មិត្តចិនកោតសរសើរថា កម្ពុជាមានការរីកចម្រើន ជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំល្អ
នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Wang Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន និង ជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន។ នៅក្នុងជំនួបនោះ លោក Wang Gang បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលមានឱកាសបានជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាលើកទី២នៅកម្ពុជាផ្ទាល់តែម្តង ដែលជំនួបលើកទី១ គឺនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសចិនកាលពីខែមករាកន្លងមក។
លោក Wang Gang បានគោរពជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា។ លោកពេញចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើន ជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំល្អ នៅក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺមានគោលបំណងសំខាន់២គឺទី១គឺដើម្បីចូលជួបសំដែងការគួរសមជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងទី២ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
លោក Wang Gang បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាថ្នាក់ដឹកនាំដែលទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតអំពីរដ្ឋាភិបាល និងប្រជាជនចិន។ លោកបន្តថា កម្ពុជាគឺជាបងប្អូន និងជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន។ មិត្តចិនបានអរគុណដល់កម្ពុជាដែលបានជួយផ្សាភ្ជាប់នូវទំនាក់ទំនងដ៏ល្អរវាងចិននិងសហគមន៍អាស៊ានផងដែរ ហើយនឹងការជួយជ្រោមជ្រែងដល់ដំណោះស្រាយដោយសន្តិភាពលើបញ្ហាសមុទ្រចិនខាងត្បូង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអរគុណចំពោះការលើកឡើងរបស់លោក Wang Gang ហើយក៏មានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺចាំបាច់ត្រូវការធនធានមនុស្ស ការស្រាវជ្រាវ និងជំរុញការអភិវឌ្ឍក្នុងយុគសម័យឌីជីថល ឬក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ដែលចាំបាច់ណាស់ត្រូវមានការសិក្សាការស្រាវជ្រាវ ។
សម្រាប់ប្រទេសកម្ពុជា ក៏បានប្រើប្រាស់បច្ចេកវិទ្យានិងវិទ្យាសាស្ត្រនេះផងដែរ ក្នុងន័យនេះលោកបានជម្រាបជូន លោក Wang Gang ថា កម្ពុជាកំពុងតែតម្រង់ទិសរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យសម្របស្របទៅតាមចរន្តនៃយុគសម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវការបណ្ដុះបណ្ដាលធនធានមនុស្សអោយបានកាន់តែច្រើនលើវិស័យនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឲ្យភាគីចិនជួយសហការបណ្ដុះបណ្ដាលធនធានមនុស្ស និងសហការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាផងដែរ ដើម្បីជំរុញវិស័យនេះអោយកាន់តែរីកចម្រើនទៅមុខ។
មុននឹងបញ្ចប់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជូនពរលោក Wang Gang ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា និងបានផ្តាំផ្ញើសួរសុខទុក្ខ លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និង លោកនាយករដ្ឋមន្រ្តី លី គឺឈាង (Li Keqiang) ហើយលោកបានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺរឹងមាំដូចដែកថែប ដែលប្រទេសយើងបន្តគាំទ្រ និងជួយគ្នាទៅវិញទៅមកដូចជាបងប្អូន៕