ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី អស់សាច់ធ្លាក់ខ្លួនផ្សាយព័ត៌មានក្លែងក្លាយ !

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 56
លិខិតមិត្តអ្នកអាន៖  សម រង្ស៊ី អស់សាច់ធ្លាក់ខ្លួនផ្សាយព័ត៌មានក្លែងក្លាយ ! លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី អស់សាច់ធ្លាក់ខ្លួនផ្សាយព័ត៌មានក្លែងក្លាយ !

ព្រឹកមិញពេលបើកហ្វេសប៊ុក មើល ខ្ញុំពិតជាមហាហួសចិត្តនៅពេលឃើញលោក សម រង្ស៊ី អស់ក្បាច់លេងហើយបែរជាធ្លាក់ ខ្លួនបង្ហោះ ព័ត៌មានក្លែងក្លាយ!
កាលពីមុននេះ ថាមានតែអាមីអាថោងទេដែលផលិត និងចែក ចាយព័ត៌មានក្លែងក្លាយ ឥឡូវនេះដល់ថ្នាក់សម រង្ស៊ី ខ្លួនឯងដែលជាមេចលនាបះបោរតែម្តងដែលចេញមុខបង្ហោះចែកចាយព័ត៌មានក្លែងក្លាយដោយឥតអៀនខ្មាស។ មកដល់ចំណុចនេះហើយដែលខ្ញុំអាចកំណត់បានថាសម រង្ស៊ី កាន់តែអស់ក្រឡាដើរ និងអស់តម្លៃជាមេដឹកនាំរលីង ហើយពេលនេះគាត់គ្មានជម្រើសអ្វីទៀតទេក្រៅតែពីប្រើវិធីថោកទាបទោះជាដឹងថា ជាជម្រើសប្រជាភិថុត ដែលគ្មានសីលធម៌ក៍ដោយ។

កាលពីមុនសម រង្ស៊ី ប្រើតែកូន ចៅ អាម៉ីអាថោងឲ្យផលិត ព័ត៌មានក្លែងក្លាយដើម្បីចែកចាយបំពុលនិងដុតកំហឹងសង្គម តែឥឡូវនេះ មេផលិតព័ត៌មានក្លែងក្លាយរូបនេះបានចេញមុខចែកចាយព័ត៌មានក្លែងក្លាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនឯងតែម្តង។ នេះបានចំជាមនុស្សអស់សាច់មែន។ ការជ្រើសរើសយកវិធីផលិត និងចែកចាយព័ត៌មានក្លែងក្លាយដោយចំហរបស់ សម រង្ស៊ី បង្ហាញឲ្យឃើញថា នយោបាយរបស់បុរសខ្លីគំនិត គិតមិនបានជ្រៅរូបនេះ បានដើរដល់របត់ ទាល់ច្រក គឺដល់ចំណុចដែលឃើញលាមកស្មានថាជាផ្កាហើយរើសមកហិតថាក្រអូប។ សូម្បីក្នុងបក្សខ្លួនឯង សម រង្ស៊ី ហ៊ានធ្វើបក្សប្រហារទាំងភ្នែកស្រស់ ដូច្នេះរឿងអីដែល សម រង្ស៊ី មិនហ៊ានចេញមុខ បង្ហោះព័ត៌មានក្លែងក្លាយដោយគាត់រំពឹងថា យ៉ាងហោចណាស់ក៏អាចបោកមនុស្សធុនគាត់ដែលផ្កាប់មុខមិនចេះបែងចែកខុសត្រូវបានមួយដំបរស្វាដែរ។សម រង្ស៊ី យល់ច្រឡំធំហើយបើសិនជាគិតថា ព័ត៌មានក្លែងក្លាយ បំពុលសង្គមដែលក្រុមរបស់គាត់បង្កើតឡើងនិង ចែកចាយអាចទាក់ទាញពលរដ្ឋខ្មែរទូទៅឲ្យជឿនោះពីព្រោះ
បច្ចុប្បន្ននេះ មនុស្សទូទាំងសាកលលោកកំពុងស្អប់ខ្ពើមព័ត៌មានក្លែងក្លាយ និងកំពុងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយយ៉ាងសកម្ម។

នៅកម្ពុជាក៏មិនខុសពីពិភពលោក ដែរ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគឺជាអាទិភាពរបស់ភាគីពាក់ព័ន្ធនានា ជាពិសេស បណ្តាញផ្សាយព័ត៌មាន។ មានតែបណ្តាញព័ត៌មានខ្មៅរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី ទេដែលនៅបន្តធ្វើជាបណ្តាញចែកចាយព័ត៌មានក្លែងក្លាយបែបនេះ។ ក្រៅពីនោះ គេកំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយយ៉ាងសកម្មបំផុត។ សូម្បីប្រជាពលរដ្ឋសាមញ្ញក៏ចេះផ្ទៀងផ្ទាត់ព័ត៌មានដែរមុននឹងជឿ ឬមុននឹងចែកចាយបន្ត។

វិធីអស់ជម្រើសអស់តម្លៃជា មនុស្សដែល សម រង្ស៊ី ជ្រើសរើសយកមកប្រើប្រាស់កំពុងជួយដុតកម្ទេចជីវិត នយោបាយចុងក្រោយរបស់គាត់ឲ្យរលាយសាបសូន្យកាន់តែឆាប់។ វិធីនេះក៏បានបញ្ជាក់ឲ្យឃើញជាថ្មីទៀតថា អ្នកនយោបាយដែលគ្មានស្នាដៃ ដូច សម រង្ស៊ី គ្មានជម្រើសអ្វីក្រៅពីប្រើវិធីកខ្វក់ ថោកទាប បង្ខូចបង្កាច់គេឯងដើម្បីឆ្លៀតកេងចំណេញពីអំពើទុច្ចរិតរបស់ខ្លួនឡើយ។ អង្គុយចាប់កំហុសគេរហូតដល់គ្មានកំហុសចាប់ ស្រាប់តែបែកគំនិតបង្កើតព័ត៌មានក្លែងក្លាយវិញម្តង។

កន្លងទៅនេះ សម រង្ស៊ី មិនដែល ញញើតឡើយក្នុងការធ្វើសកម្មភាពបំពានច្បាប់រដ្ឋ បំពាននិងបំផ្លាញផលប្រយោជន៍ជាតិ និងធ្វើនយោបាយបម្រើឲ្យបរទេស ទោះបីជាអំពើទាំងនោះខុសច្បាប់ផង ខុសសីលធម៌ផងក៏ដោយ។ មូលហេតុសំខាន់មានតែមួយគត់គឺ សម រង្ស៊ី ជាមនុស្សដែលគ្មានស្នាដៃ គ្មានគំនិតច្នៃប្រឌិតល្អៗ សម្រាប់លើកមកបង្ហាញប្រជាពលរដ្ឋអ្នកបោះឆ្នោតឲ្យគាំទ្រគាត់ គឺមានតែចាំចាប់កំហុសគូប្រជែង និងជាញឹកញាប់ប្រឌិតកំហុសទម្លាក់ទៅលើអ្នកដទៃដើម្បីខ្លួនឯងអាចកេងចំណេញ បានខ្លះពីអំពើថោកទាបទាំង នោះ។

ឥឡូវនេះ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប សម រង្ស៊ី និងបក្ខពួក មិនបានជួយអ្វីដល់កូនខ្មែរ និងពលរដ្ឋខ្មែរឲ្យទទួលបានប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាឆ្លៀតឱកាសបង្កើតព័ត៌មានក្លែងក្លាយដើម្បីបំពុលសង្គមធ្វើឲ្យកូនខ្មែរវក់វីជាមួយព័ត៌មានក្លែងក្លាយទៅវិញ។

មួយរយះចុងក្រោយនេះ សម រង្ស៊ី បានបង្កើតក្រុមផលិត និងចែកចាយព័ត៌មានក្លែងក្លាយដើម្បីចាក់បញ្ចូលព័ត៌មានប្រឌិតទាំងនោះទៅក្នុងសង្គមធ្វើឲ្យបរិយាកាសអាប់អួរ ធ្វើឲ្យកូនខ្មែរខាតពេលវេលា ខាតទាំងលុយកាក់ដោយសារតែព័ត៌មានក្លែងក្លាយដែលពួកគេបង្កើតឡើង។ ឥឡូវនេះ មេផលិត និងចែកចាយព័ត៌មានក្លែងក្លាយបានចេញមុខ យកហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនទៅបង្ហោះចែកចាយព័ត៌មានក្លែងក្លាយផ្ទាល់តែម្តង។ នៅពេលខាងមុខនេះ ព័ត៌មានក្លែងក្លាយជាច្រើននឹងត្រូវសម រង្ស៊ី និងបក្ខពួកផលិតនិងចែកចាយក្នុងគោលបំណងបំពុលសង្គមធ្វើឲ្យកូនខ្មែរវង្វេងលែងចេះបែងចែកខុស និងត្រូវ។ នេះជាគោលបំណងទុច្ចរិតរបស់ សម រង្ស៊ី និងគូរកន។

និយាយឲ្យចំទៅ ក្នុងមួយជីវិត នយោបាយរបស់ សម រង្ស៊ី គឺគាត់ធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញ គឺបំផ្លាញរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន បំផ្លាញសមិទ្ធផលរបស់ប្រជាជន បំផ្លាញសុខសន្តិភាព បំផ្លាញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ បំផ្លាញឆ្នាំងបាយរបស់កម្មករ បំផ្លាញទីផ្សាររបស់កសិករ បំផ្លាញភាព សុខសាន្តរបស់ពលរដ្ឋ និងបំផ្លាញតិត្យានុភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ។

ជាអកុសលដោយសារតែកម្ពុជា យើងមានសភាវៈដែលកើតមក សម្រាប់តែបំផ្លាញបែបនេះបានជាប្រទេសយើងជួបចម្បាំងរាំងជល់ និងជម្លោះបែកបាក់មិនឈប់ឈរ។
ប៉ុន្តែ ទន្ទឹមនឹងមានសភាវៈចាំតែបំផ្លាញបែបនេះ ទេវតាក៏បានបង្កើតសភាវៈមួយទៀតជាអ្នកជួយសង្គ្រោះប្រទេសនេះមិនឲ្យសាបសូន្យហើយដែលកំពុងឈរយ៉ាងរឹងមាំដើម្បីដឹកនាំកសាង ការពារ និងលើកស្ទួយតិត្យានុភាពជាតិ។

ប្រទេសចាកផុតពីរបបខ្មែរ ក្រហម ហើយពេលនេះកំពុងងើបឈរយ៉ាងត្រដែតស្មើមុខ មាត់គេក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ គឺដោយសារសភាវៈអ្នកកសាងការពារកម្ពុជា នោះគឺលោក ហ៊ុន សែន។

តាមជំនឿទោះក្នុងទេវកថា ក្នុងរឿងព្រេង ឬជាការពិតនៅក្នុងបច្ចុប្បន្នក្តី សភាវៈអាក្រក់ដែលចាំតែបំផ្លាញគេនៅទីបំផុតនឹងទទួលក្តីវិនាសអន្តរាយ ចំណែកតួអង្គអ្នកកសាង នឹងក្លាយជាវីរៈជន។ ស្ថានភាពសម រង្ស៊ី និងគូកនបានបង្ហាញច្បាស់ហើយពីភាពវិនាសប្រាស់ព្រាត់រកដីជ្រកមិនបានដោយសារតែអំពើអាក្រក់របស់ពួកគេ។ ហើយថ្ងៃនេះ សម រង្ស៊ី ដែលបាត់បង់តម្លៃអស់ដោយសារតែការប្រើប្រាស់បណ្តាញសង្គមផ្លូវការរបស់ខ្លួន បង្ហោះព័ត៌មានក្លែងក្លាយ កំពុងឈានទៅរកក្តីវិនាសចុងកញ្ចប់ហើយព្រោះតែអំពើថោកទាប ឥតខ្មាសអៀនរបស់ខ្លួន។ ដែនដី សុវណ្ណភូមិមិនមែនជាជម្រករបស់ជនដែលមានសន្តានអាក្រក់ដូច សម រង្ស៊ី និងបក្ខពួកឡើយ តែជាដែនដីដ៏សុខសាន្ត និងជាកោះសន្តិភាពក្រោមម្លប់ដឹកនាំរបស់សភាវៈជាអ្នកកសាង៕

ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ

អត្ថបទទាក់ទង