វិភាគនយោបាយ៖ ភក្តីភាពចំពោះជនក្បត់ជាតិ តើបានអ្វីមកវិញ?
វាជារឿងឆោតល្ងង់ និងឆ្កួតលីលាបំផុត ដែលចង់ទៅប្រទូសរ៉ាយជាមួយរដ្ឋអំណាច ដើម្បីតែសំដែងភក្តីភាពជាមួយបុគ្គលក្បត់ជាតិ ក្បត់ប្រជាជន និងក្បត់ទឹកដីខ្លួនឯង (សុខចិត្តកាត់ទឹកដីខ្មែរឱ្យយួន ឱ្យតែខ្លួនឈ្នះ និងបានកាន់កាប់អំណាច)។ ពាក្យចាស់បុរាណច្រើនពោលថា «បើឈឺហើយ ឱ្យចាំ និងត្រូវរាងចាល» តែអ្នកខ្លះឈឺហើយឈឺទៀត នៅតែមិនចាំ វាពិតជារឿងគួរឱ្យសង្វេគ និងឆោតល្ងង់បំផុត។ តើវាសមតំលៃដែរឬទេ ដែលប្រឹងសំដែងភក្តីភាពចំពោះជនក្បត់ជាតិ សុខចិត្តនាំទុក្ខដាក់ខ្លួន ត្រូវប្រឈមនឹងរដ្ឋអំណាច ប្រឈមនឹងទោស ប្រឈមនឹងការខាតបង់ទាំងលុយកាក់ ពេលវេលា ព្រមទាំងប្រឈមនឹងបញ្ហាជុំវិញខ្លួនមិនចេះចប់មិនចេះហើយនោះ? ការសន្យាខ្យល់ ដើម្បីទាញសមានចិត្តអ្នកដើរតាមរបស់មេចលនាប្រឆាំង ដែលធ្វើឡើងដដែលៗ ច្រើនលើកច្រើនសារ គឺល្មមគ្រប់គ្រាន់ឱ្យអ្នកជឿដឹងហើយថា វាជារឿងបោកប្រាស់ នឹងមិនអាចទៅរួច។
ថ្មីៗនេះការប្រកូកប្រកាសពីការវិលចូលស្រុកវិញ របស់អតីតមេដឹកនាំបក្សប្រឆាំង និងបក្ខពួក ត្រូវបានគេមើលឃើញថា ជាសេនារីយោថ្មីមួយទៀត ដើម្បីបោកអ្នកគាំទ្រ ឱ្យដើរតាមមាគ៌ាដ៏គ្រោះថ្នាក់ និងនាំទៅរកអន្តរាយ។ ចំណែកអ្នករត់តាមការអំពាវនាវខ្យល់ របស់អតីតមេដឹកនាំបក្សប្រឆាំងវិញ ដោយសារតែចង់បង្ហាញថាខ្លួនមានភក្តីភាពចំពោះមេដឹកនាំចលនាប្រឆាំង ក្រុមអ្នកគាំទ្រមួយចំនួនតូច បានព្យាយាមស្រែកបង្អួតជំនឿរបស់ពួកគេ ថានៅតែស្មោះរហូតហ៊ានប្រកាសទៅទទួលស្វាគមន៍មេខ្លោងរបស់ខ្លួនទាំងកំរោល និងឆោតល្ងង់ជាទីបំផុត។ អ្វីដែលក្រុមអ្នកគាំទ្រមួយក្រុមតូចកំពុងតែធ្វើ វាមិនខុសអីពីទង្វើរបស់សត្វមមាចដែលមិនខ្លាចភ្លើងនោះទេ ហើយលទ្ធផលនៃសត្វមមាចគឺងាប់ក្នុងភ្លើងនោះឯង។ នាពេលកន្លងមក មានហើយអ្នកជាប់គុកដោយសារដើរតាមនយោបាយបោកប្រាស់ អ្នកខ្លះអស់ទ្រព្យធន អ្នកខ្លះត្រូវបាត់បង់ជីវិត បាត់បង់ការងារ និងសូម្បីតែអ្នកដែលមានជីវភាពក្រីក្រក៏ត្រូវអតីតមេដឹកនាំបក្សប្រឆាំង បូមជញ្ជក់យកលុយកាក់បន្តិចបន្តួចរបស់ពួកគាត់ដោយឥតអៀនខ្មាស់ផងដែរ។ ជាក់ស្តែងក្រោយបោះឆ្នោតឆ្នាំ២០១៣ ក្រុមបាតុករ ដែលបះបោរចូលរួមធ្វើបាតុកម្មទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត បានលក់ដីស្រែលក់ផ្ទះ លក់មាន់ លក់ទា លក់ឆ្កែ លក់ឆ្មា ដើម្បីមកចូលរួមធ្វើបាតុកម្ម ចុងក្រោយគ្មានលទ្ធផលអ្វីក្រៅពីត្រឡប់ទៅផ្ទះវិញទាំងគ្មានអ្វីជាប់ខ្លួននោះទេ។ ក្រុមបាតុករហិង្សាខ្លះ ដែលធ្វើកុប្បកម្មនៅផ្លូវវេងស្រេងឆ្នាំ២០១៣ ដុតបំផ្លាញ វាយកំទេចទ្រព្យសម្បត្តិសាធារណៈ ដែលញុះញង់ដោយអតីតបក្សប្រឆាំង បានបាត់បង់ជីវិតក្នុងឧប្បទ្ទវហេតុប៉ះទង្គិតជាមួយអាជ្ញាធរ។ ការបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុបំផ្លាញជាតិក្រោមការញុះញង់ និងអុចអាលរបស់អតីតមេដឹកនាំបក្សប្រឆាំង តើបានអ្វីមកវិញ? ក្រៅពីតែពីសោដនាដកម្មដែលបន្សល់ទុកឱ្យក្រុមគ្រួសារ សាច់ញាតិនូវការឈឺចាប់ដែលមិនអាចលុបលាងបាន។ គម្រោងបោកប្រាស់ជាបន្តបន្ទាប់ តាមរយៈការរៃអង្គាសប្រាក់ពីអ្នកគាំទ្រ យកទៅបង្កើតទូរទស្សន៍ព្រះអាទិត្យ និងការសន្យាថាដូរឱ្យបាននៅឆ្នាំ២០១៣នោះ តើនៅឯណាលទ្ធផល? ការសន្យាផ្តល់ដំណែងឱ្យសកម្មជន ជាថ្នូរនឹងការផ្តល់ប្រាក់កាសជូនប្រធានបក្ស និងការសន្យាផ្តល់ប្រាក់ឧបត្ថម្ភឱ្យចាស់ៗម្នាក់ៗ៤ម៉ឺនរៀលក្រោយបោះឆ្នោត តើធ្វើបានដែរឬទេ? ការសន្យាខ្យល់បោកប្រាស់អ្នកគាំទ្រ របស់ក្រុមទណ្ឌិតប្រឆាំងរត់ចោលស្រុក គឺជាល្បិចកលដដែលៗ ដែលអ្នកគាំទ្រគួរតែសំលឹងទៅលើលទ្ធផលនៃការសន្យាដែលពួកគេមិនដែលសំរេចបាន ជាជាងសំលឹងឃើញតែពាក្យសន្យា និងផលប្រយោជន៍ផេះ ដែលគ្មានរូបរាងពិតនោះឡើយ។
រដ្ឋអំណាចរបស់បុរសខ្លាំង ហ៊ុន សែន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ក្រុមជនដែលមានទោសជាប់ខ្លួន អ្នកដែលមានសាលដីកាតុលាការ និងត្រូវចាប់ខ្លួនគ្រប់ពេលវេលា ឱ្យតែជាន់ទឹកដីកម្ពុជាភ្លាម។ បទបញ្ជារបស់បុរសខ្លាំង បានកំណត់ហើយថា « មកយប់ចាប់ទាំងយប់ មកថ្ងៃចាប់ទាំងថ្ងៃ » ហើយបើហ៊ានតដៃ គឺលទ្ធផលពិបាកស្មានទុកណាស់ ថាត្រូវជួបវាសនាបែបណា? លោក ហ៊ុន សែន បញ្ជាក់ថា អ្នកអត់ទោសចង់ចូលកម្ពុជាពេលណាក៏ចូលទៅ រដ្ឋាភិបាលគ្មានសិទ្ធិហាមអ្នកណាមិនឱ្យចូលស្រុកខ្មែរទេ ចំណែកឯសមត្ថកិច្ចវិញគឺបានត្រៀមខ្នោះដៃ និងគុកស្វាគមន៍អ្នកជាប់ទោសរួចរាល់ហើយ។ ប៉ុន្តែទោះបីជាយ៉ាងណា ការប្រកាសវិលចូលស្រុករបស់មេចលនាប្រឆាំង ត្រូវបានគេមើលឃើញថា គ្រាន់តែជាការបង្អើលឱ្យអ្នកគាំទ្រមានទឹកមាត់លេបប៉ុណ្ណោះ ការប្រកាសថាវិលចូលមកស្រុកវិញរបស់អតីតមេដឹកនាំបក្សប្រឆាំង គឺច្បាស់ណាស់ថានឹងត្រូវរកលេសពន្យាពេលជាបន្តបន្ទាប់ ព្រោះសណ្តានរបស់ទណ្ឌិតរូបនេះ គឺមិនមែនជាអ្នកក្លាហានមិនខ្លាចគុកនោះទេ។ អ្វីដែលពួកគេកំពុងធ្វើវាមិនខុសអីពីពាក្យចាស់មួយឃ្លាថា «បើមិនជុះ កុំផោមឱ្យឆ្កែអរ !» នោះទេ។
ចុះអ្នកដើរតាម និងអ្នកចាំហែរហមវិញ តើនឹងត្រូវជួបវាសនាបែបណា? ច្រើនលើកច្រើនសារមកហើយដែលអ្នកគាំទ្រអតីតបក្សប្រឆាំង បានខកចិត្ត និងខ្លះត្រូវទទួលរងថ្មបាក់ដោយសារជឿតាមការញុះញង់ អុចអាល និងបញ្ឆេះរបស់អតីតមេបក្សនេះ។ អ្នកនយោបាយភូតភរកុហកបោកប្រាស់ មានជំនាញរត់ចោលស្រុក និងមិនដែលចេញមុខទទួលខុសត្រូវរាល់ទង្វើក្បត់ជាតិ បំផ្លាញជាតិនោះ គឺតែងតែរត់យករួចខ្លួនជានិច្ច ហើយទុកអ្នកគាំទ្រចោលឱ្យរ៉ាប់រង និងទទួលលទ្ធផលនៃការបញ្ឆេះរបស់ខ្លួន។ សូមអ្នកឈ្លក់វង្វេង និងផ្កាប់មុខមួយចំនួន គិតពិចារណាឡើងវិញ ថាតើវាស័ក្តិសមដែរឬទេ ដែលត្រូវប្តូរផ្តាច់ ស្មោះត្រង់ សំដែងភក្តីភាពជាមួយបុគ្គល ដែលគ្មានទំនួលខុសត្រូវ និងហ៊ានធ្វើសូម្បីតែសន្យាកាត់ទឹកដីឱ្យបរទស ដើម្បីតែបំពេញមហិច្ឆតាអំណាចរបស់ខ្លួន ។ សូមគិតពីជោគវាសនាខ្លួនឯង ក្រុមគ្រួសារ និងកូនចៅខ្លួន ឱ្យបានម៉ត់ចត់ជាមុនសិន មុននឹងសម្រេចចិត្តដើរតាមនយោបាយដ៏គ្រោះថា្នក់របស់ក្រុមឧទ្ទាមក្រៅច្បាប់៕
ដោយ៖ ស ជាតិ