ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន ៖ ទឹក និង ប្រេង មិនអាចនៅជាមួយគ្នាបានឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 53
លិខិតមិត្តអ្នកអាន ៖ ទឹក និង ប្រេង មិនអាចនៅជាមួយគ្នាបានឡើយ លិខិតមិត្តអ្នកអាន ៖ ទឹក និង ប្រេង មិនអាចនៅជាមួយគ្នាបានឡើយ

បន្ទាប់ពីលោក កឹម សុខា ត្រូវបានក្រុមមេធាវីរបស់លោក ទៅសួរសុខទុក្ខនៅគេហដ្ឋាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រមទាំងមានការពិសារអាហារជុំគ្នាជាមួយក្រុមគ្រួសារលោក កឹម សុខា និងមានការថតរូបជាច្រើនសន្លឹកបង្ហោះលើបណ្តាញសង្គម Facebook ផងនោះ ស្រាប់តែភ្លាមៗនោះមានការវាយប្រហារ និងទិតៀនយ៉ាងចាស់ដៃ ពីសំណាក់ក្រុមលោក សម រង្ស៊ី និយម ជុំវិញសកម្មភាពនេះ។

ក្រុមកូនចៅដែលផ្កាប់មុខទៅ សម រង្ស៊ី និងជាពួក សម រង្ស៊ី និយមខ្លាំង បានកើតទុក្ខមិនសុខចិត្ត ដោយឃើញរូបភាពល្អៗដែលចេញពីគេហដ្ឋានរបស់លោក កឹម សុខា។ រូបភាពទាំងនោះគឺបង្ហាញពីភាពស្រស់ស្រាយ សុខភាពល្អ និងស្ថានភាពសុខសប្បាយ ក្នុងការរស់នៅក្នុងគេហដ្ឋាន។ ក្រុម សម រង្ស៊ី និយមបានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះក្រុមមេធាវីលោក កឹម សុខា ដែលពួកគេតែងកត់សម្គាល់ឃើញថា ក្រុមមេធាវីទាំងនោះតែងធ្វើការរិះគន់ និងវាយប្រហារទៅលើ លោក សម រង្ស៊ី កន្លងមក។ ដោយមិនរីយរាយ និងរូបភាពទាំងនេះ នាង ស៊ីន រូហ្ស៊ីត ដែលជាមនុស្សរបស់ សម រង្ស៊ី បានសរសេរលិខិតចំហមួយ ផ្ញើទៅលោក កឹម សុខា ដោយបញ្ជាក់ថា លោក កឹម សុខា ត្រូវតែដឹងរឿងដែលមេធាវីរបស់ខ្លួនចូលចិត្តបង្ហោះសារវាយប្រហារ និងរិះគន់លោកប្រធាន សម រង្ស៊ី ហើយសង្ឃឹមថាអ្វីដែលមេធាវីរបស់លោក កឹម សុខា ធ្វើកន្លងទៅនេះ មិនមែនលោក កឹម សុខា នៅពីក្រោយខ្នងទៅចុះ។ នាងបន្តថា បើនៅតែមានការវាយប្រហារលើលោកប្រធាន សម រង្ស៊ី ពីសំណាក់មេធាវីរបស់លោក កឹម សុខា ទៀត មានន័យថា បុគ្គលទាំងនោះមិនមែនជាអ្នកគោរពស្រលាញ់លោកប្រធានឡើយ តែជាអ្នកបម្រើឱ្យនយោបាយ និងមហិច្ឆតាគូប្រជែង។

