ខ្មែរប៉ុស្ដិ៍ Close

ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ តើថ្ងៃណាឱ្យប្រាកដច្បាស់?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 48
ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ តើថ្ងៃណាឱ្យប្រាកដច្បាស់? ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ តើថ្ងៃណាឱ្យប្រាកដច្បាស់?

ថ្មីៗនេះទណ្ឌិត សម​ រង្ស៊ី បានថ្លែងដដែលៗអំពីកាលបរិច្ឆេទនៃការវិលត្រឡប់ចូលស្រុកវិញរបស់ខ្លួន ដែលបានធ្វើឱ្យពួកអ្នកគាំទ្រមួយចំនួនរបស់ខ្លួនប្រឹងជឿម្តងហើយម្តងទៀត ក៏ប៉ុន្តែទីបំផុត ការនិយាយត្រឡប់ត្រឡិនយកជាការមិនបាន ហើយក៏មិនដឹងច្បាស់ត្រង់ណាឱ្យប្រាកដ។ យ៉ាងណាក៏ដោយឱ្យតែទណ្ឌិតបានជាន់ដីកម្ពុជាក្នុងថ្ងៃណាមួយនោះ គឺច្បាស់បំផុតត្រូវជាប់ខ្នោះ និងបញ្ជូនចូលគុក ក្នុងវិធានការអនុវត្តច្បាប់ប្រទេសយ៉ាងប្រាកដ។

ផ្គរលាន់មិនដែលឃើញភ្លៀង សំដីមិនទៀងទាត់មិនយកជាការបាន ដើរស្រែកប្រកូកប្រកាស់កុហកបោកប្រាស់ម្តងហើយម្តងទៀត ទីបំផុតក៏លែងមានអ្នកជឿលើវោហាស័ព្ទខ្យល់វ៉ល់ៗស្តាប់មិនសូវជឿជាក់ ដែលពួកអ្នកគាំទ្ររបស់ខ្លួនមួយចំនួនបានធ្លាក់ខ្លួនជឿលើការចិញ្ជឹមនៃសេចក្តីក្លែងបន្លំ ជឿលើអ្វីដែលមិនអាចក្លាយទៅជាការពិតបាន។ មហាជនទូទៅបានយល់ដឹងយ៉ាងច្បាស់ថា សម រង្ស៊ី គឺជាទណ្ឌិតត្រូវទទួលទោសជាប់គុកជាច្រើនឆ្នាំ ហើយកំពុងបានជាប់ក្នុងបណ្តឹងជាច្រើនទៀតនៅសាលាដំបូង ដែលតុលាការកំពុងបន្តនីតិវិធីដែលសុទ្ធសឹងជាបទល្មើសត្រូវជាប់គុកគ្មានថ្ងៃចេញរួច គឺគុកលើគុកដែលមិនអាចទូទាត់បានក្នុងអាយុកាលរបស់គាត់ចូលវ័យ៧១ឆ្នាំ រួមផ្សំនឹងជំងឺប្រចាំកាយថែមទៀត គឺច្បាស់នឹងគ្មានថ្ងៃសង្ឃឹមចូលស្រុកបានឡើយ។
គ្រប់គ្នាបានដឹងច្បាស់ថា ទណ្ឌិត សម រង្ស៊ី គឺជាមេគំនិតបង្កើតបដិវត្តន៍ពណ៌ ហើយការវិលត្រឡប់ចូលស្រុកវិញ គឺស្មើនឹងអ្នកបង្កើតចលាចល អស្ថេរភាព និងអសន្តិសុខសង្គម ប្រទេសជាតិនឹងបាត់បង់សន្តិភាព និងសណ្តាប់សង្គម ដែលរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងកសាង និងរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព ស្ថេរភាព និងសណ្តាប់សង្គម ដើម្បីការអភិវឌ្ឍ វិបុលភាព ភាពល្អប្រសើរឡើងនៃជីវភាពរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ និងភាពរុងរឿងរបស់ជាតិមាតុភូមិមួយនេះ។ ដូចនេះបដិវត្តន៍ពណ៌ដែលនឹងត្រូវបាននាំមកជាមួយនឹងការវិលត្រឡប់របស់ទណ្ឌិតរូបនេះ គឺមិនមែនជាបំណងប្រាថ្នា និងឆន្ទៈរបស់មហាជនទូទៅចង់បាននោះទេ។ ពីព្រោះការវិលត្រឡប់របស់គាត់ គឺជាការនាំមកនូវគ្រោះ​មហន្តរាយដល់ប្រជាជន និងជាតិមាតុភូមិយ៉ាងប្រាកដ។

បន្ថែមលើនេះ ទណ្ឌិតរូបនេះជាជនក្បត់ជាតិ មិនទាន់បានឡើងកាន់អំណាចដឹកនាំប្រទេសផង ហ៊ានថ្លើមធំចុះហត្ថលេខាជាមួយលោក កុក ស មេចលនាជនជាតិភាគតិច យួនដេហ្គា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣​ នៅសហរដ្ឋអាមេរិក ដោយសន្យាកាត់ទឹកដីខេត្តទាំង៤ នៅភាគខាងជើងប្រទេសឱ្យទៅជនជាតិភាគតិចយួន ដេហ្គា ដោយបានសន្យាបង្កើតរដ្ឋធម្មនុញ្ញថ្មីទទួលស្គាល់សិទ្ធិរបស់ជនជាតិម៉ុងតេញ៉ាទាំងនោះយ៉ាងខុសច្បាប់ គឺ ជាអំពើក្បត់ជាតិទាំងស្រុង។

ដូច្នេះ បទល្មើសគុកលើគុក ជាប់ជំពាក់មិនទាន់សង ថែមជាមួយនឹងអំពើក្បត់ជាតិខាងលើនេះ តើវាអាចនៅមានអ្នកជឿលើការវិលត្រឡប់របស់ទណ្ឌិតរូបនេះបានឬទេ? ម្តងថ្ងៃនេះ ម្តងថ្ងៃនោះ តើថ្ងៃណា ឱ្យប្រាកដច្បាស់នោះ? យ៉ាងណាក៏ដោយឱ្យតែទណ្ឌិតបានជាន់ដីកម្ពុជាក្នុងថ្ងៃណាមួយនោះ ច្បាស់បំផុតត្រូវជាប់ខ្នោះ និងបញ្ជូនចូលគុក ក្នុងវិធានការអនុវត្តច្បាប់ប្រទេសយ៉ាងប្រាកដ។ សម្រាប់សមត្ថកិច្ចបាននិងកំពុងរងចាំ ហើយថ្ងៃដែលច្បាស់បំផុត គឺ ជាប់ខ្នោះ និងញាត់ចូលគុកតែម្តង ពីព្រោះ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង