ខ្មែរប៉ុស្ដិ៍ Close

បទវិភាគ៖ អធិបតេយ្យរបស់រដ្ឋមួយមិនចំណុះអោយរដ្ឋដទៃទៀតឡើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 79
បទវិភាគ៖ អធិបតេយ្យរបស់រដ្ឋមួយមិនចំណុះអោយរដ្ឋដទៃទៀតឡើយ បទវិភាគ៖ អធិបតេយ្យរបស់រដ្ឋមួយមិនចំណុះអោយរដ្ឋដទៃទៀតឡើយ

វិទ្យុអាស៊ីសេរីបានផ្សាយថ្ងៃទី២១ ខែឧសភានេះថា សមាជិកព្រឹទ្ធសភាអាមេរិក ដែលមួយរូបមកពីខាងគណបក្សសាធារណរដ្ឋលោក លិនស៊ី ហ្ក្រាហែម (Linsey Graham) និងគាំទ្រដោយសមាជិកព្រឹទ្ធសភាអាមេរិកពីររូបទៀត គឺលោក ឌិក ឌើប៊ិន (Dick Durbin) ខាងគណបក្សប្រជាធិបតេយ្យ និង លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ខាងគណបក្សសាធារណរដ្ឋ បានផ្តើមគំនិតស្នើច្បាប់មួយជំរុញរដ្ឋាភិបាលកម្ពុជាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញ ហើយក្នុងសេចក្តីស្នើច្បាប់ថ្មីនេះ មានឈ្មោះថា S.1468 ដែលទាមទារឱ្យរបបលោក ហ៊ុន សែន ចាត់វិធានការឱ្យមានប្រសិទ្ធភាព ដើម្បីការពារសន្តិភាពក្នុងតំបន់ ការពារអធិបតេយ្យភាពរបស់កម្ពុជា កុំឱ្យលុះតាមឥទ្ធិពលរបស់ចិនកុម្មុយនីស្ត និងធ្វើយ៉ាងណាឱ្យកម្ពុជា គោរពសិទ្ធិរបស់ពលរដ្ឋខ្មែរ និងការទទួលខុសត្រូវ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងតម្រូវឱ្យរបបលោក ហ៊ុន សែន ដោះលែងប្រធានអតីតគណបក្សប្រឆាំង គឺលោក កឹម សុខា និងដោយឥតលក្ខខណ្ឌ ដោះលែងអ្នកទោសនយោបាយ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិលផង ហើយទម្លាក់ចោលរាល់បទចោទប្រកាន់ប្រឆាំង និងពួកគាត់។ ក្នុងន័យនេះ តើអធិបតេយ្យរបស់រដ្ឋមួយអាចចំណុះឱ្យរដ្ឋដទៃទៀតបានឬទេ? តើអ្វីទៅជារដ្ឋអធិបតេយ្យ?

ដើម្បីជាការឆ្លើយតបទៅនឹងការលើកឡើងដ៏ក្រអឺតក្រទម និងអនុត្តរភាពក្អេងក្អាងរបស់សមាជិកព្រឹទ្ធសភាអាមេរិក៣រូប រួមគ្នាស្នើច្បាប់ថ្មីមួយ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យបានពេញលេញ គឺជាឥរិយាបថដ៏ឆោតល្ងង់ ប្រកដោយលក្ខណៈបោកប្រាស់ ហើយក៏ជាអំពើរំលោភខុសច្បាប់អន្តរជាតិទាំងស្រុងចូលទៅក្នុងកិច្ចការផ្ទៃក្នុង និងអធិបតេយ្យរបស់ប្រទេសកម្ពុជា។ ជាការពិត កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ បានបង្កើតឱ្យមានសម័យអន្តរកាល ឬអាជ្ញាធរអន្តរកាលមួយសម្រាប់កម្ពុជា តាមរយៈកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយរួមនៃជម្លោះកម្ពុជា ដែលខ្លឹមសារសំខាន់ៗបាននិយាយអំពីការបញ្ចប់សង្រ្គាម ការបោះឆ្នោត ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន ការកាត់រំសាយកងទ័ពចតុភាគី ការកំណត់គោលការណ៍គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ហើយជាក់ស្តែងគោលការណ៍ទាំងអស់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្តយ៉ាងពេញលេញដោយអ៊ុនតាក់ និង ភាគីខ្មែរក្នុងជម្លោះ ក្រោមស្មារតីផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ហើយក៏ត្រូវបានសរសេរចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣រួចហើយ។

ក្រោយការបោះឆ្នោតសាកលលើកដំបូងឆ្នាំ១៩៩៣សភាធម្មនុញ្ញកម្ពុជាបានតាក់តែងរដ្ឋធម្មនុញ្ញកម្ពុជាមួយ ហើយក៏បានអនុម័តជាច្បាប់កំពូលរបស់កម្ពុជា ដែលព្រះមហាក្សត្របានឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣។ ដូច្នេះ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលនៃប្រទេសកម្ពុជា ដែលកំណត់បែងចែកអំណាចគ្រប់គ្រងក្នុងស្ថាប័នរដ្ឋទាំងបីឯករាជ្យពីគ្នា គឺអំណាចនីតិប្រតិបត្តិ អំណាចនីតិបញ្ញត្តិ និងអំណាចតុលាការ ជារួមគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ រាប់ទាំងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋត្រូវបានធានាការគោរពស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស អនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិ និងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស។ ហើយប្រទេសកម្ពុជា គឺជាសមាជិកនៃអង្គការសហប្រជាជាតិ និងជារដ្ឋអធិបតេយ្យ ដែលអាមេរិកមិនមែនជាឳនៃរដ្ឋាភិបាលកម្ពុជានោះទេ។ ជាការពិត អង្គការសហប្រជាជាតិ គឺជាស្ថាប័នកំពូលនៃពិភពលោកតែមួយគត់ធានានូវសណ្តាប់ធ្នាប់ពិភពលោក (The World Order) សន្តិសុខ និងស្ថេរភាពក្នុងពិភពលោក។ ជាការពិត រដ្ឋនីមួយៗមានឯករាជ្យភាពពីគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃរដ្ឋដទៃទៀតបានឡើយ។ ពីព្រោះ រដ្ឋនីមួយៗមានអធិបតេយ្យក្នុងដែនដីរបស់ខ្លួន មានសិទ្ធិស្វ័យសម្រេច ហើយពលរដ្ឋក្នុងរដ្ឋមួយ គឺ ជាម្ចាស់ជោគវាសនានៃប្រទេសជាតិរបស់ខ្លួន។

កម្ពុជាពិតជាមានការសោកស្តាយនូវទង្វើយ៉ាងគឃ្លើននៃសមាជិកសភាអាមេរិកទាំង៣រូបខាងលើដែលធ្វើមិនដឹង មិនយល់នូវអ្វីដែលជាគោលការណ៍នៃអធិបតេយ្យនៃរដ្ឋមួយ ដែលអធិបតេយ្យនៃរដ្ឋមួយ គឺស្មើនឹងឯករាជ្យភាពខាងនយោបាយ ហើយដែលក្នុងប្រព័ន្ធនីតិអន្តរជាតិ គឺមានន័យថា អធិបតេយ្យក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋក្នុង មានន័យថា ឯករាជ្យភាពរវាងរដ្ឋ និងរដ្ឋ ស្របតាមគោលការណ៍សមភាពអធិបតេយ្យរវាងរដ្ឋ និងរដ្ឋ។ សមភាពនៃសិទ្ធិ និងកាតព្វកិច្ចដូចគ្នា ក្នុងទំនាក់ទំនងរវាងរដ្ឋ ដោយមិនគិតភាពខុសគ្នានៃឥទ្ធិពលខាងនយោបាយ សេដ្ឋកិច្ច សង្គម ឬ ភាពខុសគ្នានៃចំនួនប្រជាជន និងទំហំទឹកដីឡើយ។

តើពិភពលោកយើងនេះ អាចមានសន្តិសុខ ស្ថិរភាព និងប្រកបដោយសណ្តាប់ធ្នាប់បានឬទេ ក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ ខណៈពេលដែលអធិបតេយ្យនៃរដ្ឋមួយ ដូចជាប្រទេសកម្ពុជាកំពុងត្រូវបានអាមេរិករំលោភបំពានយ៉ាងគឃ្លើនម្តងហើយម្តងទៀត ហើយដើរផ្ទុយពីគោលការណ៍គ្រឹះក្នុងប្រព័ន្ធច្បាប់អន្តរជាតិ ពិសេស រំលោភទាំងស្រុងទៅនឹងគោលការណ៍ដែលត្រូវបានចារិកក្នុងធម្មនុញ្ញនៃសហប្រជាជាតិហើយនោះ?

ប្រសិនបើ អាមេរិក ព្រោះតែដើម្បីរក្សាផលប្រយោជន៍ក្នុងភូមិសាស្រ្តនយោបាយរបស់ខ្លួន ហើយសម្រេចរំលោភបំពានអធិបតេយ្យរបស់កម្ពុជា តើចាំបាច់អ្វីត្រូវនិយាយអំពីប្រព័ន្ធច្បាប់អន្តរជាតិ និងបង្កើតឱ្យមានអង្គការសហប្រជាជាតិដូចម្តេច? នោះពិភពលោកប្រហែលនឹងត្រូវច្របូកច្របល់ដូចសម័យសង្គមប្រជាជាតិ ឬសម័យសង្រ្គាមពិភពលោកម្តងទៀតជាមិនខាន។

ជារួម កម្ពុជា ជារដ្ឋអធិបតេយ្យ ជារដ្ឋឯករាជ្យ ហើយរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ គឺជាច្បាប់កំពូលរបស់ប្រទេសកម្ពុជា។ ការស្នើច្បាប់ទាំងឡាយរបស់រដ្ឋដទៃ ដើម្បីចាប់បង្ខំឱ្យរដ្ឋដទៃទៀត ដូចជាកម្ពុជាអនុវត្ត គឺ ជាទង្វើរំលោភទាំងស្រុងទៅនឹងអធិបតេយ្យរបស់រដ្ឋមួយ ដែលជារដ្ឋឯករាជ្យ ហើយក៏ជាទង្វើផ្ទុយនឹងប្រព័ន្ធនីតិអន្តរជាតិ ក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ ប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវនយោបាយ អព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ហើយរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង