លោកស្រី អោង សានស៊ូជី បង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះវឌ្ឍនភាពរបស់កម្ពុជា
នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយនឹងលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកស្រីដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមលោកផ្ទាល់ លោក សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី អោង សានស៊ូជី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចនាឱកាសនេះ គឺពិតជាមានសារៈសំខាន់ និងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត និងនាំមកនូវឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត។
លោក សាយ ឈុំ បានរំលឹកថា ប្រទេសទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៥ ដែលត្រូវបានបង្កើតឡើងដោយស្នាព្រះហស្តព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំមីយ៉ាន់ម៉ាជំនាន់មុន។ ប្រទេសទាំងពីរគោរពប្រតិបត្តិ ព្រះពុទ្ធ សាសនាដូចគ្នា និងប្រើប្រាស់ទឹកទន្លេមេគង្គដូចគ្នា ហើយប្រជាជនយើងទាំងពីរមានប្រវត្តិស្រឡាញ់រាប់អានគ្នាទៅវិញទៅមកប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាយូរលង់មកហើយ។ ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តដោយបានមើលឃើញពីការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានធ្វើសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធលើវិស័យនយោបាយ សាសនា វប្បធម៌ អប់រំ កសិកម្ម និងបានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ មានការរីកចម្រើនជាបន្តបន្ទាប់។
ប្រធានព្រឹទ្ធសភា ក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានជូនចំពោះ ប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ាផងដែរ។ ឆ្នាំ២០២០ ខាងមុខនេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក ស្នើឱ្យសភានៃប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក និងស្នើឱ្យសភាទាំងពីរជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអង្គការសភាតំបន់ និងពិភពលោក លើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបញ្ហាផ្សេងទៀត។
នៅក្នុងឱកាសនោះ លោកស្រី អោង សានស៊ូជី បានបញ្ជាក់ជូនលោកប្រធានព្រឹទ្ធសភាថា នឹងនាំយកនូវប្រសាសន៍ផ្តាំផ្ញើប្រធានព្រឹទ្ធសភាកម្ពុជា ជូនជំពោះប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា ហើយលោកស្រី បានសម្តែងនូវការអបអរសាទរចំពោះវឌ្ឍនភាពនៃទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរនឹងខិតខំពង្រឹងល្បឿននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងផ្សាភ្ជាប់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
លោកកស្រី អោង សានស៊ូជី ក៏បានជម្រាបជូនប្រធានព្រឹទ្ធសភាថា នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកទី១របស់លោកស្រីនៅកម្ពុជា ហើយលោកស្រី មានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះវឌ្ឍភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ លោកស្រី អោង សានស៊ូជី បានស្នើឱ្យប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងពន្លឿននូវការអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងនោះ តួនាទីស្ថាប័ននីតិប្បញ្ញត្តិ ក៏មានការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេស ហើយអ្វីដែលសំខាន់គឺសមាជិកសភានៃប្រទេសទាំងពីរ ក៏អាចធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីនាំមកនូវវឌ្ឍនភាព និងការរីកចម្រើននៃប្រទេសទាំងពីរ តាមរយៈការពង្រឹងនូវកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាព រវាងសភានៃប្រទេសទាំងពីរ តាមរយៈការជំរុញ និងផ្លាស់ប្តូរនូវវប្បធម៌នៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ លោកស្រី អោង សានស៊ូជី ក៏បានអញ្ជើញប្រធានព្រឹទ្ធសភាកម្ពុជា និងសមាជិក សមាជិកាព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយដោយលោកស្រីមានសេចក្តីសង្ឃឹមថា ប្រធានព្រឹទ្ធសភា នឹងអាចស្វែងយល់អំពីស្ថានភាពជាក់ស្តែងនៅប្រទេសមីយ៉ាន់ម៉ា ហើយលោកស្រី នឹងត្រៀមខ្លូនជាស្រេច ក្នុងការទទួលដំណើរទស្សនកិច្ចនេះ៕