ថវិកា ១០លានរៀលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអំណោយកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនជនរងគ្រោះជាប់ក្នុងរូងភ្នំ នៅខេត្តបាត់ដំបង
សាខាកាកបាទក្រហមខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយលោក ងួន រតនៈ អនុប្រធានកិត្តិយសាខា លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា បានយកអំណោយមនុស្សធម៌របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក ស៊ុ បូរ៉ា អាយុ២៧ឆ្នាំ ដែលជាជនរងគ្រោះក្នុងហេតុការណ៍ជាប់ក្នុងរូងភ្នំ ស្ថិតនៅភូមិក្បាលហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។
ក្រុមការងារបានផ្តាំផ្ញើសួរសុខទុក្ខ អាណិតអាសូរ និងសោកស្តាយពីសំណាក់លោកនាយករដ្ឋមន្ត្រី និងលោកជំទាវ ចំពោះឧបទ្ទវហេតុដែលកើតមានឡើងចំពោះលោក ស៊ុ បូរ៉ា ដែលបានឡើងកើបអាចម៍ប្រចៀវ ដើម្បីយកទៅលក់យកថវិកាទ្រទ្រង់ជីវភាពគ្រួសារ តែអកុសលនៅយប់ថ្ងៃទី០៤ ខែសីហា បានធ្លាក់ចូលក្នុងរូងថ្ម។
ដោយសេចក្តីអាណិតអាសូរគួរឱ្យសោកសង្វេគនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ បានលើកទឹកចិត្តឧបត្ថម្ភនូវថវិកាមួយចំនួន ១០លានរៀល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានឧបត្ថម្ភគ្រឿងឧបភោគមានដូចជា៖ ទឹកសុទ្ធវីឃែរ៤កេស ទឹកដោះគោឆៅ ២ឡូតិ៍ មុង ភួយ ក្រមា សារ៉ុង ត្រីខ និងថវិកាចំនួន ២លានរៀលផងដែរ។
តបចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ លោក ស៊ុ បូរ៉ា និងភរិយា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកទាំងពីរ ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងផលលំបាករបស់ប្រជាពលរដ្ឋប្រកបដោយទឹកចិត្តមនុស្សធម៌ជានិច្ច។
លោក បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្លាក់កៀបជាប់ក្នុងថ្មនៅលើភ្នំចក្រ ពេលរូបគេឡើងទៅកើបអាចម៍ប្រចៀវ។ លោក ប៉ូរ៉ា បានជាប់នៅក្នុងថ្មតាំងពីថ្ងៃទី០៤ ខែសីហា មកម្ល៉េះ ទើបនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានក្រុមគ្រួសារ និងប្រជាពលរដ្ឋដើររកឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង។
បន្ទាប់ពីបានរកឃើញ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ ជាពិសេសលោកទេសរដ្ឋមន្ត្រី គន់ គីម ដោយមានការបញ្ជាផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះបាដឹកនាំកម្លាំងជួយសង្គ្រោះ៧១១ របស់កងពលតូចលេខ៧០ តាមយន្តហោះចុះទៅជួយសង្គ្រោះភ្លាមៗផងដែរ។ ក្រុមអ្នកជួយសង្គ្រោះ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច បានសហការគ្នារិះរកវិធី និងប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះ យ៉ាងយកចិត្តរហូតទទួលបានជោគជ័យ។
នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះត្រូវបានយកចេញពីថ្ម ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។ មកដល់យប់ថ្ងៃទី០៧ ខែសីហា សុខភាពរបស់ជនរងគ្រោះ បានល្អប្រសើរឡើងវិញហើយ៕