ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ពីអត្ថប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 499
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ពីអត្ថប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ពីអត្ថប្រយោជន៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាទំនើប បានប្រែក្លាយឌីជីថល ឆ្ពោះទៅកាន់បដិវត្តន៍ឧស្សាហកម្មទី៤ ដែលជាកត្តាគន្លឹះក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងវិស័យផ្សេងៗទៀតជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាពនិងអត្ថប្រយោជន៍ជាច្រើន។ លោកបានថ្លែងដូចនេះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប។

កាលានុវត្តភាពនិងអត្ថប្រយោជន៍ទាំងនោះរួមមាន៖
ទី១- បច្ចេកវិទ្យាឌីជីថល បានជំនួសការប្រើប្រាស់បច្ចេកវិទ្យា Analog ប្រកបដោយសក្តានុពលដើម្បីគុណភាព ប្រសិទ្ធភាព ដូចជាសម្លេង រូបភាព ល្បឿននៃការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ ការសន្សំសំចៃនៃការប្រើប្រាស់រលកអាកាសវិទ្យុ ការកាត់បន្ថយការចំណាយផលិត ការបង្កើនផលិតភាព សម្បូរបែបក្នុងវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការចែករំលែក និងការទទួលព័ត៌មានតាមមធ្យោបាយដ៏សម្បូរបែប។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុង រៀបចំធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ពី Analog ទៅឌីជីថល ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពនៃការវិវត្តន៍ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ឌីជីថលក្នុងតំបន់ និងសាកលលោកព្រមទាំងសិក្សាដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងដើម្បីដោះស្រាយបញ្ហាដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

ទី២- បច្ចេកវិទ្យាឌីជីថល បានរួមបញ្ចូលគ្នា រវាងវិស័យទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយ ហើយបង្កើតបាននូវសក្តានុពលលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌីជីថល និងបណ្តាញផ្សព្វផ្សាយទំនាក់ទំនងជាសាកល តាមប្រព័ន្ធ អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម មានហ្វេសប៊ុក យូធូប វីឆាត តេឡេក្រាម ធ្វីធើ ជាដើម ដែលបង្កើតសក្តានុពល។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស សម្រួលដល់ការធ្វើពាណិជ្ជកម្ម ការកាត់បន្ថយរបាំងទីផ្សារ បង្កើតឱកាសឱ្យវិស័យឯកជន និងសហគ្រិនដើម្បីមានលទ្ធភាពច្នៃប្រឌិត នូវធុរកិច្ចថ្មីៗ។

ទី៣- បច្ចេកវិទ្យាឌីជីថលបានធ្វើឱ្យការគ្រប់គ្រងប្រទេស ក្លាយទៅជារដ្ឋាភិបាលឌីជីថល ក្នុងការបង្កើនសកម្ម ភាពសេដ្ឋកិច្ច ឌីជីថល ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃសេវាសាធារណៈ ប្រកបដោយគណនេយ្យភាព តម្លាភាព និងការតភ្ជាប់ទំនាក់ទំនងផ្ទៃក្នុងនិងសាកលលោកទាំងមូល៕