លោក សាយ ឈុំ ផ្ញើសាររំលែកទុក្ខចំពោះគ្រួសារសពនាយឧត្តមសេនីយ៍ ដុម ហាក់ ដែលទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៧៤ឆ្នាំ
លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា នៃកម្ពុជា បានផ្ញើរសាររំលែកមរណទុក្ខ ចំពោះគ្រួសារសពនាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពដោយជរាពាធ នាវេលាម៉ោង១១:២៧នាទី ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៧៤ឆ្នាំ។
ក្នុងសាររំលែកទុក្ខនេះដែរ លោក សាយ ឈុំ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ គឺជាការបាត់បង់ឥស្សរជនរបស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិតដើម្បីបម្រើជាតិ មាតុភូមិដោយឥតនឿយហត់។ ក្នុងឋានៈនាយឧត្តមសេនីយ៍ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោកបានចូលរួមយ៉ាងសកម្មបំផុតក្នុងការរំដោះប្រជាពលរដ្ឋកម្ពុជា ពីរបបពូជសាសន៍ ដណ្តើមបានមកវិញដោយសុខសន្តិភាព ការពារសន្តិភាព ការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋកម្ពុជាគ្រប់វិនាទី។
លោក សាយ ឈុំ ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយឧត្តមសេនីយ៍ ដុម ហាក់ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឧត្តមសេនីយ៍ ដុម ហាក់ ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។
សូមបញ្ជាក់ថា សពនាយឧត្តមសេនីយ៍ ដុម ហាក់ នឹងត្រូវទៅបញ្ចុះនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិគ្រឹះ ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ (ជាប់ផែស្ងួតជិតវត្តស្លែង)។ យោងតាមកម្មវិធីបុណ្យសព បានបង្ហាញថា សពនឹងត្រូវដង្ហែចេញពីផ្ទះកន្លែងធ្វើបុណ្យនៅវេលាម៉ោង ៦៖៣០នាទីព្រឹកទី១២ ខែមិថុនា ដើម្បីយកទៅបញ្ចុះនៅសង្កាត់ពងទឹក ខណ្ឌដង្កោ។ ក្នុងពិធីបុណ្យសពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ មានប្រតិភូរបស់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូប ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធសពផងដែរ។
គួរជម្រាបថា សពរបស់នាយឧត្តមសេនីយ៍ ដុម ហាក់ កំពុងធ្វើបុណ្យនៅគេហដ្ឋាក្នុងបុរីអ័រគីដេ តាមបណ្ដោយផ្លូវ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ ៕