ខ្មែរប៉ុស្ដិ៍ Close

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអំពាវនាវអ្នកព័ត៌មានប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ ឯកសារ 38
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអំពាវនាវអ្នកព័ត៌មានប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាអំពាវនាវអ្នកព័ត៌មានប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់អ្នកសារព័ត៌មានមេត្តាប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងពេលចុះយកព័ត៌មានដោយគប្បីចៀសវាងនូវការគំរាមកំហែង ការបំពាន ការរារាំងតួនាទីសមត្ថកិច្ចមន្ត្រីរាជការសាធារណៈ ព្រមទាំងមិនរំលោភបំពានលើរូបរាងកាយ សិទ្ធិ តម្លៃ និងអត្តសញ្ញាណបុគ្គលឯកជន។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏ស្នើសុំដល់ផ្នែកពាក់ព័ន្ធរួមទាំងមន្ត្រីអង្គភាពរដ្ឋ សូមមេត្តាចៀសវាងការប្រើពាក្យសម្តីប្រមាថ ការប៉ះពាល់រាងកាយ ការឆក់យកសម្ភារៈឧបករណ៍យកព័ត៌មាន និងបំផ្លាញចោលសម្ភារៈនានាទាំងនោះរបស់អ្នកយកព័ត៌មានដោយត្រូវសហការពេញលេញផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន។

បើតាមសេចក្តីថ្លែងការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទទួលព័ត៌មានថា អ្នកសារព័ត៌មាន Online ចំនួន៨រូប រួមទាំងសហការីផ្សេងទៀត ត្រូវបានមន្រ្តីគយច្រកព្រែកចាក ខេត្តកំពត ដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតពី «បទជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទប៉ះពាល់ដល់ សិទ្ធិខាងរូបភាពនៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ» ដោយទាមទារសំណងជាប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ករណីប្តឹងផ្តល់នេះ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍កើតឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកំពត រវាងមន្ដ្រីគយ និងអ្នកសារព័ត៌មាន Online មួយក្រុម ដែលបានចុះយកព័ត៌មានពាក់ព័ន្ធការដឹកទំនិញឆ្លងកាត់ប៉ុស្ដិ៍គយព្រែកចាក ខេត្តកំពត។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមស្នើសុំដល់ភាគីពាក់ព័ន្ធ ព្រមទាំងស្ថាប័នអនុវត្តច្បាប់ ពិចារណាប្រើប្រាស់ច្បាប់ស្តីពីរបបសារព័តមានដើម្បីអនុវត្តលើបណ្តឹងដែលពាក់ព័ន្ធ អ្នកសារព័ត៌មាន។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏ស្វាគមន៍ផងដែរ ប្រសិនបើភាគីទាំងសង្ខាង ឈានដល់ការព្រមព្រៀងផ្សះផ្សា និងទម្លាក់ចោលពាក្យបណ្តឹង។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មាន មេត្តាប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងពេលចុះយកព័ត៌មានដោយគប្បីចៀសវាងនូវការគំរាមកំហែង ការបំពាន ការរារាំងតួនាទីសមត្ថកិច្ចមន្ត្រីរាជការសាធារណៈ ព្រមទាំងមិនរំលោភបំពានលើរូបរាងកាយ សិទ្ធិ តម្លៃ និងអត្តសញ្ញាណបុគ្គលឯកជន។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានស្នើសុំដល់ផ្នែកពាក់ព័ន្ធរួមទាំងមន្ត្រីអង្គភាពរដ្ឋ សូមមេត្តាចៀសវាងការប្រើពាក្យសម្តីប្រមាថ ការប៉ះពាល់រាងកាយ ការឆក់យក សម្ភារៈឧបករណ៍យកព័ត៌មាន និងបំផ្លាញចោលសម្ភារៈនានាទាំងនោះរបស់អ្នកយកព័ត៌មាន ដោយត្រូវសហការពេញលេញផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានដើម្បីរួមគ្នាលើកកម្ពស់ «សិទ្ធិទទួលបានព័ត៌មាន» និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ដែលមានគុណប្រយោជន៍ដល់សាធារណៈជន។ បើតាមសេចក្តីថ្លែងការណ៍ដដែលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងបន្តតាមដានដោយយកចិត្តទុកដាក់បំផុតទៅលើនីតិវិធី និងចំណាត់ការនានារបស់តុលាការចំពោះរឿងក្តីខាងលើនេះ៕

អត្ថបទទាក់ទង