ខ្មែរប៉ុស្ដិ៍ Close

ស​.​ស​.​ស​.​ក លើកទឹកចិត្ត​អ្នកសារព័ត៌មាន​ឲ្យ​ប្រកាន់​ស្មារតី​៖ សារព័ត៌មាន ដើម្បី​បុព្វហេតុ​សេរីភាព ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​មាតុភូមិ ពិភពលោក សន្តិភាព និង​យុត្តិធម៌

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០១៩ ឯកសារ 49

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ដែលមាន​ឯកឧត្តម ហ៊ុយ វណ្ណៈ ជា​ប្រធាន សូម​ចូលរួម​ជាមួយ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ នៅ​គ្រប់ទិសទី​ជុំវិញ​ពិភពលោក សម្តែង​ការអបអរ​សារ​ទរ ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ ដោយ​យក​ទិវា​ឆ្នាំនេះ សូម​លើកទឹកចិត្ត​អ្នកសារព័ត៌មាន​ប្រកាន់​ស្មារតី​៖ «​សារព័ត៌មាន ដើម្បី​បុព្វហេតុ​សេរីភាព ឧ​ត្ត​ម​ប្រយោជន៍​ជាតិ ពិភពលោក​សន្តិភាព​និង​យុត្តិធម៌​»​។​

​សេចក្តីថ្លែងការណ៍ ចុះ​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ លើកឡើងថា សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​យក​ឱកាស​នេះ លំឱនកាយ​គោរព​ដល់​វិញ្ញាណ​ក្ខ័​ន្ធ និង​វីរភាព​របស់​អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ​ពិភពលោក ដែល​បានធ្វើ​ពលិកម្ម​ដើម្បី បុព្វហេតុ​សេរីភាព​សារព័ត៌មាន​។​

​សេចក្តីថ្លែងការណ៍​ដដែល បង្ហាញថា សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា សូម​ធ្វើការ​កត់សំគាល់ថា ពិភពលោក​បច្ចុប្បន្ន កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ពហុ​ប៉ូល និង​កំពុង​ប្រឈម​នឹង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ ការប្រកួតប្រជែង​រវាង​មហាអំណាច​ឥតឈប់ឈរ ដែល​ងាយ​បង្ក​ជា​ផលវិបាក​ដល់​ប្រទេស​តូច និង​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ក្នុង​ស្ថានការណ៍​នេះ សារព័ត៌មាន ក៏​ត្រូវបាន​បំភ័ន្ត និង​ប្រើប្រាស់​ជា​អំណាច​ទន់​ជួរមុខ បម្រើ​ដល់​ផលប្រយោជន៍​នៃ​ភូមិសាស្ត្រ​នយោបាយ​ផង ជា​ឧបករណ៍​នៃ​សមរភូមិ​សាធារណៈមតិ​ផង​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​គូសបញ្ជាក់ថា «​ពេលខ្លះ​សារព័ត៌មាន បាន​រអិល​ចូលក្នុង​ឧបាយកល​បំភ័ន្ត​ការយល់ដឹង ការគិត និង​ការសម្រេចចិត្ត​របស់​ប្រជាជន​ជា​ម្ចាស់​ប្រទេស​នីមួយៗ​ផងដែរ​។ ឥទ្ធិពល​នៃ​ភូមិសាស្ត្រ​នយោបាយ បង្កើត​ឲ្យ​មានការ​រីកសាយ​ភាយ ព័ត៌មាន​ក្លែងក្លាយ បំផុស​បដិវត្តន៍​ពណ៌ ការ​ញុះញុង​បែកបាក់​សង្គមជាតិ និង​សង្គ្រាមស៊ីវិល​រាំ​រ៉ៃ​»​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដោយ​យល់ឃើញ​ពី​បរិបទ​ខាងលើនេះ «​សូម​លើកទឹកចិត្ត​ដល់​អ្នក​សារពត៌មាន​ទាំងអស់ ខិតខំ​ពង្រឹង​និង​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដែលមាន​តម្លៃ​បម្រើ​ដល់​ផលប្រយោជន៍​មនុស្សជាតិ ឲ្យ​គេច​ផុតពី​ហាយនភាព និង​សង្គ្រាម តាមរយៈ​ការប្រើប្រាស់​តួនាទី​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ត្រឹមត្រូវ ជាពិសេសចាប់យក​ការតម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ​របស់ខ្លួន​ជា​ចម្បង​បំផុត​។ ដរាបណា តួនាទី​វិជ្ជាជីវៈ​របស់​អ្នកមាន​តម្លៃ បាន​ជួយ​ដល់​ប្រទេសជាតិ​អ្នក​ឲ្យ​ថ្កុំថ្កើង​រុងរឿង​ក្នុង​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ដោយ​ចីរភាព នោះ​គឺ​អ្នក​បានរួម​ចំណែក​ជាព​ន្លឺ​ដល់​មនុស្សជាតិ​នៃ​ពិភពលោក​ទាំងមូល​រស់​នៅក្នុង​សន្តិភាព​និង​យុត្តិធម៌​ផងដែរ​។ យើង​ឲ្យ​តម្លៃ​ប្រទេសជាតិ​របស់​យើង​ជាមុន នោះ​ទើប​អ្នកដទៃ​ឲ្យ​តម្លៃ​យើង​និង​គោរព​ប្រទេសជាតិ​មាតុភូមិ​យើង​ដែរ​។ ការផ្សព្វផ្សាយ​លើកតម្កើង​ប្រទេសជាតិ​របស់ខ្លួន គឺ​គ្មានអ្វី​ខុស​ទេ ពោល​ក៏​មិន​ប្រាស់ចាក​វិជ្ជាជីវៈ និង​មិន​បាត់បង់​ឯករាជ្យ​របស់​ខ្លួន​នោះដែរ​»​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា មាន​មោទនភាព​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រទេស​មាន​អារ្យធម៌​ខ្ពង់ខ្ពស់ និង​វប្បធម៌​សម្បូរបែប ហើយ​កំពុង​ក្លាយជា​ប៉ូល​ទេសចរណ៍​មួយ​របស់​ពិភពលោក​។ ប្រទេស​កម្ពុជា មានការ​ឯកភាព​ទឹកដី ដែល​មិន​ធ្លាប់មាន​ជាង ៤០០​ឆ្នាំ ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ប្រជាជន​កម្ពុជា កំពុង​រស់នៅក្នុង​សន្តិភាព ដែល​ផ្តល់ឱកាស​ឲ្យ​កម្ពុជា​អភិវឌ្ឍ​ប្រទេសជាតិ​របស់ខ្លួន បាន​រីកចម្រើន​ជា​បន្តបន្ទាប់ និង​ធ្វើ​ឲ្យ​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើ​ឡើង​។ នេះ​គឺជា​មោទនភាព​រួម​របស់​ប្រជាជាតិ​កម្ពុជា ដែល​អ្នកសារព័ត៌មាន ត្រូវ​ប្រើ​ប្រាជ្ញាញាណ​រួមចំណែក​លើកតម្កើង​បង្ហាញ​កម្ពុជា ជា​ប្រទេស​មាន​សន្តិ​ភាពជា​អចិន្ត្រៃយ៍ ប្រជា​ធិ​តេ​យ្យ វិបុលភាព និង​សមធម៌​។

