ទស្សនៈមិត្តអ្នកអាន ៖ ឈប់បានឈប់ទៅ! ការយកសពមកធ្វើអាជីវកម្មនយោបាយ
វាជារឿងដ៏គួរឲ្យហួសចិត្តណាស់ពេលមនុស្សនៅរស់មិនជួយយកអាសារយកចិត្តទុកដាក់ ប៉ុន្តែមនុស្សស្លាប់បាត់បែរជាមានអ្នកធ្វើជាស្រឡាញ់ខំខ្នះខ្នែងកៀគរមនុស្សមកចូលរួមបុណ្យសព មើលទៅដូចជាស្រឡាញ់លោកបណ្ឌិត កែម ឡី ណាស់អញ្ចឹង។ ក៏ប៉ុន្តែអ្វីដែលមហាជនបានមើលឃើញ និងយល់ច្បាស់ ទង្វើនោះគឺគ្រាន់តែជាការឆ្លៀតកេងចំណេញអាជីវកម្មនយោបាយរបស់ក្រុមមាននិន្នាការប្រឆាំង អ្វីដែលសំខាន់នោះគឺដើម្បីប្រមូលថវិកាចូលក្នុងហោប៉ៅផ្ទាល់ខ្លួន ដែលបានមកពីការចូលជាបច្ច័យរបស់សប្បុរសជនក្នុងកម្មវិធីបុណ្យសពប៉ុណ្ណោះ។
ទោះជាលោកបណ្ឌិត កែម ឡី បានទទួលមរណៈភាពកន្លងផុតទៅអស់រយៈពេល ៣ឆ្នាំទៅហើយក្តី ក៏នៅមានក្រុមតាំងខ្លួនជាអ្នកសេ្នហាជាតិជាងគេជាងឯង ស្រឡាញ់លោកបណ្ឌិត កែម ឡី ជាងក្រុមគ្រួសារ កែម ឡី ទៅទៀត បានឆ្លៀតយកឱកាសនេះ ដើម្បីធ្វើសកម្មភាពប្រមូលផ្តុំ ក្នុងន័យញុះញង់កេងចំណេញខាងនយោបាយបង្កចលាចលសង្គម។ ពួកគេបានប្រកូកប្រកាសតាំងពីដើមខែកក្កដា ឲ្យប្រជាពលរដ្ឋប្រមូលផ្តុំជួបជុំគ្នានៅការ៉ាស់សាំងកាល់តិចស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ទីដែលឃាតករបាញ់សម្លាប់លោក កែម ឡី ក្រោមលេសគោរពវិញ្ញាណក្ខ័ន្ធសព។
ផ្អែកលើទិដ្ឋភាពជាក់ស្តែង ចំនួនអ្នកមកចូលរួមគោរពវិញ្ញាណក្ខ័ន្ធសពលោក កែម ឡី គ្មានអ្នកណាក្រៅពីសកម្មជនស៊ីឈ្នួលធ្វើបាតុកម្មលើគ្រប់វិស័យមុខដដែលៗនោះឡើយ និងគ្មានអ្នកណាក្រៅពីមន្ត្រីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាលស៊ីជោរពីរបីនាក់ឆ្លៀតយកមុខយកមាត់ក្នុងឱកាសនោះប៉ុណ្ណោះ។ មែនទែនទៅសូម្បីតែអ្នកអំពាវនាវឲ្យគេដូររូបប្រូហ្វាល់ដាក់រូបលោក កែម ឡី ក្នុងហ្វេសប៊ុកក៏មិនបានមកចូលរួមដែរ ទោះជាខ្លួនឯងបានអំពាវនាវឲ្យមានការប្រមូលផ្តុំមុនខួប ៣ឆ្នាំនៃការស្លាប់របស់លោក កែម ឡី ក៏ដោយ។
ការគោរពវិញ្ញាណក្ខ័ន្ធដល់អ្នកស្លាប់ គេអាចប្រារព្ធធ្វើឡើងនៅទីណាក៏បានដែរ ឲ្យតែមានចិត្តសទ្ធាជ្រះថ្លា ហើយភាគច្រើនលើសលប់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកកាន់និងជឿលើព្រះពុទ្ធសាសនា គេឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់នៅតាមទីវត្តអារ៉ាមនានា និងទីកន្លែងផ្សេងទៀតតាមលទ្ធភាពរៀងៗខ្លួន ដោយមិនចាំបាច់ធ្វើនៅកន្លែងដែលមនុស្សស្លាប់នោះទេ។ ករណីសកម្មជនស៊ីឈ្នួលតវ៉ាលើគ្រប់វិស័យ មកធ្វើវិធីគោរពវិញ្ញាណក្ខ័ន្ធសពបណ្ឌិត កែម ឡី នេះគ្រាន់តែជាការសម្តែងឆាកល្ខោនដ៏អន់មួយ ហើយចុងក្រោយត្រូវសាររោងខាតឡុងចុងដោយសារតែលែងមានអ្នកមើល ពោលគឺមហាជននាពេលបច្ចុប្បន្នលែងជឿលើការញុះញង់បង្កចលាចលសង្គមរបស់ជនមួយតំបរស្វានេះទៀតហើយ ពួកគេមានការយល់ដឹងច្រើនពាក់ព័ន្ធបញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គម។ល។ នាសម័យបច្ចេកវិទ្យានេះ។
