ខ្មែរប៉ុស្ដិ៍ Close

អត្ថបទខ្លី៖ សារព័ត៌មាន The Wall Street Journal កំពុងបង្ខូចឈ្មោះកម្ពុជាទាំងកម្រោល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 26
អត្ថបទខ្លី៖ សារព័ត៌មាន The Wall Street Journal កំពុងបង្ខូចឈ្មោះកម្ពុជាទាំងកម្រោល អត្ថបទខ្លី៖ សារព័ត៌មាន The Wall Street Journal កំពុងបង្ខូចឈ្មោះកម្ពុជាទាំងកម្រោល

ថ្មីៗនេះក្នុងសំណេរដ៏អាក្រក់បំផុត និងក្នុងគោលបំណងទុច្ចរិត ដែលសារព័ត៌មាន The Wall Street Journal បានសរសេរព័ត៌មានក្លែងក្លាយក្នុងចេតនាបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ហើយ​ត្រូវ​បាន​ជួយ​បន្ទរផ្សាយដោយសារព័ត៌មានវីអូអេ (VOA) ថា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បី​អនុញ្ញាត​ឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ច​ព្រម​ព្រៀង​នោះ​គឺកម្ពុជា​ផ្តល់​ឲ្យ​ភាគី​ចិន​នូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយ​នៅ​ជិត​ព្រលាន​យន្ត​ហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់​គ្រឿងសព្វាវុធ កន្លែងចតជាដើម»។ តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? តើ​រដ្ឋ​ធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ អនុញាតិឱ្យរាជរដ្ឋាភិបាលធ្វើដូច្នេះបានឬទេ? នោះ​គឺ​ជា​ព័ត៌​មាន​ក្លែង​ក្លាយ​ទាំង​ស្រុង​នៅចំពោះមុខការពិតទាំងឡាយនៅកម្ពុជា?

ប្រតិកម្ម​ឆ្លើយតបភ្លាមៗពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ថា ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ស្តី​អំពី​កម្ពុជា​ចុះ​ហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺ ជា​ព័ត៌​មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជា​មួយ​កម្ពុជា​។ លោក នាយករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ច្បាស់ថា នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជា​មួយ​កម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេស​វា​បាន​ប្រឆាំង​នឹង​រដ្ឋ​ធម្ម​នុញ្ញ​របស់​កម្ពុជា។

ជា​ការពិត រដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ មាត្រា៥៣ ចែងថា ព្រះរាជា​ណាចក្រ​កម្ពុជា​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​នយោ​បាយអព្យាក្រិតអចិន្រ្តៃយ៍ និង មិនចូលបក្សសម្ព័ន្ធ។ ព្រះ​រាជា​ណាចក្រ​កម្ពុជា​រួម​រស់​ដោយ​សន្តិ​សហវិជ្ជ​មាន​ជាមួយប្រទេសជិតខាង និងប្រទេសដទៀតទាំងអស់នៅលើសកលលោក។ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​មិន​ចង​សម្ព័ន្ធ​យោធា ឬ ចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែល​មិន​ស្រប​នឹង​អន្យា​ក្រឹត​ភាព​របស់​ខ្លួន​ឡើយ​។ ព្រះរាជាណាចក្រកម្ពុជាមិនអនុញាតិឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយ​ក៏​មិន​អនុញាត​ឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌ នៃសំណូម​ពរ​របស់​អង្ក​ការ​សហប្រជាជាតិ។
ជារួម ការចុះផ្សាយរបស់សារព័ត៌មានរបស់ The Wall Street Journal ហើយ​ត្រូវ​បាន​ផ្សាយ​បន្ទរ​ដោយ​សារ​ព័ត៌​មាន វីអូអេ គឺ ពិតជាការចុះផ្សាយមានលក្ខណមួលបង្កាច់ បំពុល បំភាន់ និង ក្នុង​ចេតនា​អាក្រក់​បំផុត​ប្រឆា​មងនឹងកម្ពុជា និងធ្វើឱ្យកម្ពុជាមានឈ្មោះអាក្រក់លើឆាកអន្តរជាតិ។ ប្រជាជន​កម្ពុជា​ពិត​ជា​មាន​ការ​សោក​ស្តាយនូវចេតនាទុច្ចរិតរបស់មហាអំណាចបរទេសមួយ ដែលមានបំណងយកកម្ពុជាធ្វើជាខែល ដើម្បី​កេង​ចំណេញក្នុងជម្លោះនៃភូមិសាស្រ្តនយោបាយរបស់ខ្លួន ដែល​បម្រើ​ដល់​ផល​ប្រយោជន៍​ក្នុង​តំបន់​ជា​យុទ្ធ​សាស្រ្ត នៃឥណ្ឌូប៉ាស៊ីហ្វីករបស់ខ្លួនដ៏គួរស្អប់ខ្ពើមបំផុត៕

ដោយ ឡុង បូរិតា

អត្ថបទទាក់ទង