រយៈពេល២៤ឆ្នាំកន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខក្មួយៗ ចៅៗ ពិការភ្នែក និងគ ថ្លង់
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៥ ពោលគឺក្រោយពីព្រះមហាក្សត្របានយាងសម្ពោធដាក់ឱ្យដំណើរការនៃអង្គការគ្រួសារថ្មីមក គឺពេលនេះមានរយៈពេល២៤ឆ្នាំហើយ។ ហើយក្នុងរយៈពេល២៤ឆ្នាំកន្លងមកនេះ លោកតែងតែយកចិត្តទុកដាក់មិនភ្លេចម្តងណាទេចំពោះសុខទុកក្មួយៗ ចៅៗ ដែលទទួលបានការមើលថែទាំ និងការអប់រំបណ្តុះបណ្តាលនៅទីនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរការគ្រប់គ្រងសាលាកុមារ ពិការភ្នែក និងគ ថ្លង់នៃអង្គការគ្រួសារថ្មី ស្ថិតនៅខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ លោក និងភរិយា តែងតែមកជួបជាមួយកូនក្មួយ និងចៅៗនៅទីនេះ២ដងក្នុង១ឆ្នាំ ដែលកន្លងមកបានចំណោយថវិកាអស់ប្រមាណជាង ២៤៧,៦២៥ ដុល្លារផងដែរ សម្រាប់ឧបត្ថម្ភគាំទ្រចំពោះជីវភាពរស់នៅរបស់ក្មួយៗនិងចៅៗនៅក្នុងមណ្ឌលនេះផ្ទាល់តែម្តង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការគ្រួសារថ្មី ដែលកន្លងមកបានយកចិត្តទុកដាក់ចំពោះកុមារកម្ពុជា ជាពិសេសកុមារពិការភ្នែក និងគ ថ្លង់ អោយទទួលបានការសិក្សាអប់រំរៀនសូត្រ ការហ្វឹកហ្វឺនជំនាញនានា និងការឧបត្ថម្ភគាំទ្រផ្សេងៗជាច្រើនទៀត។ លោក ក៏បានថ្លែងអំណរគុណផងដែរចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានទទួលយកនូវសាលាហ្វឹកហ្វឺនពិសេសពីអង្គការគ្រួសារថ្មីដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋវិញដែលនឹងមានប្រយោជន៍កាន់តែច្រើន និងទូលំទូលាយនៅទូទាំងប្រទេស៕