ពិតមែនហើយ ការគោរពវិញ្ញាណក្ខ័ន្ធដល់អ្នកស្លាប់ វាជាសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់ៗរូប តែវាក៏អាចសម្តែងទៅបានតែក្នុងក្របខ័ណ្ឌច្បាប់ប៉ុណ្ណោះ។ ការប្រមូលគ្នីគ្នាពពាក់ពពួននៅការ៉ាស់សាំងកាល់តិចស្តុបបូកគោ ជាកន្លែងកម្មសិទ្ធិឯកជន ត្បិតថា ជាសិទ្ធិសេរីភាពបញ្ចេញមតិ តែការប្រើប្រាស់សិទ្ធិសេរីភាពបែបនេះ វាប៉ះពាល់ទៅដល់សិទ្ធិអ្នកដទៃ ហើយដែលអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឃាត់ខ្លួនសួរនាំ គឺជារឿងធម្មតាប៉ុណ្ណោះក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ម្យ៉ាងសមត្ថកិច្ចដែលឈរជើងការពារការ៉ាស់សាំងកាល់តិចនោះទៀតសោត គឺធ្វើឡើងតាមការស្នើសុំរបស់ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈនោះប៉ុណ្ណោះ ព្រោះជាកន្លែងរកស៊ីលក់ដូរ ហើយវាអាចនឹងមានហានិភ័យខ្ពស់នៅពេលដែលអ្នកទាំងនោះអុជធូប អុជទៀន។ល។ ទោះជាគ្មានការស្នើសុំរបស់ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ ក៏សមត្ថកិច្ចមានតួនាទី និងភារៈកិច្ចទប់ស្កាត់ក្រុមជនដែលប៉ុនប៉ងបង្កការអុកឡុកក្នុងសង្គមដែរ។
សរុបមកវិញ វាល្មមដល់ពេលហើយ ដែលក្រុមប្រឆាំងគួរអនុគ្រោះដល់សពបណ្ឌិត កែម ឡី ដើម្បីឲ្យវិញ្ញាណក្ខ័ន្ធគាត់ទៅសោយសុខក្នុងសុគតិភព ហើយអាណិតដល់ក្រុមគ្រួសារសពលោក កែម ឡី ផង។ បើមិនបានចេញលុយធ្វើបុណ្យទេ កុំនាំគ្នាពពាក់ពពួនទៅស៊ីបបរបុណ្យហើយរត់យករួចខ្លួន ទុកឲ្យម្ចាស់ដើមបុណ្យដែលគ្មានលទ្ធភាពជំពាក់ថ្លៃបបរបុណ្យចុងភៅ ហើយទីបំផុតទៅគ្មានអ្នកអាចជួយបានក្រៅតែពីប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះ។
ឈប់បានឈប់ទៅ! ការធ្វើអាជីវកម្មនយោបាយកេងចំណេញលើសាកសពនេះ។ ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី ត្រូវបានតុលាការរកឃើញថា ឈ្មោះ អឿត អាង គឺជាឃាតករពិត ហើយបានប្រកាសសាលក្រមកាត់ទោសរួចរាល់ហើយដែរ ដែលពុំគួរណាក្រុមប្រឆាំងលើកយកមកនិយាយដដែលជាដដែលដោយគ្មានភស្តុតាង និងគ្មានមូលដ្ឋានច្បាស់លាស់បែបនេះ។ បើចង់តវ៉ា ឬយ៉ាងណានោះ គេគួររកភស្តុតាងថ្មីប្រសិនបើមាន ដាក់ជូនតុលាការប្រសើរជាងស្រែកឲ្យតែល្អមើលបែបនេះ៕
ដោយ ៖ លោក សេង កំពូល