ខ្មែរប៉ុស្ដិ៍ Close

ចិនបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថាចុះផ្សាយអត្ថបទមានលក្ខណៈរើសអើងពូជសាសន៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 69
ចិនបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថាចុះផ្សាយអត្ថបទមានលក្ខណៈរើសអើងពូជសាសន៍ ចិនបណ្ដេញអ្នកកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថាចុះផ្សាយអត្ថបទមានលក្ខណៈរើសអើងពូជសាសន៍

អាជ្ញាធរចិន នៅថ្ងៃពុធនេះ បានបណ្ដេញអ្នកសារព័ត៌មានបរទេសបីនាក់មកពីកាសែតអាមេរិក Wall Street Journal ចេញពីប្រទេស ដោយចោទថា អ្នកទាំងនេះបានសរសេរអត្ថបទដែលមានលក្ខណៈរើសអើងពូជសាសន៍ ខណៈរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងប្រយុទ្ធប្រឆាំងនឹង COVID-19។ នេះបើតាមចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

អត្ថបទរបស់អ្នកសារព័ត៌មាន Wall Street Journal គឺជាសំនេរដែលបង្ហាញពីទស្សនៈរបស់ពួកគេផ្ទាល់ និងត្រូវបានចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈកន្លងទៅ។ នៅក្នុងអត្ថបទនេះ ពួកគេបាននិយាយថា វិធានការដំបូងរបស់អាជ្ញាធរចិនឆ្លើយតបទៅនឹង COVID-19 មានលក្ខណៈបិទបាំង និងគិតតែពីប្រយោជន៍ខ្លួនឯង ដែលនេះ ធ្វើឱ្យទំនុកចិត្តរបស់ពិភពលោកចំពោះចិន រង្គោះរង្គើរ។ យ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកថាអត្ថបទរបស់អ្នកសារព័ត៌មាននៃកាសែត Wall Street Journal មានលក្ខណៈរើសអើងពូជសាសន៍ និងជាការប្រមាថលើកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការប្រយុទ្ធជាមួយ COVID-19 ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង ២,០០០នាក់ហើយ នៅក្នុងប្រទេសចិន។

លោក Geng Shuang បន្ថែមដូច្នេះថា៖« ប្រជាជនចិនមិនស្វាគមន៍ប្រព័ន្ធផ្សព្វផ្សាយ ដែលរើសអើងពូជសាសន៍ និងព្យាបាទប្រឆាំងនឹងចិននោះទេ»។

គួរជម្រាបថា បើតាមលោក Geng Shuang ក្រសួងការបរទេសចិន បានទាមទារឱ្យ Wall Street Journal សូមទោសជាច្រើនលើក តែកាសែតអាមេរិកមួយនេះ បានបដិសេធ។ ចំណែកឯ អ្នកសារព័ត៌មានទាំងបីនាក់ខាងលើវិញ មានរយៈពេល៥ថ្ងៃ ដើម្បីចាកចេញពីប្រទេសចិន ហើយម្យ៉ាងវិញទៀត ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើង តែមួយថ្ងៃប៉ុណ្ណោះ ក្រោយក្រសួងការបរទេសអាមេរិក រឹតបន្តឹងលើប្រតិបត្តិការនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅសហរដ្ឋអាមេរិក៕

Fresh News