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ទទួលស្គាល់ថា នៅមាន​បញ្ហា​ប្រឈម​ក្នុង​វិស័យ​សារព័ត៌មាន រួមមាន ទាំង​បញ្ហា​ហិរញ្ញវត្ថុ សុវត្ថិភាព​ការងារ លំហរ​សេរីភាព និង​សិទ្ធិ​ទទួលបាន​ព័ត៌មាន​។ ទោះបីជា​យ៉ាងណាក៏ដោយ ស​.​ស​.​ស​.​ក សូម​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ប​ន្ត​ជម្នះ​ការ​ប្រឈម​នានា​តទៅទៀត បន្តធ្វើ​ការងារ​ដោយ​ឈរលើ​ភាពត្រឹមត្រូវ ស្មោះត្រង់ សីលធម៌ វិជ្ជាជីវៈ សុ​ច្ចរិតភាព និង​ដោយ​គ្មាន​ការភ័យខ្លាច​។ សារព័ត៌មាន​ក្នុង​យុគសម័យ​បច្ចេកវិទ្យា ពិតជា​ប្រឈម​ជាមួយ​ការរីក​សាយភាយ​នៃ​ព័ត៌មាន​ក្លែងក្លាយ​។

ក៏ប៉ុន្តែ សហភាពសហព័ន្ធអ្នកសារព័ត៌មាន​កម្ពុជា បញ្ជាក់ថា «យើង​ត្រូវ​មានជំនឿថា ព័ត៌មាន​ក្លែងក្លាយ នឹង​បាត់​តម្លៃ​ហើយ​ស្លាប់ នៅពេល​ព័ត៌មាន​ពិត​បាន​បញ្ចេញ​។ ទីបំផុត គឺ​មានតែ​ព័ត៌មាន​ពិត គឺជា​អំណាច ដែល​មានគុណ​តម្លៃ​រួមចំណែក កសាង​ទំនួល​ខុសត្រូវ​សង្គម ជា​មូលដ្ឋាន​សម្រាប់​ការកសាង​គោលនយោបាយ​ជាតិ ជា​មូលដ្ឋាន​នៃ​ការសម្រេចចិត្ត ត្រឹមត្រូវ ជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​បញ្ហា​នានា ធ្វើ​ឲ្យ​សង្គមជាតិ​ដើរទៅ​មុខ​លើផ្លូវ​ត្រូវ ពិភពលោក​មាន​សុខដុមរមនា សន្តិភាព ប្រជាធិបតេយ្យ យុត្តិធម៌ និង​សមធម៌»​៕​

ប្រភព៖ Swiftnews

អត្ថបទទាក់ទង