នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន លើកទី១៧ (17th ADMM) នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយ នាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិជាច្រើនរូបទៀត បានបន្តដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ីបន្តទៀត។
ថ្លែងបើកកិច្វប្រជុំ ឯឧត្តម ប្រាបូវូ ស៊ូប៊ីនតូ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី បានសម្តែងការកោតសរសើរដល់សហរដ្ឋអាមេរិក ដែលបានធ្វើការជាមួយប្រទេសនៅក្នុងតំបន់ ដើម្បីសន្តិភាព និងស្ថេរភាព។ ឯកឧត្តមបន្តថា៖ កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-អាមេរិក និងធ្វើជាសក្ខីភាពចំពោះអាស៊ាន និង សហរដ្ឋអាមេរិក និងភាពជាដៃគូរ ដោយផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម ការយោគយល់គ្នា សន្តិភាព ស្ថេរភាព នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីភិច។ កិច្ចប្រជុំនេះ បានផ្តល់ឱកាសដ៏មានតម្លៃបំផុត សំរាប់ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា និង ការធ្ចើអោយស៊ីជំរៅនៃការយោគយល់គ្នា ។
ឯកឧត្តម ឡយដ៍ អូស្ទីន (Loyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានថ្លែងថា៖ សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅចំពោះសន្តិភាព និង វិបុលភាព នៅអាស៊ីអាគ្មេយ៍ ដើម្បីពង្រឹងភាពជាដៃគូរនៅទីនេះ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ អាស៊ានមានសារៈសំខាន់សម្រាប់កិច្ចសន្ទនា និង សហប្រតិបត្តិការក្នុងតំបន់ នេះជាមូលហេតុដែលធ្វើ អោយសហរដ្ឋអាមេរិក ធ្វើការងារអោយកាន់តែស៊ីជំរៅជាមួយអាស៊ាននៅគ្រប់កំរិត ។
ក្នុងបទអន្តរាគមន៍ ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការពារជាតិអាស៊ាន – អាមេរិក នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៧៧ ភាពជាដៃគូអាស៊ាន-អាមេរិក បានបន្តប្ដេជ្ញារក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព ក៏ដូចជាវិបុលភាពសម្រាប់តំបន់របស់យើង។ កិច្ចព្រមព្រៀងរវាងមេដឹកនាំអាស៊ាន-អាមេរិកក្នុង ការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី១០ នៅរាជធានីភ្នំពេញ បានឆ្លុះបញ្ចាំងពីភាពទូលំទូលាយ និងស៊ីជម្រៅនៃទំនាក់ទំនងរបស់យើង និងបានបើកផ្លូវ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើងលើវិស័យការពារជាតិបន្ថែមទៀត ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសរសើរដល់ តួនាទីស្ថាបនារបស់សហរដ្ឋអាមេរិកក្នុងតំបន់ រួមទាំងការចូលរួមយ៉ាងសកម្ម ក្នុងក្រុមការងារជំនាញនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ( ADMM-Plus )។ សហរដ្ឋអាមេរិកបានធ្វើជាសហប្រធាន ក្រុមការងារជំនាញ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ជាមួយនឹងបណ្តាប្រទេសសមាជិកអាស៊ានចំនួន ៣ លើករួចមកហើយ។ ឯកឧត្តមបញ្ជាក់ថា៖ សហរដ្ឋអាមេរិក នឹងធ្វើជាសហប្រធាននៃក្រុមការងារ ជំនាញជុំទី៥ លើវិស័យវេជ្ជសាស្ត្រយោធា ជាមួយនឹងប្រទេសឥណ្ឌូនេស៊ី។ កម្ពុជាសូមគាំទ្រការរួមចំណែកដ៏មានតម្លៃបែបនេះ។
ឯកឧត្តម សង្កត់ធ្ងន់ថា៖ សហរដ្ឋអាមេរិក, តែងតែជាដៃគូដ៏ជិតស្និទ្ធរបស់អាស៊ាន។ ស្របពេលដែលអាស៊ាន និងអាមេរិកកំពុងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ យើងក៏មានបំណងចង់បន្តធ្វើការជាមួយគ្នាប្រកបដោយការជឿទុកចិត្តគ្នា ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវតំបន់ដែលទទួលបាននូវ សន្តិភាព វិបុលភាព និងសន្តិសុខយូរអង្វែង ៕