវណ្ណ លុយ​១លានដុល្លារ ដូរនឹងសេរីភាព នៃជីវិតចុងក្រោយរបស់ សម រង្ស៊ី គឺលោកមិនស្តាយនោះទេ។

បើយើងវិភាគទៅលើស្ថានភាពបច្ចុប្បន្នរបស់ សម រង្ស៊ី វិញ គឺមានភាគរយតិចណាស់ ដែល សម រង្ស៊ី ហ៊ាន​ប្តូរលេងល្បែងដ៏គ្រោះថ្នាក់មួយនេះ។ ខាងក្រោមនេះ គឺជាមូលហេតុដ៏ជាក់ស្តែងបង្ហាញថា សម រង្ស៊ី ចាតែថេះ (ចេះតែថា) ឱ្យតែរួចពីមាត់៖

១/តាមធម្មតាមនុស្ស សម រង្ស៊ី នេះ គឺជាមនុស្សកំសាកញី សូម្បីតែអ្នកគាំទ្រអតីតបក្សប្រឆាំង ក៏ធ្លាប់​រិះ​គន់ថា សម រង្ស៊ី មិនបានមួយចំណិត កឹម សុខា ផង។ កឹម សុខា សុខ​ចិត្ត​ក្រាញ​ននៀល​នៅ​ជា​មួយ​អ្នក​គាំ​ទ្រ ក្នុងកាលៈទេសៈដែលលំបាកៗ ប៉ុន្តែ សម រង្ស៊ី វិញ គឺថា បិទសាប៊ូគូទ ដាក់មេប្រ៉ូចជានិច្ច។

២/គម្រោងវិលត្រឡប់មកវិញនេះ បើ សម រង្ស៊ី សង្ឃឹមលើចៅហ្វាយនាយបរទេសវិញនោះ គឺ​រឹត​តែ​លំបាក​ ព្រោះពួកគេរំលឹកតែឈ្មោះ កឹម សុខា ប៉ុណ្ណោះ មិនដែលលើកឡើងពីឈ្មោះ សម រង្ស៊ី នោះ​ទេ​។ ដូច្នេះរឿងអីដែល សម រង្ស៊ី ត្រូវសុខចិត្ត មកចោលឆ្អឹងក្នុងគុកនោះ វាមិនអាចទៅរួចទេ។

៣/បើយើងវិភាគទៅលើបុគ្គលិកលក្ខណៈរបស់ សម រង្ស៊ី វិញ គឺបុគ្គលរូបនេះ ធ្លាប់តែរស់នៅសោយ​សុខ​នៅក្រៅស្រុកច្រើនជាងក្នុងស្រុក។ គ្រួសារ សម រង្ស៊ី ធ្លាប់តែរស់នៅក្នុងស្ថានភាពសុខស្រួល និង​ហ៊ឺ​ហារ​គ្មានប្រវត្ថិជាអ្នកតស៊ូ ចូលព្រៃ ឬរស់ក្នុងស្ថានភាពលំបាកវេទនាម្តងណាឡើយ។ ដូច្នេះ​គាត់​ប្រាកដ​ជា​មិន​អាច​ប្រថុយ មករងទុក្ខក្នុងគុកនោះទេ។

៤/មួយវិញទៀត ឆ្នាំនេះ សម រង្ស៊ី មានវ័យកាន់តែចាស់ហើយ អាយុចូល៧១ឆ្នាំហើយ បើ​ហ៊ាន​ប្រថុយ​មកចូលគុកវិញ ប្រាកដជាត្រូវចាស់ទ្រុឌទ្រោមក្នុងគុក ហើយប្រពន្ធ និងក្រុមគ្រួសាររបស់គាត់ ដាច់​ខាត​ប្រាកដជាមិនព្រមឱ្យមកនៅក្នុងគុកនោះទេ។ តាមដឹង សម រង្ស៊ី ក៏មានជំងឺប្រចាំកាយដែរ ប្រពន្ធគាត់ ប្រាកដជាមិនដាច់ចិត្ត ឃើញប្តីត្រូវលំបាកក្នុងគុកនោះទេ។

៥/មួយទៀតបើសង្ឃឹមថា ចង់ចូលគុកដើម្បីកសាងប្រជាប្រិយភាព បន្ទាប់ពីចេញពីគុកវិញ ដូច​អ្នក​នយោ​បាយនៅស្រុកគេមួយចំនួននោះ ក៏រឹតតែមិនអាចទៀត ព្រោះអាយុរបស់ សម រង្ស៊ី គឺឆ្លងហួសខ្សែបន្ទាត់ នៃ​ការ​តស៊ូបែបសាច់កម្មនេះទៅហើយ។ អ្នកនយោបាយមួយចំនួននៅស្រុកគេ គឺគេជាប់គុករយៈពេល១០-២០​ឆ្នាំ ចេញទៅវិញ អាយុត្រឹម ៤០-៥០ឆ្នាំ។ ឬឯ សម រង្ស៊ី វិញ បើជាប់គុកអាយុ៧០ឆ្នាំ ហើយ​បើ​មាន​សំណាង បានចេញពីគុកវិញបន្ទាប់ពី១០-២០ឆ្នាំនោះ គឺអាយុឡើងដល់ ៨០-៩០ឆ្នាំហើយ។ អាយុ​នេះ​ឈាន​​ចូលដល់វ័យចាស់ជរាហើយ មានអីឱ្យសង្ឃឹមទៀត។

ដូច្នេះសរុបមកវិញ៖
១-ការប្រកាសពីការវិលត្រឡប់របស់ សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា គឺគ្រាន់តែជារឿងប្រឌិត ភូតភរ បោក​ប្រាស់ ដើម្បីស្ទង់ចំណាប់អារម្មណ៍អ្នកគាំទ្រតែប៉ុណ្ណោះ។
២-ហេតុផលមួយទៀត សម រង្ស៊ី មិនចោលក្បួនទេ ក្នុងការដើរបោកគ្រប់ទីកន្លែង ដើម្បី​ម្រូល​លុយ​ពី​អ្នក​ជឿនោះ។ ការប្រកាសថ្ងៃមកវិញ មានន័យថា គាត់មានមានរបៀបវារៈ និងមានលេសគ្រប់គ្រាន់ ដើម្បី​ប្រមូល​លុយពីអ្នកគាំទ្រថែមទៀត។
៣-មួយវិញទៀត ការប្រកាសពីថ្ងៃវិលត្រឡប់ចូលស្រុកលើកនេះ ក៏​អាច​ដោយ​សារ​តែ​គាត់​ត្រូវ​បាន​បុរស​​ខ្លាំង ហ៊ុន សែន រុញឱ្យផ្ទប់ជញ្ជាំង ព្រោះ​តែ​ភាព​កំសាក​មិន​ហ៊ាន​ដាក់​ថ្ងៃ​វិល​មក​វិញ​ពិត​ប្រាកដ​។ ដូច្នេះ​ដើម្បី​​កុំឱ្យខ្មាសគេពេក ដោយត្រូវបានគេសើចចំអកថា ខែទី១៣បានមកវិញនោះ សម រង្ស៊ី ក៏ធ្វើជាខែងរ៉ែង ប្រកាស​ឱ្យល្អមើលសិន ចាំជិតដល់ពេល ចាំប្រកាសប្តូរថ្ងៃតាមក្រោយវិញ កុំឱ្យ​ថា​មិន​ហ៊ាន​ប្រាប់​ថ្ងៃមក ខា្លច​វា​អន់​ពេក។ ប៉ុន្តែសម្រាប់ខ្ញុំវិញ សម រង្ស៊ី ទោះលេងច្រកណាក៏ចាញ់ដែរ។ បើមិនហ៊ានមក គឺ​ត្រូវ​ជាប់​ឈ្មោះ​ជា​ជន​កំសាកញីអស់មួយជីវិត។ បើហ៊ានមកវិញ គឺជាប់គុកអស់មួយជីវិត។ ចឹង​មាន​តែ​ធ្វើ​នយោ​បាយ របៀប​ថ្ងៃ​បណ្តើរ​កូន គឺដើរមួយជំហាន គិតមួយជំហាន ឱ្យតែរួចមួយថ្ងៃៗសិនគឺបានហើយ។ នេះ​គេ​ហៅថា នយោ​បាយ​ទាល់ច្រក អស់ផ្លូវដើរ មានតែបណ្តោយតាមខ្យល់បក់ ធ្វើ​ម៉េច​ឱ្យ​តែ​រួច​ខ្លួន​បាន​មួយ​គ្រាៗ​។ ដូច្នេះយកល្អ អ្នក​ផ្កាប់មុខ ដែលជឿក្រុមប្រឆាំង កុំចេះតែហ៊ានភ្នាល់ឱ្យសោះ ប្រយ័ត្ន​ចាញ់​អស់​គូទខោ យល់​ល្អ​ទុក​លុយ​កាក់ សម្រាប់ចាយវាយ ពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះវិញ វាប្រសើរជាង៕

ដោយ៖ ស ជាតិ

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង