លិខិតមិត្តអ្នកអាន ៖ តើឯណាទៅឯករាជ្យភាពរបស់លោក រ៉ុង ឈុន ឬមួយជននេះជាអ្នកនយោបាយបំរើឱ្យក្រុមឧទ្ទាម?
លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលត្រូវបានគេមើលឃើញថាជាក្រុមបក្ខពួកគូកនរបស់បក្សប្រឆាំង ស្តែងឡើងតាមរយៈការចូលរួមធ្វើបាតុកម្មអនាធិបតេយ្យតាមដងផ្លូវ ក្រោមលេសតវ៉ាទាមទារតំឡើងប្រាក់ខែកម្មករ និងជាមេខ្លោង១រូបនៃចលនាឧទ្ទាមក្រៅច្បាប់ ហើយក៏ធ្លាប់ជាប់គុក ដោយសារតែការប្រព្រឹត្តទង្វើបំពានច្បាប់នាពេលកន្លងមក រហូតមកដល់ពេលនេះ នៅមិនទាន់បញ្ចប់សកម្មភាពគឃ្លើនរបស់ខ្លួននៅឡើយទេ។ តើលោក រ៉ុង ឈុន នៅបន្តប្រព្រឹត្តទង្វើបំពានច្បាប់អ្វីខ្លះទៀត និងការចូលជ្រៅក្នុងបក្សប្រឆាំង?
ថ្មីៗនេះនៅលើទឹកដីសហរដ្ឋអាមេរិក លោក រ៉ុង ឈុន ក្នុងកម្មវិធីរៀបចំដោយអតីតបក្សប្រឆាំង ដៃកាន់ក្បាលមីក្រូហ្វូន និយាយក្នុងនាមគាត់ជាក្បាលម៉ាស៊ីនដឹកនាំ១រូបក្នុងជួរបក្សប្រឆាំង ដែលត្រូវបានរំលាយដោយច្បាប់ បានចោទប្រកាន់មកលើស្ថានភាពនៅកម្ពុជាថា កំពុងមានវិបត្តិ បើទោះបីជាសារបន្ទាប់ទៀតនោះ រ៉ុង ឈុន បានទទួលស្គាល់ថា បក្សប្រឆាំងបច្ចុប្បន្នបានបែកបាក់ខ្ទេចខ្ទី និងចែកផ្លូវ ខ្វែងគំនិតគ្នា និងផ្ទៃក្នុងបក្សមានការរង្គោះរង្គើអស់ទៅហើយក្តី ប៉ុន្តែ លោក រ៉ុង ឈុន នៅតែបន្តផ្ញើសារបោកបញ្ឆោតអ្នកគាំទ្រនៅឯក្រៅប្រទេសឲ្យតស៊ូទៅមុខទៀត ដោយនិយាយលើកទឹកចិត្តអ្នកគាំទ្រដ៏តិចតួចនោះថា ប្រទេសលោកសេរី និងអន្តរជាតិនៅពីក្រោយខ្នងជាបង្អែកការពារពួកគេជានិច្ច។
ទន្ទឹមនឹងការបញ្ជូនសារលួងលោមបោកបញ្ឆោតអ្នកគាំទ្រ ប៉ុន្តែ សារជាតិពិតប្រាកដរបស់ពួកបក្សប្រឆាំងក៏មានលក្ខណៈប្រហាក់ប្រហែលគ្នាគួរឲ្យកត់សម្គាល់ ទាំងទណ្ឌិត សម រង្ស៊ី មន្ត្រីជាន់ខ្ពស់មួយចំនួនក្នុងបក្ស ក៏ដូចជាលោក រ៉ុង ឈុន គឺមិនបោះបង់ចោលនោះឡើយនូវការចោទប្រកាន់ បំភិតបំភៃ និងលាបពណ៌ ទៅលើសកម្មជនរបស់ខ្លួនមួយចំនួនដែលបានចាកចេញពីបក្ស ថា ជាជនក្បត់ ឬមិនស្មោះត្រង់ជាមួយគណបក្សជាដើម ដែលទង្វើនេះ កាន់តែនាំឱ្យអ្នកធ្លាប់គាំទ្រខឹងសម្បារ និងបន្តការចាកចេញយ៉ាងស្ងាត់ស្ងៀមជាបន្តបន្ទាប់។
ងាកមកមើលការធ្វើសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងទីក្រុងភ្នំពេញឯណេះវិញ សកម្មភាពរបស់ លោក រ៉ុង ឈុន គឺបានបង្ហាញយ៉ាងច្បាស់ក្រឡែតពីការរំលោភលក្ខខន្តិកៈសមាគម ឬសហជីពការងារដែលបានតម្កល់ទុកនៅក្រសួងមានសមត្ថកិច្ច ។ លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទន្ទឹមនឹងការប្រកាសមិនធ្វើការប្រមូលផ្តុំគ្នា ដើម្បីធ្វើបាតុកម្ម នៅថ្ងៃទី១៥ ខែសីហា ខាងមុខក៏ពិតមែន ប៉ុន្តែ គម្រោងធ្វើការប្រមូលផ្តុំកម្លាំង និងការបញ្ជាក់ពីគោលជំហរដាច់ខាតរបស់គាត់ដែលនិយាយក្នុងនាមសមាគមគ្រូបង្រៀនឯករាជ្យនោះថា « …រូបគាត់ នឹងជួបជុំ ប្រមូលផ្តុំ សម្តែងមតិ តវ៉ាឲ្យដោះលែងលោក កឹម សុខា លើកលែងទោសឱ្យលោក សម រង្ស៊ី ជាមួយនឹងបញ្ហាមួយចំនួនទៀត ក្នុងនោះដូចជាទាមទារឱ្យផ្តល់តំណែងតួនាទីក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យអតីតបក្សប្រឆាំងឡើងវិញ ផ្តល់ឱ្យអ្នកដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយជាង១០០នាក់មានសិទ្ធិឡើងវិញ ជាពិសេស លោក រ៉ុង ឈុន បានទាមទារឱ្យអតីបក្សប្រឆាំងដែលតុលាការសម្រេចរំលាយចោលទៅហើយនោះ ឱ្យដំណើរការ និងរៀបចំធ្វើការបោះឆ្នោតឡើងវិញ ជាដើម។
តើឯណាទៅជាឯករាជ្យភាពរបស់លោក រ៉ុង ឈុន ក្នុងនាមជាប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើការតវ៉ា ទាមទាររបស់គាត់ស្ថិតនៅក្រោមហេតុផលនយោបាយយ៉ាងដូច្នេះ?
លោក រ៉ុង ឈុន មិនអាចប្រកែក លាក់បាំង ឬបដិសេធពីទង្វើរបស់ខ្លួនបានឡើយ ខណៈដែលសហជីព ឬសមាគម គ្រាន់តែជាអាវពាក់បាំងពីលើ ប៉ុន្តែ សារជាតិពិតនៅខាងក្នុង គឺបំរើសកម្មភាពបក្សនយោបាយយ៉ាងពេញទំហឹង។ ដូចអ្វីដែលជាការឆ្លើយតបរបស់សាលារាជធានីភ្នំពេញ ចំពោះការស្នើសុំប្រមូលផ្តុំសម្តែងមតិ ដើម្បីទាមទារឲ្យដោះលែងជនជាប់ចោទ កឹម សុខា និងលើកលែងទោសទណ្ឌិត សម រង្ស៊ី រដ្ឋបាលរាជធានីភ្នំពេញពុំអនុញ្ញាតជូនបានទេ ដោយសារសកម្មភាពនេះប្រឆាំងនឹងសាលដីការបស់តុលាការកំពូល និងរំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
បើទោះបីជាខកខានមិនបានជួបជុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១៥ ខែសីហា ជាមួយនឹងការព្រមានរបស់សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ក៏ដោយ ហេតុអ្វី លោក រ៉ុង ឈុន គាត់នៅតែប្រកាសថានឹងមានការប្រមូលផ្តុំកម្លាំងតវ៉ានៅថ្ងៃក្រោយទៀត? ឬមួយក៏គាត់យល់ថា វិធានការផ្លូវច្បាប់មិនមានភាពចាំបាច់សម្រាប់រូបគាត់ និងបក្ខពួកគាត់អនុវត្តឬយ៉ាងណា?
ជាវិធាននៃការអនុវត្ត សាលដីកាស្ថាពររបស់តុលាការកំពូល ក្នុងការរំលាយគណបក្សប្រឆាំង គឺជាការបិទផ្លូវតវ៉ា។ ដូចនេះ គ្មានជនណាម្នាក់មានសិទ្ធិបំពានអំណាចឆន្ទានុសិទ្ធិរបស់តុលាការបានឡើយ។ យ៉ាងណាមិញ ករណីនៃការចេញមុខប្រកាសជាចំហបស់លោក រ៉ុង ឈុន មានតម្លៃស្មើនឹងរូបគាត់ប្រកាសប្រឆាំងនឹងគោលការណ៍ច្បាប់ ហើយរិតតែជាក់ច្បាស់ទៅទៀតថា លោក រ៉ុង ឈុន ពិតជាមានគោលបំណងបង្កចលាចលសង្គម តាមរយៈការប៉ុនប៉ងរំលោភសមត្ថកិច្ចរបស់តុលាការដោយមិនអាចប្រកែកបានឡើយ ។ទង្វើរបស់លោក រ៉ុង ឈុន ក៏បានបង្ហាញកាន់តែច្បាស់ថែមទៀត ពីការដើរផ្ទុយភាពជាឯករាជ្យក្នុងនាមជាសមាគម និងសហជីព ដែលមិនត្រូវប្រឡូកប្រឡាក ឬពាក់ព័ន្ធនឹងមួយនឹងគណបក្សនយោបាយណាមួយឡើយ និងគួរគាប់បីស្ថិតនៅឱ្យជ្រះស្រឡះថែមទៀត ជាមួយនឹងក្រុមឧទ្ទាមក្រៅច្បាប់ បើពុំដូចនោះទេ សកម្មភាពរបស់លោក រ៉ុង ឈុន បក្ខពួក នឹងត្រូវបានចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ជនទាំងឡាយណាដែលនឹងនាំឱ្យមានភាពវឹកវ ចលាចល ឬអសន្តិសុខក្នុងសង្គមជាតិ ក៏ដូចជាលើកកម្ពស់តម្លៃនីតិរដ្ឋ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ៕
ដោយ៖ បញ្ញាវន្តអ្នកសិក្សាបញ្ហានយោបាយ-សង្គម