ខ្មែរប៉ុស្ដិ៍ Close

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នៅខេត្តសៀមរាប បានចប់ទៅដោយរលូន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 96

អនុលោមទៅតាមកាលវិភាគរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងកំឡុងពេលធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត គ្រប់គណបក្សនយោបាយបានធ្វើសកម្មភាពយ៉ាងសកម្មនៅតាមមូលដ្ឋានរបស់ខ្លួន។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឲ្យដឹងថា អ្វីៗបាននិងកំពុងប្រព្រឹត្តិទៅតាមប្រក្រតីទិន និងនិតិវិធីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់។ លោកក៏បានបង្ហាញនូវតួលេខបេក្ខជនឈរឈ្មោះ និងអង្គបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ក្នុងអាណត្ដិទី៣ឆ្នាំ២០១៩នេះ គឺខេត្តសៀមរាប មានការិយាល័យបោះឆ្នោតចំនួន ១២ កន្លែង នៅតាមបណ្តាក្រុង ស្រុកទាំង ១២ របស់ខេត្ត និង មានអង្គបោះឆ្នោតចំនួន ៦៦៨ នាក់ មានបេក្ខជនឈរឈ្មោះចំនួន១ពាន់៦៣៤នាក់ ក្នុងនោះស្រីចំនួន៥១៨នាក់ មកពីគណបក្សនយោបាយចំនួន០៦គណបក្ស រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច និងមានអ្នកសង្កេតការបោះឆ្នោតមានចំនួន៥៦នាក់ ក្នុងនោះមកពីគណបក្សនយោបាយចំនួន៤៤នាក់ និងមកពីសមាគមគ្រឹះស្ថានសិក្សាចំនួន១២នាក់ ។

លោកបានបញ្ជាក់ថា ក្នុងសកម្មភាពការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុកនេះ អង្គ បោះឆ្នោតទាំង ៦៦៨នាក់ បានអញ្ជើញទៅបោះឆ្នោតបានទាំង៦៦៨នាក់ ស្មើ១០០%។ លោកក៏បានឲ្យដឹងទៀតថា ក្នុងអង្គបោះឆ្នោតទាំង៦៦៨នាក់នេះ មួយចំនួនក៏មានជម្ងឺ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន ជួយសម្រួលនូវមធ្យោបាយដឹក ជញ្ជូនពួកគាត់បានអញ្ជើញមកបោះឆ្នោត ក្នុងនោះក៏មានប្រើប្រាស់នូវរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យស្រុកផងដែរ។

ក្នុងសកម្មភាពការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនេះ គឺមានសភាពស្ងប់ស្ងាត់ ពុំមានកើតនូវអំពើហិង្សាឡើយ។ ក្នុងឱកាសនោះក៏មានវត្តមាន លោក ទៀ សីហា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្ត បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារសន្តិសុខក្នុងខេត្ត ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់គ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោត ព្រមទាំងនៅគ្រប់មូលដ្ឋានក្រុង ស្រុក ក្នុងការបញ្ចៀសកុំឲ្យកើតមាននូវអំពើហិង្សា ការបង្កភាពអសន្តិសុខ ក្នុងពេលបោះឆ្នោត និងក្រោយការបោះឆ្នោតផងដែរ៕