ខ្មែរប៉ុស្ដិ៍ Close

អ្នកយកព័ត៌មានជិត ១០នាក់ ត្រូវម​ន្រ្តីគយច្រកព្រែកចាក ខេត្តកំពត ដាក់ពាក្យប្តឹងជាផ្លូវការដោយទាមទារសំណង ១០ម៉ឺនដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43

លោក យី ថុល អាយុ៤១ឆ្នាំ ជាប្រធានការិយាល័យគយ និងរដ្ឋាករព្រែកចាក ដែលតំណាងឲ្យការិយាល័យគយ និងរដ្ឋាករ ព្រែកចាក នៃសាខាគយ និងរដ្ឋាករខេត្តកំពត នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានដាក់ពាក្យប្តឹងជាផ្លូវការទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពត ដោយប្តឹងអ្នកយកព័ត៌មានប្រមាណជិត ១០នាក់ ដោយចោទថា បានជេរប្រមាថ និងជ្រៀតជ្រែកដោយខុសច្បាប់ ទៅក្នុងការបំពេញមុខងាររបស់លោក។ នេះបើយោងតាមពាក្យបណ្តឹងមេធាវីរបស់ លោក យី ថុល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

នៅក្នុងពាក្យបណ្តឹងបានបង្ហាញថា​ អ្នកយកព័ត៌មានទាំងនេះ ដែលរងនូវពាក្យប្តឹងរួមមាន៖

  • ទី១៖ លោក ហ៊ុន សុខា ជាប្រធានសារពត៌មាននៃក្លិបអ្នកកាសែតឯករាជ្យ និងជានាយកផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV)
  • ទី២៖ លោក ចន យូដេត ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
  • ទី៣៖ លោក ស៊ាង ប៊ុនសុង ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
  • ទី៤៖ លោក ទុំ ឆោម ជាសមាជិកនៃក្លឹបអ្នកកាសែតឯករាជ្យ
  • ទី៥៖ លោក ប៉ែន រ៉ា ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
  • ទី៦៖ លោក កែវ សុផាត ជាសមាជិកនៃក្លឹបអ្នកកាសែតឯករាជ្យ
  • ទី៧៖ លោក ជី ពេជ្រ ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
  • ទី៨៖ លោក អ៊ុត ប៊ុនធឿន ជាសមាជិកនៃក្លិបអ្នកកាសែតឯករាជ្យ
  • ទី៩៖ និងបក្ខពួកដែលមិនស្គាល់ឈ្មោះ។

បើតាមពាក្យបណ្តឹងនេះ លោក យី ថុល បានចោទប្រកាន់ទៅលើអ្នកយកព័ត៌មានទាំងនោះពីបទ «ជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទប៉ះពាល់ដល់ សិទ្ធិខាងរូបភាព នៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ»។ មន្រ្តីគយរូបនេះ បានទាមទារសំណងពីក្រុមអ្នកយកព័ត៌មានទាំងនោះចំនួន ១០ម៉ឺនដុល្លារ។

លោក យី ថុល បានបញ្ជាក់ទៅកាន់ព្រះរាជអាជ្ញាថា ក្រុមអ្នកសារព័ត៌មានខាងលើបានចូលមកលួចថតជាវីដេអូ ពាសពេញបរិវេណទីតាំងត្រតពិនិត្យទំនិញដែនសមត្ថកិច្ចគយ និងរដ្ឋាករព្រែកចាក ដោយបានថត និងចូលឆែកឆេរទំនិញ ដែលស្តុកទុកនៅក្នុងទីលានត្រួតពិនិត្យទំនិញដែនសមត្ថកិច្ចគយ ហើយនិយាយមួលបង្កាច់ថា មន្ត្រីគយពុករលួយ មិនបានត្រួតពិនិត្យទំនិញ, ឃុបឃិតជាមួយឈ្មួញ និងនាំទំនិញគ្មានគុណភាពចូលមកប្រទេសកម្ពុជាដោយឥតច្បាប់ទម្លាប់។ លុះប្រហែលម៉ោង ១២.០០នាទី មានបុគ្គលិកគយមកប្រាប់លោក រួចលោកក៏បានចេញទៅមើលហេតុការណ៍នោះ។ ប៉ុន្តែក្រុមអ្នកសារព័ត៌មានទនោះ បាននាំគ្នាចេញទៅបាត់អស់ហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ក្នុងខេត្តកំពត មានករណីទំនាស់មួយបានកើតឡើង ស្ទើរតែងផ្ទុះហិង្សាធ្ងន់ធ្ងរ ទៅហើយ រវាងអ្នកយកព័ត៌មានមួយក្រុមប្រមាណជាង ១០នាក់ និងមន្ដ្រីគយប្រចាំនៅប៉ុស្ដិ៍នោះតែម្ដង ពាក់ព័ន្ធទៅនឹងការយកព័ត៌មានពីការដឹកទំនិញឆ្លងកាត់។

យោងតាមវីដេអូដែលត្រូវបានចែកចាយ នៅលើបណ្ដាញសង្គម Facebook អ្នកយកព័ត៌មានមួយក្រុមបានចុះទៅផ្សាយផ្ទាល់ពីការដឹកទំនិញឆ្លងកាត់ នៅប៉ុស្ដិ៍ព្រែកចាក ហើយត្រូវបានមន្ដ្រីគយដែលមានតួនាទី ជាមេប៉ុស្ដិ៍ព្រែកចាក បានដកហូតទូរស័ព្ទ ដែលនាំឲ្យផ្ទុះជម្លោះដាក់គ្នារហូតចង់ប្រើអំពើហិង្សាទៀតផង។

ពាក់ព័ន្ធករណីនេះរដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា មន្ដ្រីអាជ្ញាធរអាចប្ដឹងទៅលើអ្នកកាសែតទាំងនោះ ពាក់ព័ន្ធទៅនឹងការប្រមាថ ខណៈដែលពួកគេកំពុងបំពេញ ភារកិច្ចរបស់ខ្លួន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែឧសភា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថា «តាមច្បាប់ អាជ្ញាធរអាចប្តឹងបានពីការប្រមាថមន្ត្រី ដែលកំពុងបំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»

យោងតាមសកម្មភាព នៅក្នុងវីដេអូមួយនេះ អ្នកយកព័ត៌មានបានថតឡាយនៅលើបណ្ដាញសង្គម Facebook និងស្រែករិះគន់ខ្លាំងៗ ទៅលើមន្ដ្រីគយពីររូប និងដេញថតរហូតដល់បន្ទប់ធ្វើការទៀតផង។ យ៉ាងណាក៏ដោយ បណ្ដាញព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីក្រុមអ្នកយកព័ត៌មានខាងលើនេះ បាននៅឡើយទេ នៅថ្ងៃដដែលនេះ៕

 

អត្ថបទ៖ Fresh News

អត្ថបទទាក់ទង