ខ្មែរប៉ុស្ដិ៍ Close

ជប៉ុនជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយ ឆ្លើយតបទាន់ពេលវេលា និងចំគោលដៅនៃតម្រូវការអភិវឌ្ឍជាអាទិភាពរបស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 27
ជប៉ុនជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយ ឆ្លើយតបទាន់ពេលវេលា និងចំគោលដៅនៃតម្រូវការអភិវឌ្ឍជាអាទិភាពរបស់កម្ពុជា ជប៉ុនជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយ ឆ្លើយតបទាន់ពេលវេលា និងចំគោលដៅនៃតម្រូវការអភិវឌ្ឍជាអាទិភាពរបស់កម្ពុជា

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ បានថ្លែងថា ជប៉ុនគឺជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតមួយ ដែលបានឆ្លើយតបទាន់ពេលវេលា និងចំគោលដៅនៃតម្រូវការអភិវឌ្ឍ ជាអាទិភាពរបស់កម្ពុជា តាំងពីដើមទស្សវត្សរ៍ ១៩៩០ មក។

ប្រមុខការទូតកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (ប្រហាក់ប្រហែល៤.៦លានដុល្លារ) សម្រាប់អនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម នៅកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តថា ហិរញ្ញប្បទានឥតសំណង ក៏ដូចជាឥណទានសម្បទានរបស់ជប៉ុន ដែលត្រូវបានចុះហត្ថលេខាកន្លងមក និងនៅថ្ងៃនេះ រួមចំណែកយ៉ាងសំខាន់ នាំមកនូវជោគជ័យក្នុងការអនុវត្ត គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជា ហើយនឹងជួយជំរុញឲ្យកម្ពុជា សម្រេចបាននូវឋានៈ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។

លោកបន្ថែមថា លោកមានសេចក្តីរីករាយយ៉ាងក្រៃលែង ដោយក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុ នៃការពិភាក្សាស្ដីពីហិរញ្ញប្បទានរបស់ជប៉ុន ជាបន្តបន្ទាប់ចំនួន ០៣ លើកដូចខាងក្រោម៖

* លើកទី១៖ នៅថ្ងៃទី ២០ កុម្ភៈ ២០១៩ លោក HORINOUCHI និងលោកបានចុះហត្ថលេខា លើឯកសារស្ដីពីហិរញ្ញប្បទានរបស់ជប៉ុន សរុបចំនួន ៤.៩៣៩ លានយ៉េន (ប្រមាណ ៤៣,៣៦ លានដុល្លារអាមេរិក) ដែលរួមមាន៖ ឥណទានសម្បទាន សម្រាប់អនុវត្ត «គម្រោងកែលម្អ និងស្ដារប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប ជំហានទី២» និង ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្ត «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធផ្លាស់ប្ដូរ ទិន្នន័យអគ្គិសនីនៅកំពង់ផែ ដើម្បីធ្វើទំនើបកម្មកំពង់ផែ»។

* ការចុះហត្ថលេខាលើកទី២ ធ្វើឡើងនៅថ្ងៃទី៣១ ឧសភា ២០១៩ នៅទីក្រុងតូក្យូ ក្រោមអធិបតីភាព សម្តចតេជោនាយករដ្ឋមន្រ្តី និងលោក ABE Shinzo នាយករដ្ឋមន្ត្រីជប៉ុន គឺស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ៥៣៩ លានយ៉េន (ប្រមាណ ៤,៨ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង២៖ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និង គម្រោងសាងសង់ឃ្លាំង Container Freight Station នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

* ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាលើកទី៣ ស្ដីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន (ប្រមាណ ៤,៦ លានដុល្លារអាមេរិក) សម្រាប់អនុវត្តន៍ «គម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» តាមរយៈការផ្តល់គ្រឿងចក្រ Stabilizer (ប្រមាណ ១៥ គ្រឿង) សម្រាប់ជួសជុលផ្លូវថ្នល់នៅកម្ពុជា។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្រៅពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ គេសង្កេតឃើញដោយពេញចិត្ត នូវកំណើនទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ ការផ្លាស់ប្តូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមចំណែកពង្រឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូ យុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែមទៀត។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកសូមសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ ចំពោះការឧបត្ថមគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដល់ដំណើរការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដែលមកដល់បច្ចុប្បន្ន នៅតែរក្សាបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ជាង ៧% ។

លោកក៏សូមអរគុណជាពិសេសចំពោះឯកអគ្គរដ្ឋទូតជប៉ុន HORINOUCHI និងសហការី ព្រមទាំងទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ដែលបានខិតខំយកចិត្តទុកដាក់ យ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបតិ្តការកម្ពុជា-ជប៉ុន ឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ ៕

អត្ថបទទាក់ទង