ជាមួយគ្នានេះសកម្មជន របស់ សម រង្ស៊ី ម្នាក់ទៀត ក៏បានប្រតិកម្មនឹងរូបភាពបង្ហោះចេញពីគេហដ្ឋានលោក កឹម សុខា ដូចគ្នាដែរ។ ដោយបានលើកជាចម្ងល់ថា មេធាវីលោក កឹម សុខា ដែលក្នុងនោះមាន នាង ម៉េង សុភារី និងលោក ផាន់ ចាន់សាក់ ផង គឺជាមនុស្សដែលស្ថិតក្នុងបញ្ជី១១៨នាក់ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ តើហេតុអ្វីបានជាពួកគេមានសិទ្ធិចូលសួរសុខទុក្ខលោក កឹម សុខា បាន ដោយគ្មានការប្រតិកម្មពីអាជ្ញាធរ? ចម្ងល់នេះចង់សំដៅថា ក្រុមមេធាវីរបស់លោក កឹម សុខា អាចត្រូវបានបក្សកាន់អំណាចទិញក្បាលបាន ដោយស៊ីឈ្នួលបក្សកាន់អំណាចបង្ហាញឱ្យឃើញថា កឹម សុខា និង សម រង្ស៊ី មិនមែនជាមនុស្សតែមួយនោះទេ។ ក៏ប៉ុន្តែបើទោះបីក្រុម សម រង្ស៊ី ខិតខំប្រឹងប្រែងផ្សព្វផ្សាយឃោសនាបង្ហាញថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ យ៉ាងណាក៏ដោយ មិនអាចបិទបាំងបានឡើយ។ ដូចពាក្យចាស់ពោលថា «ដំរីងាប់ យកចង្អេរទៅបាំង» អញ្ចឹង។ តើឱ្យសកម្មជនធ្វើការជាមួយគ្នាម្តេចកើត បើសូម្បីតែ សម រង្ស៊ី ខ្លួនឯងក៏បានបរិហារ កឹម សុខា ជារឿយៗដែរហ្នឹងថា កឹម សុខា ជាប់គុកឥតប្រយោជន៍ ឥតន័យ ទាល់តែដូចខ្លួនរស់នៅបរទេសទើបអាចជួយបក្សខ្មោចបាន។

ជាការពិតកន្លងមក ការវាយប្រហារ រិះគន់ និងហែកហួរគ្នា រវាងក្រុម កឹម សុខា និយម និងក្រុម សម រង្ស៊ី និយម បានកើតមានជាបន្តបន្ទាប់ ជាពិសេសជម្លោះ និងការមិនចុះសម្រុងគ្នានេះ បានកើតឡើងតាំងពីពួកគេចាប់ផ្តើមចាប់ដៃគ្នាមកម្លេះ។ ប្រវត្តិដើមនៃការបង្កើតគ្រួសារសង្គ្រោះជាតិ គឺរងនូវការចោទប្រកាន់គ្នាទៅវិញទៅមកថា ក្រុមដែលមានសម្លេងតិចចង់ដណ្តើមអំណាច និងប្រជាប្រិយភាព ក៏ដូចជាផលចំនេញពីក្រុមដែលមានសម្លេងច្រើន។ សមរភូមិហែកហួរគ្នានេះ កើតឡើងមិនចេះចប់ មិនចេះហើយ។ ប៉ុន្តែចម្ងល់នៅត្រង់ថា តើអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិគួរបន្តសង្ឃឹមលើអ្វី ខណៈសញ្ញាបែកបាក់គណបក្សនេះមានតាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោមបែបនេះ?

ជាក់ស្តែងដោយសារសញ្ញាបែកបាក់វាច្បាស់ៗពេក ទើបធ្វើឱ្យគេពិបាកជឿណាស់ថា ពួកគេអាចផ្សះផ្សាគ្នាបាន។ តាមប្រភពផ្លូវការពីផ្ទៃក្នុងបក្សនេះបានឱ្យដឹងថា ការផ្សះផ្សាគឺលែងមានទៀតហើយ។ ការបែកបាក់ក្នុងកម្រិតកាន់តែធ្ងន់ធ្ងរទៅៗរវាងក្រុម កឹម សុខា និយម និងក្រុម សម រង្ស៊ី និយម ជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា មិនអាចផ្សះផ្សាបាននោះទេ៕