ខ្មែរប៉ុស្ដិ៍ Close

លោករដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យមានការអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗ លើទឹកដីដ៏ពិសិទ្ធសៀមរាបអង្គរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
លោករដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យមានការអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗ លើទឹកដីដ៏ពិសិទ្ធសៀមរាបអង្គរ លោករដ្ឋមន្ត្រី ថោង ខុន ជំរុញឱ្យមានការអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗ លើទឹកដីដ៏ពិសិទ្ធសៀមរាបអង្គរ

តាមការជំរុញយ៉ាងច្បាស់លាស់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅក្នុងការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប តំបន់ជុំវិញអង្គរ ភ្នំគូលែន បឹងទន្លេសាប និងតំបន់ដែលមានសក្ដានុពលនៅជុំវិញនោះត្រូវតែអភិវឌ្ឍន៍ទៅជាផលិតផលទេសចរណ៍ថ្មីៗសម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តសៀមរាបបន្ថែមប៉ុន្តែការអភិវឌ្ឍនេះក៏ត្រូវគិតគូរដល់ការអភិរក្ស និរន្តរភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ។

ការគិតគូរដល់ការបង្កើតផលិតផលទេសចរណ៍ថ្មីៗនេះ ត្រូវបានលោករដ្ឋមន្ត្រីជំរុញយ៉ាងសកម្មជារឿយៗ ហើយត្រូវបានលើកឡើងជាថ្មីនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប នាចុងសប្ដាហ៍នេះ។

លោក ថោង ខុន បានលើកឡើងថា សៀមរាប-អង្គរ កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិ ដោយបានធ្វើឱ្យកំណើនទេសចរកាន់តែកើនឡើងជារៀងរាល់ឆ្នាំ តួយ៉ាងនៅឆ្នាំ២០១៨ កន្លងទៅ មានភ្ញៀវទេសចរប្រមាណ៥លាននាក់បានទៅទស្សនាតំបន់សៀមរាប-អង្គរទាំងមូលក្នុងចំណោមនោះមានភ្ញៀវទេសចរអន្តរជាតិប្រមាណ២លាន៥០ម៉ឺននាក់ផងដែរ។

ប៉ុន្តែកំណើននេះអាចនឹងថមថយទៅវិញ ប្រសិនបើកម្ពុជាមិនព្រមបង្កើតផលិតផលទេសចរណ៍ថ្មីៗសម្រាប់ជាកត្តាទាក់ទាញបន្ថែមពីព្រោះភ្ញៀវទេសចរមួយចំនួនមិនប្រាកដថា មកមើលតែប្រាសាទអង្គរ និងប្រាសាទដទៃទៀត ដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌអង្គរនោះឡើយ ពោលគឺពួកគេប្រាកដជាត្រូវការដើរកម្សាន្តនៅកន្លែងផ្សេងទៀត ដែលនៅមិនឆ្ងាយពីតំបន់អង្គរ។

ដោយមើលឃើញពីនិន្នាការរបស់ភ្ញៀវទេសចរយ៉ាងដូច្នេះហើយបានជាលោករដ្ឋមន្ត្រី ថោង ខុន ខំប្រឹងជំរុញឱ្យមានការអភិវឌ្ឍ និងពង្រីកផលិតផលទេសចរណ៍ថ្មីៗសម្រាប់ទឹកដីដ៏ពិសិទ្ធមួយនេះ ក្នុងនោះលោកបានសម្លឹងឃើញសក្ដានុពលដែលមាននៅឧទ្យានជាតិភ្នំគូលែន (មហិន្ទ្របព៌ត) តំបន់បឹងទន្លេសាប និងតំបន់ជុំវិញអង្គរ។

លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ ក៏បានឱ្យដឹងដែរថា ដើម្បីសិក្សារៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងមួយសម្រាប់អនុវត្តលើការងារនានាមិនមែនតែវិស័យទេសចរណ៍ប៉ុណ្ណោះទេ គឺមានវិស័យពាក់ព័ន្ធជាច្រើនទៀត។

លោក បានបន្ថែមថា ការអភិវឌ្ឍឱ្យមានផលិតផលទេសចរណ៍ថ្មីៗយ៉ាងណាខ្លះនោះ គឺត្រូវគិតគូរដល់បញ្ហា «ស្អាត និងបៃតង» ធ្វើយ៉ាងណាត្រូវធានាឱ្យបានថា ភ្ញៀវទេសចរដែលមកទស្សនាសៀមរាប-អង្គរហើយត្រលប់ទៅវិញនឹងផ្សព្វផ្សាយពីព័ត៌មានល្អៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា។

លោករដ្ឋលេខាធិការប្រចាំការបានបន្តថា ការរៀបចំផែនការមេនេះ គឺដើម្បីចូលរួមសម្រេចតាមចក្ខុវិស័យរបស់កម្ពុជា ដែលនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១០លាននាក់ នៅឆ្នាំ២០២៥ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០៕

អត្ថបទទាក់ទង