ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ កំហុសលើកំហុសក្នុងយុទ្ធសាស្រ្តរបស់ក្រុមប្រឆាំង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 102
អ្នកវិភាគចៅចាក់ស្មុក៖ កំហុសលើកំហុសក្នុងយុទ្ធសាស្រ្តរបស់ក្រុមប្រឆាំង អ្នកវិភាគចៅចាក់ស្មុក៖ កំហុសលើកំហុសក្នុងយុទ្ធសាស្រ្តរបស់ក្រុមប្រឆាំង

ខណៈអ្នកនយោបាយអឺរ៉ុបមួយចំនួនដែលមាននិន្នាការគាំទ្រខ្លួន ក្រុមអ្នកនយោបាយប្រឆាំងនៅក្នុងស្រុក និងអ្នកនយោបាយរត់ចោលស្រុកមួយចំនួន បាន និងកំពុងពុលទឹកមាត់ ស៊ីជោរនឹងការគំរាមកំហែងរបស់ជនបរទេសមកលើកម្ពុជា នៅជុំវិញប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម (EBA) ដោយបានព្យាយាមបំភ្លៃ បំផ្លើស និងបំភ័យប្រជាពលរដ្ឋខ្មែរ ជាពិសេសកម្មករកម្មការិនី ដែលកំពុងបម្រើការងារនៅតាមរោងចក្រនានា។

EBA គឺជាការអនុគ្រោះផ្នែកពាណិជ្ជកម្មមួយរបស់សហភាពអ៉ឺរ៉ុប ដែលបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យក្លាយជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ក្នុងរយ:ពេលពីរទសវត្សចុងក្រោយនេះ និងបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាពីជាង ៥០% នៅឆ្នាំ ២០០៤ មកនៅត្រឹម ១៣,៥% នៅឆ្នាំ ២០១៤។ ការរៀបរាប់នេះ គឺចង់បង្ហាញថា EBA គឺជាការអនុគ្រោះមួយរបស់អឺរ៉ុប សម្រាប់ប្រជាជនខ្មែរទូទាំងប្រទេស ហើយវាមិនមែនសម្រាប់គណបក្សប្រជាជនកម្ពុជា ឬគណបក្សណាមួយ ឬក្រុមណាមួយឡើយ។

ក្រុមប្រឆាំងបានធ្វើកំហុសមួយយ៉ាងធំ ដោយយកផលប្រយោជន៍របស់ប្រជាជនខ្មែរទាំងមូល ដើម្បីជាថ្នូរដោះដូរនឹងផលប្រយោជន៍សួនតួរបស់ក្រុមខ្លួន។ ប្រជាជនខ្មែរ គួរមើលឃើញឱ្យច្បាស់អំពីនយោបាយក្បត់ប្រជាជន និងក្បត់ប្រទេសរបស់ក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី។ យើងអាចយល់ច្បាស់អំពីមារយាទ និងសណ្តាននយោបាយថោកទាបរបស់ក្រុមប្រឆាំង តាមរយ:ការពិនិត្យឡើងវិញនូវសកម្មភាពរបស់ក្រុមប្រឆាំងកន្លងមក។

នៅពេលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសុខសន្តិភាពបរិបូរណ៍ និងរីករាយជាមួយនិងកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ, ក្រុមប្រឆាំងបែរជាសាបព្រោះនូវវប្បធម៌បដិវត្តពណ៌នៅកម្ពុជា ដោយរួមគំនិតជាមួយបរទេស ក្រោមមួកនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ គ្រប់គ្នាបានដឹងច្បាស់ហើយ បដិវត្តន៍ពណ៌គឺជារបៀបនៃការដណ្តើមអំណាច ដោយប្រើកម្លាំងមហាជន មិនតាមវិធីបោះឆ្នោត ហើយជាទូទៅ គឺបាននាំឱ្យប្រទេសធ្លាក់ចូលក្នុងភាពចលាចល និងសង្រ្គាមវិនាសកម្ម ដែលមានជាឧទាហរណ៍យ៉ាងច្បាស់លាស់ នៅក្នុងពិភពអារ៉ាប់ ជាពិសេស គឺ លីប៊ី និងស៊ីរី។ តើប្រជាជនកម្ពុជា សុខចិត្តឱ្យសុខសន្តិភាព ដែលមានរយ:ពេល២០ឆ្នាំ នេះត្រូវបំផ្លាញ ដោយបាតដៃក្រុមប្រឆាំងដែរ ឬទេ? ចម្លើយ គឺប្រជាជនកម្ពុជាមិនយល់ព្រមជាដាច់ខាត ហើយប្តេជ្ញាការពារដោយមិនរួញរានូវសុខសន្តិភាពរបស់ប្រទេស ដែលជាសមិទ្ធផលកើតចេញពីការបូជាសាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជនស្នេហាជាតិកម្ពុជា។

ក្នុងន័យនេះ គណបក្សសង្រ្គោះជាតិដែលបានរួមគំនិតគ្នាជាមួយបរទេសដើម្បីរៀបចំសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ជាមួយភស្តុតាងជាច្រើន ដោយរួមទាំងសម្តីសារភាពរបស់ កឹម សុខា ដែលថ្លែងរៀបរាប់អំពីផែនការក្បត់នេះ នៅប្រទេសអូស្រ្តាលី និងថតជាវីដេអូឃ្លីបផ្សព្វផ្សាយ ជាសាធារណៈយ៉ាងគឃ្លើន និងប្រកបដោយមោទនភាពចំពោះផែនការបដិវត្តន៍ពណ៌នេះ។ ប្រជាជនកម្ពុជាជាង ៨៣% ក៏បានសម្តែងឆន្ទៈរបស់ខ្លួន តាមរយ:ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដោយប្រជាជនភាគច្រើនបានបោះឆ្នោតជ្រើសរើស និងគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស ដោយសារមើលឃើញច្បាស់អំពីវីរៈភាព និងស្នាដៃធំធេងរបស់គណបក្សនេះចំពោះជាតិ និងមាតុភូមិ ពិសេស ការបញ្ចប់សង្រ្គាម នាំមកនូវសន្តិភាព និងឯកភាពទឹកដីពេញបរិបូរណ៍ ព្រមទាំងទប់ស្កាត់បានទាន់ពេលវេលាចំពោះផែនការបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំង ហើយធានារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពជូនប្រជាជន និងមាតុភូមិដ៏កំសត់របស់យើង។

គេនៅចាំបានថា សម រង្ស៊ី បានធ្វើពហិការមិនចូលរួមក្នុងការបោះឆ្នោតកន្លងទៅ បើទោះជាគាត់មានគណបក្សភ្លើងទៀន ឬគណបក្សសិទ្ធិមនុស្សដើម្បីចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោតក៏ដោយ។ នេះក៏ដោយសារតែ សម រង្ស៊ី ចង់យកការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីធ្វើប្រជាមតិ ដោយភ្នាល់ដាក់ជីវិតនយោបាយតាមរយៈការ អំពាវនាវប្រជាពលរដ្ឋកុំឱ្យទៅបោះឆ្នោត ដោយសារពុំមានវត្តមានគណបក្សសង្រ្គោះជាតិ។ សម រង្ស៊ី ធ្វើជម្រើសនេះប្រកបដោយអំនួតនយោបាយ និងមានជំនឿថា ប្រជាពលរដ្ឋជាង ៥០% នឹងមិនចេញទៅបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋជាង៨៣% បានចេញទៅបោះឆ្នោត ដែលជាកំផ្លៀងនយោបាយមួយធ្វើឱ្យ សម រង្ស៊ី និងក្រុមប្រឆាំងរងការអាម៉ាស់យ៉ាងធ្ងន់ធ្ងរចំពោះបរាជ័យនេះ។

តើអ្នកណា ឬក្រុមណា ទៅអង្គុយលត់ជង្គង់ជាប្រចាំបញ្ចុះបញ្ចូល និងអង្វរបរទេសឱ្យកាត់ EBA ពីខ្មែរ? តើអ្នកណា ឬក្រុមណា ដែលសុខចិត្តចំណាយលុយរាប់សិបម៉ឺនដុល្លារ ជួលក្រុមហ៊ុនបរទេស អោយធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា ហើយផ្សព្វផ្សាយព័ត៌មានបំផ្លាញមុខមាត់ប្រទេស និងបន្ទាបបន្ថោកជាតិសាសន៍ឯង ? បើធ្វើនយោបាយខ្វះឧត្តមគតិជាតិ ដោយមិនតម្កល់ប្រយោជន៍ជាតិជាធំ ហើយដាក់ខ្លួនជាខ្ញុំបម្រើបរទេស តើធ្វើនយោបាយដើម្បីអ្វី? នេះហើយបានជាយើងហ៊ាននិយាយដោយច្បាស់ថា ក្រុមប្រឆាំងបានដើរក្រឡាយុទ្ធសាស្រ្តខុសក្បួនតម្រាជាតិ ហើយឆ្លងបន្ទាត់ក្រហមជាតិ ដែលមិនអាចអត់ឱ្យបាននោះទេ។ អ្វីក៏អាចនិយាយគ្នាបាន ប៉ុន្តែ បន្ទាត់ក្រហមជាតិ គឺអធិបតេយ្យជាតិ និងសុខសន្តិភាពប្រទេស ដែលមិនអាចយកជាថ្នូរនឹងជំនួយបរទេសបានឡើយ។ បើត្រូវឱ្យធ្វើការជ្រើសរើសដាច់ខាតរវាងសន្តិភាព និងជំនួយអភិវឌ្ឍន៍ អ្នកនយោបាយស្នេហាជាតិ ដាច់ខាតឈរខាងសុខសន្តិភាពរបស់ប្រទេសហើយ។

តើអ្វីជាថ្នូរ ដែលអឺរ៉ុបចង់បាននៅក្នុងការរក្សា EBA សម្រាប់កម្ពុជា? គឺកម្ពុជា ត្រូវលះបង់ការអនុវត្តច្បាប់របស់ខ្លួន ដោយឱ្យគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការសម្រេច រំលាយចោលនោះ អាចរស់ឡើងវិញបាន។ រឿងរំលាយគណបក្សសង្រ្គោះជាតិ គឺជារឿងអនុវត្តច្បាប់ ហើយការអនុវត្តច្បាប់នេះ ក៏បានជួយបំផ្លាញចោលនូវឧបាយកល និងអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ ធានារក្សាបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ចៀសផុតដោយជោគជ័យពីស្ថានភាពចលាចល និងសង្រ្គាមដូចក្នុងបណ្តា ប្រទេសមួយចំនួនក្នុងពពិភពអារ៉ាប់ ដែលកើតមានចលនាបដិវត្តន៍ពណ៌។ ដូចនេះ ប្រសិនបើឱ្យគណបក្សសង្រ្គោះជាតិរស់ឡើងវិញជាថ្នូរនឹងការរក្សា EBA មានន័យថា កម្ពុជា ត្រូវលះបង់ចោលការអនុវត្តច្បាប់របស់ខ្លួន ហើយអនុញ្ញាតឱ្យបរទេសអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជាការបំពាននូវឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលជាឌួងព្រលឹងរបស់ប្រទេស ។ លះបង់ការអនុវត្តច្បាប់ពេលនេះ ចំពោះរឿងនេះ គឺដាច់ខាតមិនចប់ត្រឹមនេះទេ បរទេសនឹងប្រើវិធីនេះ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងជាថ្មី នៅក្នុងសំណុំរឿងផ្សេងៗទៀត។ ដូចនេះ បើពិនិត្យឱ្យបានស៊ីជម្រៅទៅ បញ្ហានេះពុំមែនជាបញ្ហារឿងគណបក្សសង្រ្គោះជាតិនោះទេ តែជារឿងឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលជាអាយុជីវិតរបស់ប្រទេស។

ហេតុអ្វីបានជាអឺរ៉ុបកាន់ជើងគណបក្សសង្រ្គោះជាតិ ហើយទាមទារ្យប្រស់បក្សប្រឆាំងមួយនេះដែលស្លាប់ទៅហើយនោះឱ្យរស់ឡើងវិញ? ហេតុអ្វីបានជាអឹរ៉ុបមើលមិនឃើញ គណបក្សចំនួន២០ ដែលបានចូលរួមក្នុងការបោះឆ្នោតកន្លងទៅ ហើយបែរជាលើកឡើងអំពីបញ្ហាប្រជាធិបតេយ្យទៅវិញ? មូលហេតុពិតប្រាកដ គឺក្រុមប្រឆាំង គឺជាខ្ញុំបម្រើបរទេស និងអាយ៉ងបរទេស ហើយបរទេស អាចប្រើជាកូនអុក សម្រាប់ផលប្រយោជន៍ភូមិសាស្រ្តនយោបាយរបស់ខ្លួននៅក្នុងតំបន់តែប៉ុណ្ណោះ។ យើងក៏គួរទទួលស្គាល់ការពិតដែរថា ការចងសម្ព័ន្ធគ្នារវាងបក្សសង្រ្គោះជាតិ និងបក្សសិទ្ធិមនុស្ស ដើម្បីបង្កើតជាគណបក្សសង្រ្គោះជាតិ គឺមិនមែនជាឆន្ទៈពិតប្រាកដរបស់ សម រង្ស៊ី និង កឹម សុខា នោះទេ ប៉ុន្តែ គឺជាការផ្សំផ្គុំរបស់បរទេស ហើយសូម្បីកម្មវិធីនយោបាយរបស់គណបក្សនេះ ក៏បរទេសជាអ្នករៀបចំឱ្យដែរ។ គណបក្សនេះមានសំបកជាគណបក្សខ្មែរ ប៉ុន្តែ ខួរក្បាល និងមធ្យោបាយ គឺជាបរទេស។ តើក្នុងលោកនេះប្រទេសណាអនុញ្ញាតឱ្យធ្វើដូច្នេះ? ប្រទេសអាមេរិក និងអឺរ៉ុប មិនអនុញ្ញាតឱ្យមានរឿងរបៀបនេះកើតឡើង លើទឹកដីខ្លួននោៈទេ។ ភាសាខ្មែរសាមញ្ញថា បើយើងវាយកូនគេ ឪពុកម្តាយដាច់ខាតមិននៅស្ងៀមនោះទេ ទោះកូនគេខុសក៏ដោយ។

ជារួមបើពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បញ្ហារឿង EBA របស់កម្ពុជា គឺប្រាកដណាស់ មិនមែនជារឿងប្រជាធិបតេយ្យអ្វីនោះទេ តែជារឿងនយោបាយ សុទ្ធសាធ ព្រោះឡាវ ដែលជាប្រទេសក្បែរខាងយើងប្រកាន់យករបបកុម្មុយនីស្ត តែនៅអាចរក្សា EBA។ បើអឺរ៉ុប ដក EBA ពីកម្ពុជា គឺអឺរ៉ុបបានប្រព្រឹត្តកំហុសជាថ្មីសម្រាប់ប្រជាជនកម្ពុជា ដោយហេតុថា អឺរ៉ុបធ្វើការជ្រើសរើសក្រុមប្រឆាំង ដែលជាមនុស្សមួយក្តាប់តូច និងបោះបង់ចោលប្រជាជនកម្ពុជាទាំងមូលដែលកំពុងទទួលផលប្រយោជន៍ពី EBA។ ទន្ទឹមនេះ ការដក EBA ក៏មានន័យស្មើនឹងការបិទខ្យល់ដង្ហើមរបស់ក្រុមប្រឆាំងផងដែរ។ យើងគួរចងចាំដែរថា នៅពេលដែលអឺរ៉ុបគំរាមដក EBA ពីកម្ពុជា គឺក្រុមប្រឆាំងមានទឹកមាត់ ដើម្បីអាចទទួលបាន ដំណោះស្រាយជាបន្តបន្ទាប់សម្រាប់ស្ថានការណ៍បច្ចុប្បន្នរបស់កម្ពុជា ដោយរួមមានការដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន និងការប្រើប្រាស់នូវបុព្វសិទ្ធិរបស់នាយករដ្ឋមន្រ្តី ក្នុងការស្នើថ្វាយព្រះមហាក្សត្រលើកលែងទោសអោយទណ្ឌិតមួយចំនួនដែលបានសម្តែងការសោកស្តាយ និងសុំទោសចំពោះកំហុសដែលបានប្រព្រឹត្ត ដែលនេះ ក៏ជាកាយវិការ យោគយល់គ្នាក្នុងនាមជាខ្មែរផង និងជាគន្លងនៃការអនុវត្តស្របតាមច្បាប់របស់ប្រទេសផង។

បើ EBA ត្រូវបានអឺរ៉ុបដកបាត់មែន ក្រុមប្រឆាំងបានចូលក្នុងអន្ទាក់នៃ «ល្បែងចាញ់-ចាញ់» ។ ចាញ់ទី១ គឺចាញ់ចំពោះជាតិ និងប្រជាជនរបស់ខ្លួន ដោយសារការដក EBA គឺជាកំហុសរបស់ក្រុមខ្លួន ក្នុងការបញ្ចុះបញ្ចូលអឺរ៉ុបឱ្យដក EBA, ចាញ់ទី២ គឺចាញ់ក្នុងយុទ្ធសាស្រ្តនយោបាយ ដោយសារទាល់ច្រកអស់ផ្លូវដើរ និងលែងអាចដាក់សម្ពាធលើ គណបក្សកាន់អំណាចបាន។ យើងអាចដាក់ជាសំណួរថា តើក្រុមប្រឆាំងនឹងអំពាវនាវអ្វីទៀត ហើយបញ្ចុះបញ្ចូលឱ្យបរទេស ដាក់សម្ពាធអ្វីទៀតមកលើកម្ពុជា? ហើយតើអ្វីទៅជាជោគវាសនា និងយុទ្ធសាស្រ្តរបស់ក្រុមប្រឆាំងសម្រាប់ពេលខាងមុខ? តើអ្វីទៅជាជោគវាសនារបស់ កឹម សុខា ដែលកំពុងជាប់ក្នុងសំណុំរឿងក្បត់ជាតិនៅក្នុងប្រទេស?

ក្រុមប្រឆាំងគួររៀតសូត្រអំពីទស្សន:ប្រវត្តិសាស្រ្តអោយបានស៊ីជម្រៅ និងរៀនស្គាល់អោយច្បាស់អំពីតួអង្គនយោបាយដែលមិនអាចខ្វះបានសម្រាប់កម្ពុជា គឺ បុរសខ្លាំង ដែលមានគោរម្យងារជា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន”។ ក្រុមប្រឆាំងត្រូវចាំអោយច្បាស់ថា គណបក្សកាន់អំណាចបច្ចុប្បន្ន គឺមានសាគ្គីភាពផ្ទៃក្នុងរឹងមាំល្អណាស់ ហើយថែមទាំងកំពុងកាន់អាត់ដល់ទៅបួនក្នុងដៃ បូកថែម ចូកឃើ (Jokers) ចំនួនពីរ សម្រាប់ឈ្នះល្បែងនយោបាយជាមួយក្រុមប្រឆាំងដែលបំផ្លាញជាតិ៕

ដោយ៖ ចៅចាក់ស្មុក
រាត្រិថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨

អត្ថបទទាក់ទង