អភិបាលខេត្តសៀមរាបបើកការដ្ឋានសាងសង់កន្ត្រកវិលជាផ្លូវការរបស់ក្រុមហ៊ុន Angkor Eye Company Limited
នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់កន្ត្រកវិលជាផ្លូវការរបស់ក្រុមហ៊ុន Angkor Eye Company Limited ដែលមានកម្ពស់ ៨៥ម៉ែត្រ ក្នុងបរិវេណផ្សារ និងសួនកម្សាន្ត Box Vill ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
នាឱកាសនោះដែរ លោកអភិបាលខេត្តបានថ្លែងថាតាមរយៈនៃការមក វិនិយោគរបស់ក្រុមហ៊ុនអង្គរ អាយ ខមភេនី លីមីធីត អាជ្ញាធរខេត្តសង្ឃឹមថា ក្រុមហ៊ុន នឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសខេត្តសៀមរាប លើវិស័យ ផ្សេងៗទៀត ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាខេត្តសៀមរាប និងបានរួមចំណែកដល់ការផ្សព្វផ្សាយអំពីវប្បធម៌ អារិយ្យធម៌ខ្មែរទៅកាន់ភ្ញៀវទេសចរនៅទូទាំងពិភពលោកឱ្យចូលមកទស្សនាខេត្តសៀមរាបកាន់តែច្រើនឡើង។ សកម្មភាពទាំងនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផលិតផលទេសចរណ៍ ដែលមិនអាចខ្វះបាន។
លោកបានបន្តថា ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ដែលមានការកើនឡើង ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ អាជ្ញាធរខេត្តបានជម្រុញនូវការអភិវឌ្ឍខេត្តតាមរយៈការកែ លម្អហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្រ្ត ប្រឡាយ លូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ការពង្រីក បណ្តាញ ទឹកស្អាត អគ្គិសនី ការបំពាក់ ភ្លើងបំភ្លឺផ្លូវសាធារណៈ និង ការរៀបចំសួនច្បារសាធារណៈ ប្រកបដោយកិច្ចការពារបរិស្ថានល្អ ជាបន្តបន្ទាប់ ដើម្បីបម្រើដល់តំរូវការចាំបាច់អប្បរមាក្នុងលក្ខខ័ណ្ឌរស់នៅរបស់ប្រជាជន និងភ្ញៀវទេសចរ ។
ជាមួយគ្នានេះដែល លោកក៏បានថ្លែងអំណរគុណចំពោះលោក ថាកិយូសិ សិណុមីយ៉ា (Tahey o s hi Shinomiya) ប្រធានក្រុមប្រឹក្សាភិបាល លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន អង្គរអាយ ខមភេនី លីមីធីត ដែល បានជ្រើសរើសយកខេត្តសៀមរាប សម្រាប់វិនិយោគមណ្ឌលកំសាន្តកន្រ្តកវិលលំដាប់អន្តរជាតិនេះ៕