ខ្មែរប៉ុស្ដិ៍ Close

អង្គរសង្ក្រាន្ដឆ្នាំនេះ មានរៀបចំកម្មវិធីកំសាន្តរហូតដល់ទៅ៣៣មុខ ដែលសង្ឃឹមថា នឹងមានអ្នកចូលរួមច្រើនជាងរាល់ឆ្នាំ

ដោយ៖ សន បទុម ​​ | ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 30
អង្គរសង្ក្រាន្ដឆ្នាំនេះ មានរៀបចំកម្មវិធីកំសាន្តរហូតដល់ទៅ៣៣មុខ ដែលសង្ឃឹមថា នឹងមានអ្នកចូលរួមច្រើនជាងរាល់ឆ្នាំ អង្គរសង្ក្រាន្ដឆ្នាំនេះ មានរៀបចំកម្មវិធីកំសាន្តរហូតដល់ទៅ៣៣មុខ ដែលសង្ឃឹមថា នឹងមានអ្នកចូលរួមច្រើនជាងរាល់ឆ្នាំ

បុណ្យចូលឆ្នាំប្រពៃណីខ្មែរយើងនឹងឈានចូលមកដល់នៅពេលខាងមុខនេះ ពោលនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨។ បើតាមការឱ្យដឹងពីលោក សុខ សប្បាយណា ប្រធានលេខាធិការដ្ឋាន ក្រុមប្រតិបត្តិ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឱ្យដឹងថា សង្ក្រាន្ដឆ្នាំនេះនឹងមានការរៀបចំកម្មវិធីកម្សាន្ដពិសេសៗរហូតដល់៣៣មុខ រួមមានការលេងល្បែងកំសាន្ដនានាជាច្រើន ដើម្បីធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយ។ លោកបានថ្លែងដូចនេះនៅក្នុងវេទិកាស្វែងយល់អំពី ទិដ្ឋភាពនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។

លោក សុខ សប្បាយណា បានបញ្ជាក់ថា កម្មវិធីអង្គរសង្ក្រាន្ដឆ្នាំនេះ នឹងមានភាពភ្ញាក់ផ្អើល និងធំជាងឆ្នាំកន្លងទៅព្រមទាំងមានកម្មវិធីកំសាន្ដលើសពីឆ្នាំមុន ដែលឆ្នាំមុនមានត្រឹមតែ២៩មុខប៉ុណ្ណោះ ប៉ុន្ដែឆ្នាំនេះ មានរហូតដល់៣៣កម្មវិធី និងមានវត្ថុសម្គាល់ធំជាងគេមួយ ក្នុងការបំបែកឯទគ្គកម្មគឺ មុខហនុមាន ដែលមានទំហំធំជាងគេទូទាំងប្រទេស។ លោកបានបន្តថាមូលហេតុដែលអង្គរសង្ក្រាន្ដឆ្នាំនេះ លើកយកមុខហនុមានមកបំបែកឯទគ្គកម្មគឺដើម្បីផ្ដោតសំខាន់ទៅលើការលើកស្ទួយ ល្ខោនខោលរបស់កម្ពុជា។

លោក សុខ សប្បាយណា បានឱ្យដឹងបន្ថែមទៀតថា សម្រាប់ប្រធានបទអង្គរសង្រ្កាន្ដឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «សាទរមរតកដូនតា» ចំណែកការចូលរួមវិញ ក្នុងឆ្នាំទី១មានអ្នកចូលរួមចំនួន១៧ម៉ឺននាក់ ឆ្នាំទី២មានចំនួន៣៨ម៉ឺននាក់ ឆ្នាំទី៣មានចំនួន៩៨ម៉ឺននាក់ ឆ្នាំទី៤ មានចំនួន១លាន៣សែននាក់ ឆ្នាំទី៥មានចំនួន១លាន៦សែននាក់ ហើយសម្រាប់ឆ្នាំនេះវិញក៏រំពឹងថា នឹងមានអ្នកចូលរួមលើសលុបដូចឆ្នាំមុនដែរ ទោះបីក្នុងឆ្នាំនេះមានខេត្តចំនួន១០បានរៀបចំធ្វើសង្ក្រាន្តតាមខេត្តក៏ដោយ៕

អត្ថបទទាក់ទង