រដ្ឋលេខាធិការពាណិជ្ជកម្ម ដឹកនាំមន្ត្រីចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិន ដែលប្រើប្រាស់ពាក្យពេចន៍មិនត្រឹមត្រូវ
(ព្រះសីហនុ)៖នាពេលថ្មីៗនេះដោយទទួលបានការណែនាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកប៉ានសូរស័ក្តិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកវ៉េងសុធីបានដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុសហការជាមួយអាជ្ញាធរមូលដ្ឋានចុះរុះរើស្លាកយីហោអាជីវកម្មជនជាតិចិន ចំនួនពីរទីតាំងដែលទី១គឺជាហាងលក់សម្លៀកបំពាក់ឈ្មោះថា«ក្មេងស្រីជនជាតិចិន» និងទី២គឺជាហាងលក់ម្ហូបឈ្មោះថា«តូបលក់សាច់កម្ពុជា»។
ការចុះទម្លាក់ស្លាកយីហោអាជីវកម្មខាងលើបន្ទាប់ពីបានពិនិត្យឃើញថាហាងទាំងពីរនេះបានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវដែលបានមកពីការបកប្រែភាសាអង់គ្លេសរបស់ជនជាតិចិនដែលជាម្ចាស់ហាងនិងពុំមានច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីមន្ទីរពាណិជ្ជកម្មខេត្តក៏ដូចជាច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
នៅក្នុងឱកាសនោះលោកវ៉េងសុធីបានធ្វើការណែនាំនិងពន្យល់ជនជាតិចិនម្ចាស់ហាងអំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មច្បាប់ស្តីពីពាណិជ្ជនាមព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្មឬក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោកវ៉េងសុធីបានគូសបញ្ជាក់ថា«យើងបានប្រាប់គាត់ឱ្យបំពេញលក្ខខណ្ឌបីចំនុចទី១ត្រូវប្រើប្រាស់ពាក្យពេចន៍ឱ្យបានត្រឹមត្រូវចំពោះស្លាកយីហោជាភាសាខ្មែរទី២ការលើកស្លាកយីហោត្រូវសុំការអនុញ្ញាតជាមុនពីក្រសួងឬមន្ទីរពាណិជ្ជកម្មនិងស្ថាប័នពាក់ព័ន្ធនិងទី៣ការដាក់ពាក្យសុំលើកស្លាកយីហោអាជីវកម្មត្រូវធ្វើតាមរយៈច្រកចេញចូលតែមួយរបស់សាលារាជធានីឬខេត្ត»។
ទន្ទឹមគ្នានោះដែរលោកក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញានិងច្បាប់ពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជាដើម្បីធានាដល់ការលូតលាស់នៃវិស័យឯកជនដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